ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​អភិបាល​រាជធានី​ភ្នំពេញ កាលពី​រំលងអធ្រាត្រ ថ្ងៃទី​២៥ ខែតុលា បានចេញ​អន្តរាគមន៍ ទប់ស្កាត់​ការ​លេច​ធ្លាយ​ទឹក នៅតាម​ទំនប់​ការពារ​ទឹកជំនន់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ ការលិចលង់ ដោយ​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​រហូតមកដល់​ព្រឹក ថ្ងៃទី​២៦ ខែតុលា នៅតែ​បន្ត​កើនឡើង នៅលើ​ទំនប់​ទ្វារ​ទឹក ៧​មករា (​កំពង់ទួល​)​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង និង គ្រឿងចក្រ ចេញ​អន្តរាគមន៍ ទាំង​កណ្តាលអធ្រាត្រ​នេះ បន្ទាប់ពី​មានទឹក​ធ្លាយ នៅ​ទ្វារ​ទឹក​មួយ នៃ​ទំនប់​៧​មករា បាន​ជន់​ឡើង​ហៀរហូរ លើផ្លូវ​មួយចំនួន ផ្នែក​ខាងក្រោម​ទ្វារ​ទឹក ក្នុងភូមិ​សាស្ត្រ រាជធានី​រួចមក​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​២៦ ខែតុលា​ថាៈ ទ្វារ​ទឹក​រលាំង​ជ្រៃ នៅ​បន្ត​បើក​ទាំង ៥ ទ្វារ ដោយ ២ ទ្វារ កម្ពស់ ២,៥ ម៉ែត្រ (​ទ្វារ​នីមួយៗ​) ២ ទ្វារ កម្ពស់ ៣ ម៉ែត្រ (​ទ្វារ​នីមួយៗ​) និង ១ ទ្វារ កម្ពស់ ៤ ម៉ែត្រ​។​

​នៅ​រលាំង​ជ្រៃ ថ្ងៃទី​២៦ ខែតុលា នេះ ទឹក​មាន​កម្ពស់ ៧,៨៥ ម៉ែត្រ ទាប់​ជាង​ថ្ងៃទី​២៥ ខែតុលា ០,០១ ម៉ែត្រ​។ នៅ​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៧,០៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ តុលា ០,៥៥ ម៉ែត្រ​។ នៅ​អាងទឹក​តា​សាល ទឹក​មាន​កម្ពស់ ១៩,៧៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ តុលា ០,២៥ ម៉ែត្រ​។ នៅ​ទំនប់​៧​មករា ទឹក​មាន​កម្ពស់ ៩,២៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៥ ខែតុលា ០,៣៥ ម៉ែត្រ (​ក្រោយ​ទ្វារ​ទឹក​) កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន នៅ​ទំនប់​៧​មករា ៧ ម៉ែត្រ បានន័យថា ទឹកបាន​ឡើង ហួស ពី​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន រហូត​ជាង ២ ម៉ែត្រ​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា នេះ នេះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៦ ខែតុលា​ថាៈ ទឹកស្ទឹង​ព្រែក​ត្នោត​នៅ​ភាគ​ខាងលើ​ក្នុង ខេត្តកំពង់ស្ពឺ បាន​ស្រក​ចុះ ថែម​បន្តិច​ទៀតហើយ តែ​នៅ​ភាគ​ខាងក្រោម ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ទឹក​នៅ​បន្ត​កើនឡើង ខណៈពេល​បាតុភូត នៅក្នុង​សមុទ្រ ចិន​ខាងត្បូង រំកិល​មកកាន់​តែ​កៀក​ឆ្នេរ របស់​ប្រទេស​វៀតណាម ភាគខាងត្បូង ហើយ​បន្តដំណើរ មករក ប្រទេស​កម្ពុជា ក្នុង​កម្រិត​ជា​សម្ពាធ​ទាប ដោយ​នៅតែមាន​សញ្ញាណ​ភ្លៀង ធ្លាក់​ច្រើន ដល់​ភាគខាងត្បូង របស់​ប្រទេស​កម្ពុជា ពិសេស​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ស្ទឹង​ព្រែក​ត្នោត ដែល​កំពុង​កើតមាន ជំនន់​ស្រាប់​នេះ​៕/V​