ដោយ​: សុខុម / ស្ទឹងត្រែង​: សមត្ថកិច្ច នៅ​មិនទាន់​ឃាត់ខ្លួន​បាន ក្រុមក្មេងស្ទាវ ដែល​ដេញ​កាប់ គេឯង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ តាម​ទីសាធារណៈ ក្នុង​ក្រុង​ស្ទឹងត្រែង បាន​នៅឡើយ​ទេ មកទល់នឹង​ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១​។​

​កាលពី​យប់ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ មាន​ក្មេងស្ទាវ​ច្រើន​នាក់ មាន​ទាំង​កាំបិត ដាវ ជិះ​ម៉ូតូ ឈប់​ដេញ​កាប់ អ្នក​កំពុង​អង្គុយ​ទទួលទាន​សាច់គោ​អាំង ពង​ទា​កូន នៅ​ចំណុច​មាត់​ទន្លេសេកុង អតីត​សណ្ឋាគារ​សេកុង សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង​។ ហេតុការណ៍​នោះ បណ្ដាលឱ្យ​យុវជន ម្នាក់ រងរបួស ដោយសារតែ​ជនដៃដល់ ដេញ​កាប់ ហើយ​កំពុង​សម្រាក​ព្យាបាល រួមទាំង​ម៉ូតូ​ចំនួន ២ គ្រឿង រង​ការខូចខាត ផងដែរ​។ ករណីនេះ ទំនង​ជាមាន​គំនុំ​នឹង​គ្នា បានជា​ដេញ​កាប់​គ្នា​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព រំលង​បាន​មួយ​យប់ ក្រុម​ទាំងនោះ ក៏បាន​កាប់បំផ្លាញ​ទូល​ក់​ភេសជ្ជៈ ចំនួន ២ កន្លែង ជាប់​គ្នា នៅ​ទីតាំង​កើតហេតុ​ខាងលើ ដែល​ទូទាំង​នោះ ត្រូវបាន​គេ​ចាក់សោ​ទុក នៅពេល​យប់ បណ្ដាល​ឲ្យ​បែក​កញ្ចក់ ធ្លុះ​ដំបូល ជាច្រើន​កន្លែង ។​

​អ្នកលក់ដូរ បាន​ប្រាប់ថាៈ ពួកគាត់​មានការ​ភ័យខ្លាច ពេល​លក់ដូរ យប់​អធ្រាត្រ ក្រោយពី​ក្រុម ក្មេងស្ទាវ ជិះ​ម៉ូតូ​ទៅ​កាប់បំផ្លាញ​ទូ របស់គាត់ ដោយ​ក្នុង​មួយ​ទូ តម្លៃ​ជិត ១ ពាន់​ដុល្លារ បណ្ដាលឱ្យ ខូចខាត យ៉ាងដំណំ​។​

​សកម្មភាព​នោះ កាន់តែ​បារម្ភ​ថា នៅ​ថ្ងៃ​ណាមួយ អាច​នឹង​ប៉ះពាល់​ដល់ទី​តាំង​ផ្សេងទៀត ឬក៏​របួសស្នាម នាំឱ្យ​បាត់បង់​ជីវិត ដោយសារតែ​ក្រុមក្មេងស្ទាវ អុកឡុក នៅពេល​យប់ បង្កជម្លោះ​ដេញ​កាប់​គ្នា ស្ទើរ​រាល់​យប់​។​

​អ្នកលក់ដូរ មាន​ទីតាំង​ផ្សេងទៀត នៅក្នុង​ក្រុង​ស្ទឹងត្រែង បានលើកឡើង​ថាៈ នៅពេល​យប់ ក្រុមក្មេងស្ទាវ តែងតែ​ជិះ​ម៉ូតូ ដាក់​ដាវ​អូស​បែក​ផ្កាភ្លើង លើផ្លូវ​បេតុង តាម​ទីសាធារណៈ គួរ​ឲ្យ​ភ័យខ្លាច​។ សកម្មភាព​នេះ ស្នើសុំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ បង្កើន​ការទប់ស្កាត់ ពី​សុវត្ថិភាព ចាប់ខ្លួន​ក្រុម​ទាំងនោះ យកមក​ផ្ដន្ទាទោស តាមច្បាប់​។​

​សមត្ថកិច្ច​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹង នៅ​រសៀល​ថ្ងៃទី ២៥ ខែតុលា​ថាៈ សមត្ថកិច្ច​កំពុងមាន​វិធានការ កំណត់​មុខសញ្ញា ដើម្បី​ចាប់ខ្លួន ក្រុម​ទាំងនោះ យកមក​ផ្ដន្ទាទោស​។ តែ​សមត្ថកិច្ច ពុំទាន់​ចាប់ខ្លួនបាន​នៅឡើយ ដោយសារ​ជន​រង គ្រោះ មិនបាន​ប្ដឹង និង​មិនមាន​អ្នក​ស្គាល់​អត្តសញ្ញាណ បង្ហាញ​តម្រុយ​ជន​ប្រព្រឹត្ត មក​ខាង សមត្ថកិច្ច​៕/V​