ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន បានបង្ហាញកង្វល់អំពីការទុកប្រទេសទីម័រលេស្ត ដែលជាប្រទេសស្ថិតក្នុងតំបន់ អាស៊ីអាគ្នេយ៍ដូចគ្នាឲ្យនៅដាច់ពីសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។សម្តេចបានបង្ហាញកង្វល់ថាក្នុងក្របខ័ណ្ឌនៃការប្រជែងខាងភូមិសាស្ត្រនយោបាយហើយប្រសិនបើអាស៊ាន នៅបន្តទុកទីម័រលេស្តឲ្យនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភ ដែលអាចទីម័រលេស្តនិងឈានឆ្ពោះទៅរកទីកន្លែងដែលអាចពឹងផ្អែកបានក្រៅពីអាស៊ាន​។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់បែបនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨ និង លើកទី៣៩ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៦ ខែតុលា ២០២១ តាម ប្រព័ន្ធវីដេអូ ដែលប្រទេសប្រ៊ុយណេ​ ធ្វើជាប្រធាន ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖«កម្ពុជាគាំទ្រនូវសំណើរបស់ទីម័រលេសក្នុងការសុំចូលជាសមាជិកអាស៊ានចំណុចនេះកម្ពុជាសូមអំពាវនាវចំពោះសមាជិកអាស៊ាន ដទៃទៀតមេត្តាយោគយល់ទៅដល់ការខិតខំប្រឹងប្រែងរបស់ទីមួយដែលតាំងពីច្រើនឆ្នាំមកហើយបានត្រៀមខ្លួនសម្រាប់ការចូលជាសមាជិកអាស៊ានតាមរយៈការបើកស្ថានទូតនៅតាមបណ្ដាប្រទេសនានា ,តែអាស៊ានរបស់យើងហាក់ដូចជាមិនសូវអើពើជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់ទីម័រលេស»។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញកង្វល់ថា៖«នៅពេលណាមួយនៅក្នុងក្របខ័ណ្ឌនៃការប្រជែងខាងភូមិសាស្ត្រនយោបាយ ហើយប្រសិនបើអាស៊ាននៅបន្តទុកទីម័រលេសនៅ ដាច់ដោយឡែកនេះជាបញ្ហាដែលយើងគួរព្រួយបារម្ភ។ បញ្ហានេះអាចទីម័រលេសនិងឈានឆ្ពោះទៅរកទីកន្លែងដែលអាចពឹងផ្អែកបានក្រៅពីអាស៊ានដូច្នេះសូមឲ្យពន្លឿននៃការ សម្រេចចិត្តខាងនយោបាយរបស់យើងក្នុងការទទួលយកទីម័រលេសសម្រាប់ការចូលរួមនៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង» ។

គួររំលឹកថានៅ​ក្នុង​ឆ្នាំ ​២០១១​ ពេល​ប្រទេស​ឥណ្ឌូណេស៊ី​​ជា​ប្រធាន​អាស៊ានប្រទេស​ទីម័រ​ខាង​កើត​​បាន​​ដាក់​ពាក្យ​​​ស្នើ​សុំ​ចូល​ជា​សមាជិក។បណ្ដា​​ប្រទេស​សមាជិក​អាស៊ាន​​បាន​ព្រម ព្រៀង​គ្នា​​សិក្សា​លើ​ប្រទេស​ថ្មី​មួយ​នេះ​តាម​ដែល​អាច​ធ្វើ​បាន ” ។

ការ​សិក្សា​​​ខាង​លើ​​​ផ្ដោត​សំខាន់​លើ​​​​​សសរ​ស្តម្ភ​ទាំង​បី​របស់​អាស៊ាន​ដើម្បី​វាយ​តម្លៃ​​​​លើ​លក្ខខណ្ឌ​​នៃ​ប្រទេស​ទីម័រ​លេសដើម្បី​​ក្លាយ​ជា​សមាជិក​គ្រួសារ​​អាស៊ាន ។ ចំពោះ​សសរស្តម្ភ​ទាំង​បី​របស់​អាស៊ាន​គឺ​នយោបាយ​ និង​ សន្តិសុខ សេដ្ឋកិច្ចនិង​សង្គម​វប្បធម៌​ ។ ប៉ុន្តែរហូតមកដល់ពេលនេះប្រទេសអាស៊ានហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះប្រទេសដែនកោះ មួយនេះទេ ។

បច្ចុប្បន្ន​អាស៊ាន​មាន​ប្រទេស ​១០​ ជា​សមាជិក​រួម​មាន​ប្រទេស​​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ​ ហ្វីលីពីន សិង្ហបុរី ប្រ៊ុយណេ វៀតណាម ឡាវ និង ​មីយ៉ាន់ម៉ា៕