ដោយៈ សុផល / សៀមរាប​៖ ក្រោយពី​ការស្ថាបនា អស់​រយៈពេល​ជាង ១១ ខែ គិត​មកដល់ ត្រឹម​ថ្ងៃទី​១៥ ខែតុលា ការស្ថាបនា​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៣,៨៧% ហើយ ដែល​លឿន​ជាង​គម្រោង ២%​។ គម្រោង​សាងសង់​នេះ គ្រោង​នឹង​បញ្ចប់ នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២១ នេះ​។​

​សូមជម្រាបថា​៖ គម្រោង​សាងសង់​ផ្លូវ​ចំនួន ៣៨ ខ្សែ​នេះ មាន​គោលដៅ​ប្រែក្លាយ ក្រុង​សៀមរាប ខេត្តសៀមរាប ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ទំនើប ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការ រស់នៅ ឱ្យ​សក្តិ​សមជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ និង​ប្រវត្តិសាស្ត្រ អាច​ទាក់ទាញ​ភ្ញៀវទេសចរ បាន​កាន់តែច្រើន សំដៅ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ធ្វើឱ្យ ប្រសើរឡើង និង​ត​ភ្ជាប់​ពី​ទីប្រជុំជន ក្រុង​សៀមរាប ទៅកាន់​តំបន់​ដាច់ស្រយាល ផងដែរ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន ប្រចាំការ នៃ​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​អញ្ជើញ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស ចុះ​ពិនិត្យ វឌ្ឍនភាព គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ​នេះ ដោយមាន​ការចូលរួម ពី​សំណាក់ ថ្នាក់ដឹកនាំ ក្រសួង អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​គុណភាព​ផ្លូវ ការងារ​អ៊ុត​កៅស៊ូ (AC) ស្របតាម​លក្ខណៈ​បច្ចេកទេស ដែល​នឹងធ្វើ​ឱ្យឃើញ​យ៉ាងច្បាស់ នូវ​មុខមាត់​ថ្មី នៃ​ក្រុង​មួយ​នេះ ព្រមទាំង​ការតភ្ជាប់​ប្រព័ន្ធ លូ​ចាស់​-​ថ្មី ដើម្បី សម្រួល​កុំឱ្យ​លិច​ទឹក និង​អាចឱ្យ​បងប្អូន ប្រជាពលរដ្ឋ អាច​អាស្រ័យ​ប្រើប្រាស់​បាន​។ ការចុះពិនិត្យ​នេះ ក៏​ក្នុង​គោលបំណង ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​ការងារ​រួម និង​ផ្តល់​គោលការណ៍ ដោះស្រាយ​នូវ បញ្ហា​ប្រឈម​នានា ជំ​រុញឱ្យ​អង្គភាព​សាងសង់ អនុវត្តតាម​លក្ខណៈ​បច្ចេកទេស សៀវភៅ​បន្ទុក ឱ្យបាន​ត្រឹមត្រូវ និង​ស្តង់ដារ ដែល​អាច​ទទួលយកបាន ពោលគឺ ធ្វើ​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ អាច​ប្រើប្រាស់​ជាប់ បានយូរ​អង្វែង និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ វឌ្ឍនភាព​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១​ខែ សម្រេចបាន ៨៣,៨៧% នៃ​ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​)​។ គម្រោង​នេះ គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុង ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនេះ​។​

​គួរ​រម្លឹក​ផងដែរ​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន ៣៨ ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ សរុប​ប្រមាណ​ជាង ១៤៩.២១៦.៥៩៥ ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ចំនួន ៩ លាន​ដុល្លារ​អាមេរិក ចំណាយ​លើ​ការងារ ចាំបាច់ ក្នុងការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់ ខ្សែ​ផ្លូវ​ទាំង ៣៨ នេះ ចំណាយពេល​សាងសង់ ចំនួន ១៣ ខែ គ្រោង​នឹង​បញ្ចប់ នៅ​ចុងឆ្នាំ​២០២១ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គម្រោង​នេះ អនុវត្ត​ដោយ​អង្គភាព​សាងសង់ ចំនួន ៨ រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨ ស្ពាន​-​ថ្នល់ នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន ខេត្តសៀមរាប និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមការងារ អន្តរក្រសួង ចំនួន ៩ ក្រុម ដើម្បី​ធានា បាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បានយូរ​អង្វែង តាម​អាយុកាល​មាន និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ ពេលវេលា​។​

