​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ នៅក្នុង​ការព្រមាន​ដ៏​មុតមាំ​មួយ​នៅ​មុន​កិច្ចប្រជុំ​កំពូល COP26 ស្តី​ពី​ការឡើង​កម្តៅ​ផែនដី អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​បាន​និយាយ​កាល​​ពី​ថ្ងៃ​ចន្ទ​ទី​២៥​តុលា​ថា​ការ​ពូនផ្តុំ​ឧស្ម័ន​ផ្ទះក​ញ្ចក់​នៅ​ក្នុង​បរិយា​កាស​បាន​ឈាន​ដល់​កម្រិត​ឯតទគ្គ​កម្ម​កាលពី​ឆ្នាំមុន​។​

​អង្គការ​ឧតុនិយម​ពិភពលោក​របស់​អ​.​ស​.​ប (WMO)​បាន​និយាយថា​ការបន្ត​កើនឡើង​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​បណ្តាល​ឱ្យ​មាន​ស្ថានភាព​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ​និង​ផល​​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​លើ​បរិស្ថាន សេដ្ឋកិច្ច​និង​មនុស្សជាតិ​។​

WMO បាន​និយាយថា ការធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវី​ដ​១៩ បាន​បង្ក​ឱ្យ​មាន​ការថយចុះ​ជា​បណ្តោះអាសន្ន​នៃ​ការបំភាយ​ឧស្ម័ន​ថ្មី​ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​លើ​ក​ម្រិត​​ឧស្ម័ន​ផ្ទះ​កញ្ចក់​និង​អត្រាកំណើន​របស់​វា​ក្នុង​បរិយាកាស​នោះទេ​។​

​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តីពី​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​អង្គការ​នេះ​បាន​និយាយថា អត្រា​នៃ​ការកើនឡើង​ឧស្ម័ន​ប្រចាំ​ឆ្នាំ​កាល​ពី​ឆ្នាំ​មុន​គឺ​ខ្ពស់ជាង​មធ្យមភាគ​ប្រចាំ​ឆ្នាំ​រវាង​ឆ្នាំ ២០១១ និង ២០២០​ហើយ​​និន្នាការ​នេះ​បាន​បន្ត​នៅ​ឆ្នាំ ២០២១​។​

WMO បាន​និយាយថា ដរាបណា​ការបំភាយ​ឧស្ម័ន​នៅ​តែ​បន្ត សីតុណ្ហភាព​ពិភពលោក​នឹង​បន្ត​កើនឡើង​។​ហើយ​ដោយសារតែ​អាយុកាល​វែង​នៃ​កាបូន​ឌីអុកស៊ីត​(CO2)​កម្រិត​សីតុណ្ហភាព​​ដែល​បាន​សង្កេតឃើញ​រួច​ហើយ​នេះ​នឹង​នៅតែ​បន្ត​មាន​រយៈពេល​ជាច្រើន​ទសវត្សរ៍ បើទោះបីជា​ការបំភាយ​ឧស្ម័ន​ត្រូវបាន​កាត់បន្ថយ​ឱ្យ​ដល់​សូន្យ​យ៉ាង​ឆាប់រហ័ស​ក៏ដោយ​។​

​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អ​.​ស​.​ប COP26 នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ក្លាស​ហ្គោប្រទេស​ស្កុត​ឡែន​ចាប់ពី​ថ្ងៃទី ៣១ ខែតុលា​ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា​៕

​ការបន្ត​កើនឡើង​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នឹង​បណ្តាលឱ្យមាន​អាកាសធាតុ​កាន់តែ​ធ្ងន់ធ្ងរ​និង​ផល​ប៉ះពាល់​យ៉ាង​ទូលំទូលាយ​លើ​បរិស្ថាន សេដ្ឋកិច្ច និង​មនុស្សជាតិ