ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ តាម​ការកំណត់​លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ និង​លោក YEO Han-Koo រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ​បាន​ហត្ថលេខា​ជា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ (CKFTA) ហើយ​គ្រោង​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០២២​ខាងមុខ គឺ​រយៈពេល ៦០​ថ្ងៃ បន្ទាប់ពី​ភាគី​ទាំងពីរ​បញ្ចប់​នីតិវិធី​ផ្ទៃក្នុង​រៀងៗ​ខ្លួន​។

លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម នៅក្រោយ​ចប់​ពិធី​ចុះហត្ថលេខា​នេះ​បាន​ឲ្យ​ដឹងថា ការចរចា​កិច្ចព្រមព្រៀង​នេះ ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជាក្នុងឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក មូន ចេអ៊ីន (MOON Jae-In) ប្រធានាធិបតី​​សាធារណរដ្ឋ​កូរ៉េ មកកាន់​ប្រទេស​កម្ពុជា កាលពី​ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ សំដៅ​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។

លោក​បាន​បន្តថា កិច្ចព្រមព្រៀង​នេះ​មាន​ចំនួន ១០​ជំពូក និង ១៣១​មាត្រា រួមទាំង​បុព្វកថា និង​ឧបសម្ព័ន្ធ​ចំនួន​៩ ដែល​គ្របដណ្តប់​លើ​ពាណិជ្ជកម្ម​ទំនិញ រួមមាន៖ ស្តង់ដារ បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​នីតិវិធី​វាយ​តម្លៃភាព​អនុលោម វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ និង​គ្របដណ្តប់​ផងដែរ​លើ ឧបាស្រ័យ​ពាណិជ្ជកម្ម វិធាន​ដើមកំណើត នីតិវិធី​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច តម្លាភាព យន្តការ​ដោះស្រាយ​វិវាទ អញ្ញត្រកម្ម ការរៀបចំ​ស្ថាប័ន និង​អវសាន​ប្បញ្ញត្តិ​។​

លោក​បន្តថា លើសពីនេះ​ទៀត កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​កំណើន​នៃ​ការនាំចេញ កំណើន​ផលទុន​សរុប​ក្នុងស្រុក និង​កំណើន​ឱកាស​ការងារ ព្រមទាំង​ជួយ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច របស់​ប្រទេស​ទាំង​ពីរបាន​ឆាប់រហ័ស ដែល​ទទួលរង​ផលប៉ះពាល់​ជំងឺ​កូ​វីដ​១៩ ដោយ​នឹង​ពង្រីក​បន្ថែម​ការធ្វើ​សេរីភាវូបនីយកម្ម​ទីផ្សារ បន្ថែម​ពីលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កូរ៉េ (AKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)​។ ជាពិសេស កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​សាធារណរដ្ឋ​កូរ៉េ​បន្ថែមទៀត ដូចជា ផលិតផល​សម្លៀកបំពាក់ និង​វាយ​ន​ភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍​អេឡិចត្រូនិក កៅស៊ូ និង​ផលិតផល​កសិកម្ម ជាដើម​។

គួររម្លឹកថា មុននឹង​ឈានដល់​មាន​កិច្ចព្រមព្រៀង​ខាងលើ អ្នកជំនាញ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់ គឺ​មានតែ​ផលចំណេញ​គ្មាន​ការខាតបង់​ឡើង​សម្រាប់​កម្ពុជា​។ កិច្ចព្រមព្រៀង​នេះដែរ នឹង​ជំរុញ​ឲ្យ​កម្ពុជា​អាច​នាំចេញ​នូវ​ផលិតផល​ជាច្រើន​ទៀត​ទៅកាន់​កូរ៉េ​មាន ដូចជា​៖​សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និ​ច កៅស៊ូ និង​ផលិតផល​កសិកម្ម​ជាដើម រីឯ​ការនាំ​ចូល​ពី​កូរ៉េ​មកវិញ​មាន យានយន្ត គ្រឿង​អេឡិចត្រូនិក ឱសថ និង​គ្រឿងសំអាង​ជាដើម​។

 

សូមបញ្ជាក់​ទៀតថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​កូរ៉េ មាន​គោលបំណង​ពង្រឹង​ភាព ជា​ដៃគូ​សេដ្ឋកិច្ច និង​ពង្រីក​ការធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​ទ្វេភាគី ឲ្យ​កាន់តែ​ទំ​លំ​ទូលាយ ដោយ​ផ្ដល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្កើន​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សុខមាលភាព​ប្រជាជន និង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​។

​គិត​ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២១​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​កូរ៉េ សម្រេចបាន​ចំនួន​ប្រមាណ​ជាង​៥១៤​លាន​ដុល្លារ កើន​ឡើងជាង​១១​ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០​។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​កូរ៉េ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១២៩​លាន​ដុល្លារ មានដូចជា​៖​សម្លៀកបំពាក់ គ្រឿង​អេ​ឡិ​ក​ត្រូ​និក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និង​ក្រដាសកាតុង​…​។ ដោយឡែកការនាំ​ចូល​ពី​កូរ៉េ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៣៨៥​លាន​ដុល្លារ​មានដូចជា​៖ គ្រឿងសំអាង សម្លៀកបំពាក់ គ្រឿង​អេ​ឡិ​ក​ត្រូ​និក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ និង​ក្រដាសកាតុង ជាដើម​៕សរន​