ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: សារធាតុ​ញៀន​ជាង ១ គីឡូក្រាម ត្រូវ​សមត្ថកិច្ច​រឹបអូស​បាន ក្រោយ​ប្រតិបត្តិ​ការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ ក្នុងស្រុក​គាស់ក្រឡ ។​

​លោក​វរសេនីយ៍ឯក ប៉ាង ហៀ​ង អធិការនគរបាល ស្រុក​គាស់ក្រឡ បានអោយដឹងថា​÷ កិច្ចប្រតិបត្តិការ បង្ក្រាប​នេះ ធ្វើឡើង​នៅវេលា​ម៉ោង ៤:៤០ នាទី រសៀល ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ នៅត្រង់​ម្តុំ​អណ្តូង​កន្ទួត ក្នុងភូមិ​គោក​រកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង រវាង​កម្លាំង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល ស្រុក​គាស់ក្រឡ​។​

​លោក​អធិការ បាន​ប្រាប់​បន្តថា​÷ ការងារ​បង្ក្រាប​បទល្មើស ជាក់ស្ដែង​ខាងលើ សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ១ នាក់ មានឈ្មោះ រស់ សុ​ខី ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ជំនីក ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។ វត្ថុតាង​ដែល​រឹបអូស​យកបាន រួមមាន​÷ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក ១ ថង់ ទម្ងន់ ១.០៣៦,៧៣ ក្រាម​, ទូរស័ព្ទដៃ​ចាស់ ១ គ្រឿង និង​រថយន្ត ១ គ្រឿង ម៉ាក TOYOTA CAMRY សេរី​ឆ្នាំ ២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ ២Q-៩៨៤២​។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវ​នគរបាល​ស្រុក​គាស់ក្រឡ បញ្ជូន​មកកាន់​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ តាមផ្លូវ​ច្បាប់​៕/V​