ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ស្ត្រី​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន តាម​អំណាចតុលាការ ហើយ​ត្រូវបាន ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន កាលពី​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​។​

​ស្ត្រី​ម្នាក់នេះ ឈ្មោះ សុខ វណ្ណ​ធី បន្ទាប់ពី​រង​បណ្តឹង របស់​ដៃគូ រកស៊ី​របស់ខ្លួន រឿង​មិន​ទទួលខុសត្រូវ លើ​ប្រាក់​វិនិយោគ រួមគ្នា​។​

​តាម​ប្រភពព័ត៌មាន បានអោយដឹងថា ស្ត្រី​ឈ្មោះ សុខ វណ្ណ​ធី នេះ បាន​ស៊ីដាច់​លុយ ដៃគូ​វិនិយោគ​រួមគ្នា ហើយ​ត្រូវ​ដៃគូ ប្តឹង​ទាមទារ​ប្រាក់​វិនិយោគ​មកវិញ តែ​ឈ្មោះ សុខ វណ្ណ​ធី បាន​ព្យាយាម​គេចវេស ដោយ​មិនបាន​បង់ប្រាក់​វិនិយោគ ទៅ​ដៃគូ​របស់ខ្លួន​វិញ​នោះឡើយ​។​

​ក្រោយ​ជួប​បញ្ហា​នេះ ដៃគូ​វិនិយោគ បានដាក់​ពាក្យបណ្តឹង ទៅកាន់​សាលាដំបូង រាជធានី​ភ្នំពេញ​។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​ស្ត្រី​រូបនេះ ជាច្រើន​សារ ឱ្យចូល​ដោះស្រាយ​បញ្ហា​នេះ​។ តែ​ស្ត្រី​រូបនេះ មិន​ព្រម​ចូល​ដោះស្រាយ ទើប​ឈានដល់​តុលាការ ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច ចាប់ខ្លួន​តែម្តង​។​

​ស្ត្រី​រូបនេះ ត្រូវបាន​កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ ឃាត់ខ្លួន នៅ​ថ្ងៃទី​២៤ ខែតុលា ហើយ​ត្រូវបាន តុលាការ​សម្រេច​ឱ្យ​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១៕/V​