​ការសាងសង់​ត្រូវបាន​បែងចែក ជា​បួន​ប្រភេទ រួមមាន​៖ ១) ផ្លូវ​ជួសជុល​ដោយ​អ៊ុត​បេតុង​កៅស៊ូ (AC) បន្ថែម​ពីលើ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែង​សរុប ៣១,៧៧០ គីឡូម៉ែត្រ ២) ផ្លូវ​ស្ថាបនា​ដោយ ក្រាល​បេតុង សរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ រួច​អ៊ុត​ក្រាល​បេតុង​កៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវ​ជួសជុល ដោយ​ក្រាល​ថ្ម​ម៉ិច រួច​អ៊ុត​បេតុង​កៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែង​សរុប ១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវ​ស្ថាបនា​ដោយ​ក្រាល​បេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែង​សរុប ៥០,៨៦២ គីឡូម៉ែត្រ និង​ការរៀបចំ​ចិញ្ចើមផ្លូវ EN-០៣ ប្រវែង ២,១៩០ គីឡូម៉ែត្រ ផងដែរ​។​ដោយឡែក ការងារ​សាងសង់​ប្រព័ន្ធ បណ្ដាញ​បង្ហូរទឹក មាន​ប្រវែង​សរុប ២៤៨,៧២៤ គីឡូម៉ែត្រ ការងារ​សាងសង់​ប្រព័ន្ធ​បណ្ដាញ​លូទឹក​ភ្លៀង ប្រវែង​សរុប ១៤៧,០០៥ គីឡូម៉ែត្រ និង​ការងារ​សាងសង់​ប្រព័ន្ធ បណ្ដាញ​លូទឹកកខ្វក់ មាន​ប្រវែង ១០១,៧១៩ គីឡូម៉ែត្រ និង​ការងារ ដំឡើង​បរិក្ខារ​ផ្លូវថ្នល់ រួមមានៈ ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ ការងារ​ដំឡើង​ភ្លើង សញ្ញា​ចរាចរណ៍ ការងារ​ដាំ​ដើមឈើ លើ​ខ្សែ​ផ្លូវ ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ទាំង ៣៨ ខ្សែ​។​

​ការងារ​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ បាន​ប្រឈម​នឹង ការ​រាំ​ស្ទះ​ដោយសា​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​កម្មករ ក៏​ដូច​អ្នកអនុវត្ត​មាន​លំបាក ក្នុង​ការងារ​ប្រតិបត្តិការ ទន្ទឹមនឹងនេះ ពេលវេលា សម្រាប់​ការសាងសង់ មាន​រយៈពេល​ខ្លី ក្រុមការងារ​ត្រូវ​ពុះពារ​ធ្វើ​ការងារ ទាំង​ក្នុង​រដូវវស្សា ភ្លៀង​ធ្លាក់ មានការ​លំបាក ក្នុង​ការងារ​សាងសង​។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយមាន​ការតាំង​ចិត្ត ខ្ពស់ ពី​ក្រុមការងារ​ជំនាញ និង​ការជំរុញ​យកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ ផ្លូវ​ទាំង ៣៨ ខ្សែ កំពុង​ត្រូវបាន​បន្ត​ការស្ថាបនា សម្រេចបាន​លឿន ជាង​ផែនការ​កំណត់​បន្តិច និង​សង្ឃឹមថា ក្រុង​សៀមរាប នឹងត្រូវ​បាន​ប្តូរ​មុខមាត់​ថ្មី នៅក្នុង​ចុងឆ្នាំ​នេះ ជាមួយ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ល្អ​ប្រណិត សក្តិសម​ជាទី​ក្រុង​ទេសច​រាច​ណ៍ វប្បធម៌​របស់​កម្ពុជា​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកជំនាញ​បច្ចេកទេស និង​ថ្នាក់ដឹកនាំ នាឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ខណៈពេលដែល​ក្រសួង មាន​សម្ភារៈ ត្រួតពិនិត្យ​បច្ចេកទេស​បច្ចេក វិទ្យា​ទំនើប​មួយចំនួន ហើយ​នោះ ក្រសួង​ក៏បាន​បញ្ជា​ទិញ សម្ភារៈ​ត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រើ​ប្រាស់ ដើម្បី​ធានាថា ផ្លូវ​ទាំង ៣៨ ខ្សែ ត្រូវបាន​សាងសង់ ស្របតាម​លក្ខណៈ បច្ចេកទេស ជាប់​គង់វង្ស​យូរអង្វែង​៕/V​