ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ លោក​អនុ​ប្រធានភូមិ​ម្នាក់ ត្រូវបាន​រថយន្ត មិន​ស្គាល់​ម៉ាក មួយគ្រឿង បុក​ពេញទំហឹង បណ្ដាលឱ្យ​របួសធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​ខេត្ត បន្ទាប់ពី​លោក​អនុប្រធាន​ភូមិ រូបនេះ កំពុង​ជួយ​សម្រួល​សណ្តាប់ធ្នាប់ ពេល​មាន​គ្រោះថ្នាក់ ចរាចរណ៍ រវាង​ម៉ូតូ​និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក កាលពី​វេលា​ម៉ោង​ជិត ៦ ល្ងាច ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​រោទ៍ ឃុំ​ញ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង នៅលើ​ផ្លូវជាតិ​លេខ ៣១៤D ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ១៣-១៤​។​

​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់​រោទ៍ បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ ចាន់ សុខ ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ រស់នៅ​ភូមិ​រោទ៍ ឃុំ ញ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច បាន​បន្តថាៈ នៅ​មុនពេល​កើតហេតុ លោក​អនុ​ប្រធានភូមិ​រូបនោះ បាន​ទៅ​ជួយ​សម្រួល ចរាចរណ៍ នៅ​កន្លែងកើតហេតុ ដែល​ម៉ូតូ​បុក​នឹង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក ស្រាប់​តែមាន​រថយន្ត ១​គ្រឿង បើកបរ​ពី​ទិស​ខាងត្បូង ដោយ​ល្បឿន​លឿន បានមក​បុក​លោក​អនុប្រធាន​ភូមិ ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ នៅពេល​សមត្ថកិច្ច និង​សាច់ញាតិ បញ្ជូន​ទៅដល់ មន្ទីរពេទ្យ​ខេត្ត ។ រីឯ​រថយន្ត​បង្ក ក៏​បើក​រត់គេច​ចេញពី​កន្លែងកើតហេតុ បាត់ស្រមោល​ទៅ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ​ដោយសារ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ឡៃ គោ បាន​ឈប់​ចត​ម៉ូតូ នៅ​ប្រប​ចិញ្ចើមថ្នល់ គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ និង​រថយន្ត​បង្ក ប្រើប្រាស់​ល្បឿន​លឿន ហើយ​លោក អនុប្រធាន​ភូមិ​រូបនេះ បាន​ជួយ​សម្រួល​សណ្តាប់ធ្នាប់ ចរាចរណ៍​៕/V