ដោយៈ សុផល / ភ្នំពេញៈ លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​អញ្ជើញ​ជា​អធិបតី បើក​វគ្គ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​មន្ត្រី​នារី នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ស្តីពី “​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ និង​ការប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន ក្នុង​វិស័យ​ទេសចរណ៍​” ដែល​បាន​ធ្វើឡើង តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយ​ប្រើប្រាស់​ថ្នាល បច្ចេកវិទ្យា​ព័ត៌មាន (Zoom)​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម ចូលរួម​ជា មន្ត្រី​នារី​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សរុប​ចំនួន​ជិត ៣០០ នាក់ ត្រូវបាន​រៀបចំឡើង ក្នុង​គោលបំណង ផ្តល់​ចំណេះដឹង និង​រៀនសូត្រ អំពី​ភាពជា​អ្នកដឹកនាំ ផ្លាស់ប្តូរ​ផ្នត់គំនិត​សង្គម ចំពោះ​ស្ត្រី​ក្នុងការ​ដឹកនាំ និង​យល់ដឹង​ពី ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មីៗ ឱ្យ​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ នៃ​វិស័យ​ទេសចរណ៍ ក្នុង​បរិបទ​កូ​វីដ​-១៩ ជាពិសេស បដិវត្តន៍​ឧស្សាហកម្ម ៤.០ ។​

​លោកស្រី រដ្ឋលេខាធិការ បាន​មានប្រសាសន៍ថាៈ វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​មន្ត្រី​នារី ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្រោម​ឱវាទ​ក្រសួងទេសចរណ៍ ក្នុងការ​បង្កើន ចំណេះដឹង ពង្រឹង​ភាព​អង់អាច សំដៅ​កសាង​នូវ ធនធានមនុស្ស ដែលជា​យុទ្ធសាស្ត្រ​មួយ របស់​ក្រសួងទេសចរណ៍ ផងដែរ​។​

​សម្រាប់​វគ្គ​បណ្តុះបណ្តាល នៅពេលនេះ ក្រសួងទេសចរណ៍ ផ្តោតទៅលើ​តែ​ទិដ្ឋភាព ចំនួន​ពីរ​បុ​ណ្ណោះ​គឺ “​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​” និង “​ការប្រើប្រាស់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ក្នុង​វិស័យ​ទេសចរណ៍​”​។ ការ​លើកយក​ទិដ្ឋភាព ទាំងពីរ​នេះ មក​បង្ហាញ​ទន្ទឹមគ្នា ​គឺ​ដោយសារតែ​ការដឹកនាំ ដែល​ជោគជ័យ មិនអាច​កាត់ផ្តាច់ ពី​ការប្រើប្រាស់​បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឡើយ​។​

​ការប្រើប្រាស់​បច្ចេកវិទ្យា នៅក្នុង​អង្គភាព គឺអាច​ជួយ​ជំរុញ​ផលិតភាព​ការងារ បាន​កាន់តែ​ប្រសើរ​។ ក្នុង​ភាពជា​អ្នកដឹកនាំ ត្រូវ​ស្វែងយល់ អំពី​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​យកមកអនុវត្ត និង​អភិវឌ្ឍន៍ អង្គភាព​របស់ខ្លួន​។ អ្នកដឹកនាំ ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព លើ​ការប្រើប្រាស់ បច្ចេកវិទ្យា និង​បណ្តុះបណ្តាល បុគ្គលិក​របស់ខ្លួន នូវ​ចំណេះដឹង​ថ្មីៗ អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​នវានុវត្តន៍ ដែលជា​និន្នាការ ឌីជីថល នៅលើ​សកលលោក និង​ការប្រកួតប្រជែង នៅក្នុង​តំបន់​។​

​បច្ចុប្បន្ននេះ ការប្រើប្រាស់​ប​ចេ្ច​ក​វិទ្យា​ព័ត៌មាន ក្នុង​វិស័យ​ទេសចរណ៍ គឺ​ពិត​ជាមាន​សារៈសំខាន់ ណាស់ ដើម្បី​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល ឱ្យ​រស់​រវើក ស្របតាម​បរិការណ៍​កូ​វីដ​-១៩ និង​បរិបទ​សកល ដែល​កំពុង​សកម្ម ប្រតិបត្តិការ​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ពលរដ្ឋ និង​ធុរជន ដើម្បី​សម្រប​ខ្លួន ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម ៤.០​។ ការណ៍​នេះ មិន​ត្រឹម​ជា​យន្តការ តែ​ជា​យុទ្ធសាស្ត្រ ជំរុញ​កំណើនសេដ្ឋកិច្ច​ផង និង​លើកកម្ពស់​សុខុមាលភាព​សង្គម​ផង ដោយ​ផ្អែកលើ​គន្លង ប្រក្រតីភាព​ថ្មី​។​

​លោកស្រី រដ្ឋលេខាធិការ ក៏បាន​គូសបញ្ជាក់​ផងដែរ​ថាៈ ចំពោះ​ពាក្យ “​អ្នកដឹកនាំ​” មនុស្ស​មួយចំនួន ច្រើន​គិតថា វា​សំដៅលើ​អ្នកនយោបាយ អ្នក​ដែលមាន​តួនាទី​ធំៗ ឬ​ជា​ប្រធាន​អង្គភាព ។​ល​។ បើ​និយាយ​ពី​ការដឹកនាំ ឬ​អ្នកដឹកនាំ ស្ត្រី​មួយចំនួន នៅមាន​ទស្សនៈ​ថា “​ខ្លួន​មិនសូវមាន​សមត្ថភាព ដូច​បុរស និង​មិនអាច​ដឹកនាំ​បាន​”​។ គំនិត​នេះ ជា​បញ្ហា​មួយ ដែល​ធ្វើឱ្យ​ស្ត្រី​ខ្លួនឯង មិនអាច​ក្លាយខ្លួន ជា​អ្នកដឹកនាំ​។ ដូច្នេះ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ឆ្លុះបញ្ចាំង​ឱ្យ​សិក្ខាកាម ជាម​ន្ត្រី នឹង​បាន​យល់ថា បុគ្គល​ម្នាក់ មិនមែន​ទាល់តែ​ក្លាយទៅជា “​មេ​” ឬ “​ប្រធាន​អង្គភាព​” ទើប​ហៅថា អ្នកដឹកនាំ​នោះទេ ​ប៉ុន្តែ​យើង​អាច​ធ្វើជា​អ្នកដឹកនាំ​ម្នាក់ សម្រាប់​គ្រួសារ ឬ​យ៉ាងហោច ជា​អ្នកដឹកនាំ​សម្រាប់​ខ្លួនឯង ផងដែរ​។ ផ្ទុយទៅវិញ បើ​យើង​មាន​ភាពជា​អ្នកដឹកនាំ ក្នុងសង្គម​ការងារ នឹង​រឹង​រិត​តែ​ធ្វើឱ្យ​សង្គម ឆាប់​រីកចម្រើន ដោយសារតែ​យើង​មាន​មន្ត្រី ដែលមាន​គុណភាព និង​សមត្ថភាព​បំពេញការងារ បានល្អ សម្រាប់​អង្គភាព ឬ​ស្ថាប័ន​៕/V​