ដោយៈ សុផល / សៀមរាបៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា លើ​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ចំនួន ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប ប្រធាន គណៈកម្មការ​ខេត្ត អង្គភាព​សាងសង់ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស មន្ត្រី​ជំនាញ​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង ស្ដាប់​ការធ្វើ​បទ​បង្ហាញ ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស បញ្ហា​ប្រឈម សំណូមពរ របស់​ក្រុម​ទទួលបន្ទុក ការងារ​សាងសង់​នីមួយៗ សំដៅ​ស្វែងរក ដំណោះស្រាយ ក៏ដូចជា ផ្ដល់​អនុសាសន៍​នានា ដើម្បី​ធានា​ឱ្យ​ការសាងសង់​ផ្លូវ ទាំង ៣៨ ខ្សែ​នេះ មាន​គុណភាព​ខ្ពស់ ស្របតាម​បទដ្ឋាន បច្ចេកទេស និង​សៀវភៅ​បន្ទុក ធ្វើឱ្យបាន​រឹងមាំ ជាប់​គង់វង្ស​យូរអង្វែង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អង្គភាព សាងសង់​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញការងារ​របស់​ខ្លួន ដោយ​យកចិត្តទុកដាក់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​បាន​ផ្ដាំផ្ញើ ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សហការ និង​ពិភាក្សាគ្នា រិះរក​បច្ចេកទេស​ល្អៗ ដើម្បី​សាងសង់​សង់​ផ្លូវ ទាំង ៣៨ ខ្សែ​នេះ ឱ្យ​កាន់​តែមាន គុណភាព​ខ្ពស់ ហើយ​ក្នុងករណី​ការសាងសង់ កន្លងមក មិន​ត្រឹមត្រូវ តាម​លក្ខណៈ​បច្ចេកទេស ត្រូវ​កែសម្រួល​ឱ្យ​ត្រូវ តាម​បទដ្ឋាន​បច្ចេកទេស ឡើងវិញ​។

​យោងតាម​របាយការណ៍​របស់ អគ្គនាយកដ្ឋាន​បច្ចេក​ទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ វឌ្ឍនភាព​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​នេះ គិត​ត្រឹម​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២១ ឬ​រយៈពេល​ជាង ១១ ខែ សម្រេចបាន ៨៣,៨៧% នៃ​ទំហំ​ការងារ​សរុប (២% លឿន​ជាង​ផែនការ​)​។ គម្រោង​នេះ គ្រោង​បញ្ចប់​ការស្ថាបនា នៅ​ចុងខែ​ធ្នូ ឆ្នាំ ២០២១​ខាង មុខ​នេះ​។​

​គួរកត់សម្គាល់​ផងដែរ​ថា បញ្ហា​ប្រឈម នៅ​រដូវ​ធ្លាក់ភ្លៀង និង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងអំឡុង​សាងសង់​ផ្លូវ ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មិនបាន​ធ្វើឱ្យប៉ះពាល់ ដល់​ដំណើរការ អង្គភាព​សាងសង់​ឡើយ ដោយហេតុថា គ្រប់​អង្គភាព​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង បំពេញការងារ​របស់​ខ្លួន យ៉ាងសកម្ម ដើម្បី​ជំរុញ​ការងារ​ស្ថាបនា ឱ្យ​សម្រេច​តាម​ផែនការ ដែល​បាន​គ្រោងទុក​៕/V​