​ដោយ​៖​ ​ពៅ​និមល​/​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១​កន្លងទៅ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​អូស្ត្រាលី ដែល​ដឹកនាំ​ដោយ លោក ដាន តេ​ហាន ( Dan Tehan) រដ្ឋមន្ដ្រី​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិនិយោគ​អូស្ដ្រាលី តាម​ប្រព័ន្ធ​វីដេអូ​។

​កិច្ចប្រជុំ​នេះ ក៏ត្រូវ​បាន​ចូលរួម​ដែរ​ពី​លោក បា​ប្លូ កាង ( Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ផងដែរ​។​

​នៅក្រោយ​ចប់​ជំនួប​នេះ ក្រសួងពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា លោក​រដ្ឋមន្ដ្រី​បាន​ស្វាគមន៍​យ៉ាង​កក់​ក្កៅ​ចំពោះ លោក ដាន តេ​ហាន និង​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​ប្រទេស​អូស្ដ្រាលី ដែល​បាន​ផ្ដល់ជំនួយ​ដល់​កម្ពុជា លើ​ដំណើរ​ការចាក់​វាក់​សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដោយ​លោក​បាន​បញ្ជាក់ថា វ៉ាក់សាំង​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការជួយ​ឲ្យ​កម្ពុជា​បើក​ប្រទេស​ឡើងវិញ​បាន​។​

លោក​រដ្ឋមន្ដ្រី បាន​អរគុណ​ផងដែរ​ដល់​រដ្ឋាភិបាល​អូស្ដ្រាលី ដែល​តែងតែ​គាំទ្រ និង​ផ្ដល់ជំនួយ​បច្ចេកទេស​ផ្សេងៗ​ដល់​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ដំណើរការ ការអភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​វិស័យ​ពាណិជ្ជកម្ម​។

​ជាការ​ឆ្លើយតប ភាគី​អូស្ត្រាលី​បាន​កោតសរសើរ​ដល់រ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អប្រសើរ និង​ភាពជោគជ័យ​លើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​របស់​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​បានធ្វើការ​កត់សម្គាល់​ផងដែរ លើ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែលមាន​កំណើន​ជា​បន្ដបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​


​ក្រសួងពាណិជ្ជកម្ម​បាន​លើកឡើង​បន្តថា តាមរយៈ​ជំនួប​នេះ​ភាគី​ទាំងពីរ បាន​ពិភាក្សា​និង​ផ្លាស់ប្ដូរ​យោបល់​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​(​អា​សិប​) ដែល​កម្ពុជា និង​អូស្ដ្រាលី​ជា​សមាជិក​។ ក្នុងនោះ លោក​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​ភ្ញៀវ ពី​ការបញ្ចប់​រួចរាល់​នូវ​នីតិវិធី​ក្នុង​ស្រុកលើ​ការផ្ដល់​សច្ចាប័ន​នៃ​កិច្ចព្រមព្រៀង​អា​សិប​របស់​កម្ពុជា ដែល​ព្រះមហាក្សត្រ​ទ្រង់​បានប្រកាស​ឱ្យប្រើ​ប្រាស់​ច្បាប់​នេះ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៥ ខែតុលា​កន្លងមកនេះ​។​

​ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ដ្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​អំពី​ការត្រៀម​រៀបចំ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២២ ក្រោម​សសរស្ដម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។ លោក​បាន​បញ្ជាក់ទៀតថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ ការសម្របសម្រួល និង​ការគាំទ្រ​យ៉ាង​កក់ក្ដៅ​ពី​ភាគី​ពាក់ព័ន្ធ ជាពិសេស​លេខាធិការដ្ឋាន​អាស៊ាន និង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​អាស៊ាន​ទាំងអស់ ពិត​ជាមាន​សារៈសំខាន់​។​

​ភាគី​អូស្ត្រាលី​បាន​សាទរ​ដល់​កម្ពុជា​ក្នុងការ​ទទួលបាន​តួនាទី​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ និង​បានបង្ហាញ​ការគាំទ្រ​យ៉ាង​កក់ក្ដៅ និង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការជួយ​កម្ពុជា​ក្នុងការ​បំពេញ​តួនាទី​ដ៏​សំខាន់​នេះ​៕​