ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២៥ ខែតុលា នេះ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យផ្លូវទឹក និងស្ថានភាពទឹកនៅតាមសណ្តរស្ទឹងព្រែកត្នោត ដែលកំពុងយាយីពីជំនន់ទឹកភ្លៀង មកពីខេត្តកំពង់ស្ពឺ នៅភូមិសាស្ត្រ ខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល ។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អញ្ជើញចុះពិនិត្យការងារ ខាងលើបន្ទាប់ពីកម្ពស់ទឹក នៅទ្វារទឹកទំនប់ ៧មករា នាម៉ោង ៤ រសៀល ថ្ងៃនេះ មានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញ បានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ ហួសពីកម្ពស់ ដែលត្រូវប្រកាសឲ្យមានប្រុងប្រយ័ត្ន នៅកម្រិត ៧,០០ ម៉ែត្រ រួចមក ។

ក្រសួងធនធានទឹក និងឧតុនិយម កន្លងទៅនេះបានត្រៀមលក្ខណៈ និងបានអនុវត្តការងារអន្តរាគមន៍ ចាប់តាំងពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២១ មកម្ល៉េះ ដោយបានអនុវត្តការងាររួចមួយចំនួន រួមមាននៅផ្នែកខាងលើ បានស្តារបើកមុខទឹកស្ទឹងតូច ដែលជាផ្នែកមួយ ជួយរំដោះទឹកជំនន់ បានប្រមាណ ១០០ ម៉ែត្រត្រីគុណក្នុង១វិនាទី។ ផ្នែកខាងក្រោម បានប្រើគ្រឿងចក្រកាយបើកមុខទឹកប្រឡាយ ៩៤ ប្រឡាយ៩៦ និងស្តារព្រែកខ្សេវ ប្រវែង ២.៥០០ ម៉ែត្រ ចេញពីប្រឡាយ៩៤ និង ៩៦ ភ្ជាប់ទៅវាលបឹងរាន និងបឹងខាម៉ៅ តាមព្រែកហូរ ទម្លាក់ទៅទន្លេបាសាក់ ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានត្រៀមគ្រឿងចក្រធុនធ្ងន់ ចំនួន ៣៦ គ្រឿង, បាវខ្សាច់ធំ-តូច, សំណាញ់ថ្ម និងក្រុមការងារប្រចាំការ ចាំអន្តរាគមន៍ នៅតាមទំនប់ សណ្តរស្ទឹង ផងដែរ៕/V