ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី ៣៩ តាម​ប្រព័ន្ធ​វីដេអូ នឹងមាន​កិច្ចប្រជុំ​ចំនួន​១១ ដែល​ត្រូវ​ប្រើពេល​៣​ថ្ងៃ​គឺ​ពីថ្ងៃ​២៦​ដល់ ថ្ងៃ​២៨ ខែតុលា​ឆ្នាំ​២០២១​។

​អញ្ជើញ​អម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​រួមមាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​,​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​,​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ម​ន្រី្ត​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាមួយ​ចំនួន​ផង ដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​ដូចខាងក្រោម​៖

​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៨ និង​លើក​ទី​៣៩
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២២
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៩
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២៤
​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-​អូស្ដ្រាលី លើក​ទី​១
​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២៤
​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៦
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា លើក​ទី​១៨ និង​
​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៤ ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ ៣០​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​រុស្ស៊ី​។​

​នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ​២០២១ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ធ្វើ​បទ​អន្តរាគមន៍​ផងដែរ​នៅក្នុង​ពិធី​បិទ​ក្រោយពី​ព្រុយ​ណេ​ប្រគល់​តំណែង​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២ ជូន​ព្រះរាជាណាចក្រ​កម្ពុជា​៕