ដោយៈ សុផានីតា / កោះកុង៖ គ្រឿងញៀន ប្រភេទ ហេរ៉ូអ៊ីន ជាង ២០០ គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាប នៅស្រុកស្រែអំបិល កាលពីថ្ងៃទី២២ តុលា កន្លងទៅ គឺក្រុមជួញដូរ មកពីប្រទេសឡាវ ត្រៀមនាំចេញ ទៅប្រទេសថៃ។

នេះជាការអះអាង របស់លោកស្នងការ នគរបាល ខេត្តកោះកុង ក្នុងពិធីបង្ហាញ មុខជនសង្ស័យ ព្រមទាំងវត្ថុតាង គ្រឿងញៀន ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាល ខេត្តកោះកុង បានបញ្ជាក់ឱ្យដឹង ច្បាស់នៅព្រឹក ថ្ងៃទី២៦ ខែតុលា នេះថាៈ ដំណើរការ នៃប្រតិបត្តិការបង្រ្កាប និងបន្តការ ស៊ើបអង្កេត ៣ ថ្ងៃមកនេះ ទើបដឹងព័ត៌មានលម្អិតថា សកម្មភាពជួញដូរគ្រឿងញៀន ខាងលើ គឺពុំមែនដឹកជញ្ចូន មកពីប្រទេសថៃ ចូលមកកម្ពុជាទេ ពោលគឺ ជនសង្ស័យ បានដឹកចេញពី ប្រទេសឡាវ ឆ្លងកាត់ខេត្តផ្សេងៗ របស់កម្ពុជា រហូតដល់ខេត្តកោះកុង ដែលមានបំណង ចង់នាំចេញទៅលក់ នៅប្រទេសថៃ។

លោកស្នងការនគរបាលខេត្ត បានបង្ហាញទៀតថាៈ សមត្ថកិច្ចជំនាញរបស់លោក បានឃាត់ខ្លួន មេខ្លោងចំនួន ២ នាក់ ជាជនជាតិថៃ ព្រមទាំងសារធាតុញៀន ទម្ងន់ ២១២,៤ គីឡូក្រាម រឹបអូសរថយន្ត ១ គ្រឿង ទូកនេសាទធុនធំ ១គ្រឿង ហើយឃាត់ខ្លួន មនុស្សពាក់ព័ន្ធ ៥ នាក់ផ្សេងទៀតផង។

គួរកត់សម្គាល់ថា នេះជាការបង្រ្កាបបទល្មើសជួញដូរគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំ លើកទី១ ហើយ ក្នុងតំណែងដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្ថិតនៅ ចំណុចកន្លែងកើតហេតុ ចំនួន ២ មាត់ពាមស្រែអំបិល ភូមិកំពង់ស្តាំ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។

លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង សាលាដំបូង ខេត្តកោះកុង បានហៅការបង្ក្រាប នេះថា ជាការបង្ក្រាបទ្រង់ទ្រាយធំ ដោយមិនមានការផ្ទុះអាវុធ ។ មុខសញ្ញាដែលឃាត់ខ្លួន បាន មានខ្យែបណ្តាញ នាំចូលមកពីប្រទេសឡាវ ឆ្លងកាត់តាមខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ចូលមកខេត្តកោះកុង ឆ្ពោះទៅគោលដៅ នៅឯប្រទេសថៃ។

ចំណែកក្រុមជនសង្ស័យ ៧ នាក់ ខាងលើ ត្រូវបានអយ្យការ សាលាដំបូងខេត្ត ចោទប្រកាន់ ពីបទរក្សាទុក ដឹកជញ្ចូន ឬជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន មាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ដាក់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ ឬផ្តន្ទាទោស អស់មួយជីវិត ហើយពិន័យជាថវិកា ៤០ លាន ដល់ ១០០ លានរៀល៕/V