​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ប្រធានាធិបតី​តួ​ក​គី​លោក​រេ​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្កាន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៥​តុលា​បាន​ដកចេញ​ការ​គំរាម​បណ្តេញ​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​​លោកខាងលិច​ចំនួន​១០ ជុំវិញ​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​សកម្មជន​ជាប់គុក​ម្នាក់ ដើម្បី​ទប់​កុំឱ្យ​មាន​លទ្ធភាព​វិបត្តិ​ការទូត​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​រយៈពេល​បី​ម៉ោង​នៅ​ទីក្រុង​អង់កា​រ៉ា​ថា “​យើង​ជឿ​ថា​ឯកអគ្គរដ្ឋទូត​ទាំងនេះ​ដែល​បាន​បំពេញ​ការប្តេជ្ញាចិត្ត​​របស់​ពួកគេ​ចំពោះ​មាត្រា ៤១ នៃ​អនុសញ្ញា​ទីក្រុង​វី​យែន ឥឡូវ​នេះ​នឹង​មាន​ការប្រុងប្រយ័ត្ន​បន្ថែម​ទៀត​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​”​។​

​ប្រេសិត​ទាំងនោះ រួម​ទាំង​តំណាង​មក​ពី​សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់ និង​បារាំង កាលពី​សប្តាហ៍​មុន​បាន​អំពាវនាវ​ឱ្យមាន​ការដោះលែង​អ្នក​សប្បុរសធម៌​ឈ្មោះ អូស្មាន់ កា​វ៉ា​ឡា​ដែល​បាន​ជាប់ពន្ធ​​នាគារ​តួ​ក​គី​រយៈពេល ៤ ឆ្នាំ​មកហើយ ដោយ​រង់ចាំ​ការកាត់ទោស​លើ​បទចោទប្រកាន់​ជាច្រើន ដែល​មនុស្ស​ភាគច្រើន​ចាត់ទុកថា “​គ្មាន​មូលដ្ឋាន​”​។​

​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ហូ​ឡង់ កាណាដា ដា​ណឺ​ម៉ាក ស៊ុយអែត ហ្វាំង​ឡ​ង់ ន័​រវេស និង​នូវែល​សេ​ឡង់ក៏​បាន​ចូលរួម​ការអំពាវនាវ​នេះដែរ​។​

​ខណៈ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​កំពុងដំណើរការ ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​អង់កា​រ៉ា​បាន​បង្ហោះ​សារ Twitter​ថា ខ្លួន​រក្សា​ការអនុលោម​តាម​មាត្រា ៤១​ដែល​ចែង​អំពី​ភារកិច្ច​​របស់​អ្នកការទូត​ក្នុង​ការគោរព​ច្បាប់​របស់​រដ្ឋ​ម្ចាស់ផ្ទះ​និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​។ ស្ថានទូត​ផ្សេងទៀត​បាន​បង្ហោះ​សារ​ដូចគ្នា​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ Anadolu បាន​បកស្រាយ​ថា នេះ​ជា “​ដកឃ្លា​ថយក្រោយ​”​។ ដោយ​ស្រង់​ប្រភព​ពី​ប្រធានាធិបតី ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​ថា ការវិវត្ត​នេះ​ត្រូវបាន​”​ទទួល​​បាន​ជា​វិជ្ជមាន​” ដោយ​លោក​អឺ​ដូ​ហ្កាន​៕

​បាតុករ​តួ​ក​គី​តវ៉ា​នៅមុខ​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​អង់កា​រ៉ា​ដើម្បី​បង្ហាញ​ការគាំទ្រ​ដល់​លោក​អឺ​ដូ​ហ្គាន