​ដោយ៖ សុផល / ប្រទេស​ថៃ​៖ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានឱ្យដឹងថាៈ លោក ជូ​រិ​ន ឡាក់ សា​ណាវី​សិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បានប្រកាស ឱ្យដឹងថា ភាគី​ថៃ បាន​ឯកភាព​ឱ្យ​ដំណើរការ ដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន កម្ពុជា​-​ថៃ នៅ​ច្រក​ស្ទឹង​បត់​-​ណង​អៀន ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅ​ខែមករា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ការបើក​ច្រកទ្វារព្រំដែន​អន្តរជាតិ ស្ទឹង​បត់​-​បាន​ណង​អៀន ថ្មី​នេះ គឺជា​ការបើក​ឡើង​នូវ ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​សម្រួល​ដល់ ការធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​ព្រំដែន រវាង​កម្ពុជា​-​ថៃ និង​ដើម្បី ជំរុញ​លើកកម្ពស់​ប្រព័ន្ធ​ភស្តុភា​រកម្ម នៅ​កម្ពុជា​ផងដែរ​។ ច្រក​អន្តរជាតិ​ថ្មី​នេះ ភាគី​កម្ពុជា និង​ថៃ បាន​ឯកភាព​កសាងឡើង ដើម្បី​បម្រើ​ដល់ ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន ប្រទេស​ទាំងពីរ ហើយ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត ទុក​សម្រាប់​បម្រើ ការធ្វើដំណើរ របស់​អ្នកទេសចរ ។​

​សូមជម្រាបថាៈ លោក​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ជូ​រិ​ន ឡាក់​សា​ណាវី​សិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ជួប​ជជែក​គ្នា​បន្ថែម ដើម្បី​ព​ន្លឿ​ន​ដល់ ការបើក​ច្រក​នេះ​។ ការជួបគ្នា​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ របស់លោក សុខ សុ​ក្រឹ​ត្យា សូមឱ្យ​ភាគី​ថៃ ព​ន្លឿ​ន​ការបើក​ច្រក​នេះ នៅក្នុង​ជំនួប​កាលពី​ខែកញ្ញា កន្លងទៅ​។​

​លោក​ជំនួប​នេះ លោក ជូ​រិ​ន ឡាក់​សា​ណាវី​សិត បានស្នើ​កម្ពុជា ដើម្បី​ត្រៀម​រៀបចំ​កុងតឺន័រ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​សម្រួល​ដល់ ការបើក​ច្រក​អន្តរជាតិ ស្ទឹង​បត់​-​ណង​អៀន ជា​ផ្លូវការ នៅក្នុង​ខែមករា ឆ្នាំ​២០២២​។​

​ការបើក​ច្រក ស្ទឹង​បត់​-​ណង​អៀន នេះ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ឱ្យ​តំបន់​ប៉ោយប៉ែត ប្រែក្លាយជា​តំបន់​អភិវឌ្ឍន៍ មួយ​យ៉ាងខ្លាំង ជា​មជ្ឈមណ្ឌល​ស្តុក និង​ចែកចាយ​ទំនិញ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​បង្កើតជា​សក្តានុពល រូបវ័ន្ត​ដ៏​រឹងមាំ សម្រាប់​ទ្រទ្រង់​ដល់ គម្រោង​វិនិយោគ​នានា ក្នុងស្រុក និង​ក្នុងប្រទេស នៃ​មហា​អនុតំបន់​ទន្លេមេគង្គ​។​

​ដើម្បី​បម្រើ​ដល់​ដំណើរការ ច្រកព្រំដែន​អន្តរជាតិ​នេះ កម្ពុជា និង​ថៃ បាន​សាងសង់ ស្ពាន​ឆ្លងកាត់​ព្រំដែន មួយ​ខ្សែ ហើយ​បាន​សាងសង់ អគារ​រដ្ឋបាល​ផ្សេងៗ សម្រាប់​ផ្តល់​សេវា នៅ​ច្រក​មួយ​នេះ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ត​ភ្ជាប់ ស្ពាន​ឆ្លងកាត់​ព្រំដែន ប្រទេស​ទាំងពីរ និង​បើក​ការដ្ឋាន​សាងសង់ អគារ​រដ្ឋបាល​ផ្សេងៗ កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​។​

​បច្ចុប្បន្ន ទាំង​ភាគី​កម្ពុជា និង​ថៃ កំពុង​ព​ន្លឿ​ន​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ នានា ដើម្បី​ផ្តល់​សេវា លើ​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន ប្រទេស​ទាំងពីរ ។ ការសាងសង់​បាន​រួចរាល់ ស្ទើរតែ​ទាំងស្រុង​ហើយ​ផងដែរ​។​

​សូមបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ រួមមាន អគារ​ច្រក​ត្រួតពិនិត្យ​ព្រំដែន សំណង់​អគារ​អន្តេវាសិកដ្ឋាន ចំណត​សម្រាប់​ផ្ទេរ​ទំនិញ​ឆ្លងកាត់ ”​ឃ្លាំង​និង​ទីលាន​កុង​ទី​ន័​រ​” និង​អគារ​រដ្ឋបាល​ជាដើម សាងសង់​ដោយ​ក្រុមហ៊ុន CM Grand Development Co.,Ltd & Tan Kim Eng Co.,Ltd និង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស ដោយ​ក្រុមហ៊ុន Team Consulting Engineering and Management PLC ចំណាយ​ថវិកា​ប្រមាណ ៨៣៥.២៥០.១៦៨ បាត ក្រោម​គម្រោង​ឥណទាន ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អភិវឌ្ឍន៍​សេដ្ឋកិច្ច ប្រទេសជិតខាង (NEDA) ចំណាយពេល ២៤ ខែ គិត​រហូតមកដល់ ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ នេះ គម្រោង​នេះ សម្រេចបាន​ប្រមាណ ៥% ហើយ​។​

​គួរ​កត់សម្គាល់ថា ការបើក​ច្រកព្រំដែន ត្រង់ចំណុច ស្ទឺ​ង​បត់​-​បាន​ណង​អៀន​នេះ នឹង​បើកឱកាស យ៉ាង​ទូលំទូលាយ ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម ឆ្លងកាត់​ដែន ការបង្កើត​ការងារ​ធ្វើ និង​ការទាក់ទាញ​ភ្ញៀវទេសចរ សំដៅ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ នៃ​ប្រជាជាតិ ទាំងពីរ ផងដែរ​៕/V​