ដោយៈ មេសា​/​ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី សុខភាព កម្ពុជា ហៅ​កាត់​ថា CMH បាន​ពន្យល់​អំពី​មូលហេតុ​ដែល​អ្នក​ជក់បារី​ប្រឈម​នឹង​ការឆ្លង និង គ្រោះថ្នាក់ នៃ ជំងឺ​កូ​វីដ​-១៩ ជាង​អ្នក​មិន​ជក់បារី ថា « អ្នក​ជក់បារី តែងតែ​យកដៃ​ប៉ះពាល់​បរិវេណ​មាត់​ជា​ញឹកញាប់ ជាង​អ្នក​មិន​ជក់បារី ទើប​ពួកគេ​ប្រឈម​នឹង​ការឆ្លង​កូ​វីដ​-១៩ ខ្ពស់​ជា​អ្នក​មិន​ជក់ ។ មេរោគ​កូ​វីដ​-១៩ វាយលុក​ទៅលើ​សួត​របស់​អ្នក​ឆ្លង ហើយ​ថ្នាំជក់ ក៏​ធ្វើឱ្យ​សួត​ខ្សោយ ហេតុនេះ ប្រសិនបើ​អ្នក​ជក់បារី ឆ្លង​កូ​វីដ​-១៩ នោះ ពួកគេ​ក៏​គ្រោះថ្នាក់​ខ្ពស់ជាង​អ្នក​មិន​ជក់បារី​ដែរ » ។​

​លោក​វេជ្ជបណ្ឌិត មុំ គង់ ពន្យល់​យ៉ាង​ដូច្នេះ​នាឱកាស​អញ្ជើញ​ជា​សមាជិក​ម្នាក់ នៃ គណៈកម្មការ កម្មវិធី​ប្រកួត​និយាយ​សាធារណៈ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស្តីពី​ការដំឡើង​ពន្ធ​លើ​ថ្នាំជក់ ដែល​រៀបចំ​ដោយ​អង្គការ CMH នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នេះ​នៅឯ​មជ្ឈមណ្ឌល ដាយ​កូ​នៀរ ។​

​ចំណែក​បេក្ខជន បេ​ក្ខ​នារី​ទាំង ១០ រូប នៃ កម្មវិធី​ប្រកួត​ខាងលើនេះ បានលើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ការដំឡើង​ពន្ធ​ថ្នាំជក់ គឺជា​វិធានការ​ដ៏​ល្អ និង មាន​ប្រសិទ្ធភាព​បំផុត​មួយ ដើម្បី កាត់បន្ថយ​នូវ​គ្រោះថ្នាក់​នានា​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់ ព្រោះ​ការដំឡើង​ពន្ធ​ថ្នាំជក់ ធ្វើឱ្យ​ថ្នាំជក់​ឡើងថ្លៃ បណ្តាលឱ្យ​អ្នក​ជក់​កាត់បន្ថយ​ក​ការជក់ ។ ម្យ៉ាងទៀត ការដំឡើង​ពន្ធ​ថ្នាំជក់ ក៏​ធ្វើឱ្យ​រាជរដ្ឋាភិបាល អាច​ប្រមូល​ពន្ធ​ពី​ថ្នាំជក់​បាន​កាន់តែច្រើន​ដែរ ។

​អង្គការ​សុខភាព​ពិភពលោក បាន​អះអាងថា ក្នុង ១ ឆ្នាំ ថ្នាំជក់​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា ៨ លាន នាក់ នៅ​ទូទាំង​ពិភពលោក ដោយឡែក​នៅ​ប្រទេស​កម្ពុជា ថ្នាំជក់​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា ១៥.០០០ នាក់ និង ធ្វើឱ្យ​កម្ពុជា ខាតបង់​ថវិកា​ប្រមាណ​ជា ៦៤៩ លាន ដុល្លារ​អាម៉េរិក ក្នុង ១ ឆ្នាំៗ ។ ដើម្បី កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង ការខាតបង់​ដ៏​ធំធេង​នេះ អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ធនាគារពិភពលោក បាន​ណែនាំ​ឱ្យ​ដំឡើង​ពន្ធ​លើ​ថ្នាំជក់​កម្រិត ៧៥ ភាគរយ នៃ តម្លៃ​លក់រាយ ដែល​ចំណុច​នេះ ទាំង​លោក​វេជ្ជបណ្ឌិត មុំ គង់ ក៏ដូចជា​បេក្ខជន​បេ​ក្ខ​នារី ទាំង ១០ រូប យល់​ស្របតាម​ការណែនាំ​របស់​ស្ថាប័ន​ពិភពលោក​ទាំង ២ នេះ ។​

ជាការ​កត់សម្គាល់ គិត​ត្រឹមតែ​នៅតាម​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់ អាស៊ាន ដូចជា ព្រុយ​ណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី ហ្វ៊ី​លី​ពី​ន និង ថៃ ជាដើម សុទ្ធ​តែមាន​ពន្ធ​បារី លើសពី ៥០ ភាគរយ នៃ តម្លៃ​លក់រាយ ។ ដោយឡែក​នៅ​ប្រទេស​កម្ពុជា ពន្ធ​លើ​ថ្នាំ​ក់ មាន​ត្រឹមតែ​ប្រមាណ​ជា ២៨ ភាគរយ ប៉ុណ្ណោះ នៃ តម្លៃ​លក់រាយ ដែល​បានសេចក្តីថា កម្ពុជា មាន​ពន្ធ​លើ​ថ្នាំជក់​ទាប​ជាងគេ​នៅឡើយ ។

ម្យ៉ាងទៀត កម្ពុជា គឺជា​រដ្ឋ​ហត្ថលេខី នៃ អនុ​ញ្ញា ស្តីពី ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​បានសេចក្តីថា ការអនុវត្ត​តាម​ការ​ណែនាំ​ទរ​បស់​អង្គការ​សុខភាព​ពិភពលោក និង ធនាគារពិភពលោក ដូចដែល​បានលើកឡើង​ខាងដើម​នេះ គឺជា កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល កម្ពុជា ៕​srn