​ប្រែ​សម្រួលៈ​វាសនា​៖​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​រ៉ូ តេ​វូ បាន​ទទួល​មរណភាព​ដោយ​មូលហេតុ​ធម្មជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា​នៅ​អាយុ​៨៨​ឆ្នាំ នេះ​បើ​តាម​របាយការណ៍​សារ​​ព័ត៌មាន​។​

​លោក​រ៉ូ បាន​ដកខ្លួន​ចេញ​ពី​ភ្នែក​សាធារណជន​កាលពី​ប្រមាណ​២០​ឆ្នាំមុន ក្រោយ​ការពិនិត្យ​បង្ហាញ​ថា​លោក​មាន​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​និង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​​ជាតិ​សេ​អ៊ូ​ល​។​

​លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​១៩៨៨​ដល់​១៩៩៣ ដោយ​ជំនួស​មិត្ត​ចាស់ ជុន ឌូ​វ៉ាន់ ដែល​បាន​ឡើងកាន់តំណែង​ក្នុង​រដ្ឋប្រហារ​យោធា​ជាមួយ​លោក​រ៉ូ នៅ​ឆ្នាំ​១៩៧៩​។​

​ជ័យជម្នះ​របស់​រ៉ូនៅក្នុង​ការបោះ​ឆ្នោត​នា​ឆ្នាំ​១៩៨៧ បាន​បំផ្លាញ​ក្តីសង្ឃឹម​របស់​សកម្មជន​ប្រជាធិបតេយ្យ​និង​ជន​សេរីនិយម​ជាច្រើន​ដែល​មើលឃើញ​ការចូល​កាន់តំណែង​រប​ស់លោក​មិន​ខុស​​គ្នា​អី​ប៉ុន្មាន​ពី​ការបន្ត​អំណាច​នៃ​របប​មុន​។​

​ក្នុងពេល​កាន់តំណែង លោក​រ៉ូ បាន​ធ្វើ​ជា​អធិបតី​នៃ​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវក្តៅ​ក្រុង​សេ​អ៊ូ​ល​ឆ្នាំ​១៩៨៨ និង​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​ប្លុក​កុម្មុយនីស្ត រួមទាំង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ា​​ង​ផងដែរ​។​

​អ្នក​ឡើង​ស្នង​តំណែង​ពី​លោក​គឺ សកម្មជន​ប្រជាធិបតេយ្យ គីម យ៉ាង​សាម បាន​ប្តេជ្ញា​នាំ​លោក​រ៉ូ និង​លោក ជុន ឌូ​វ៉ាន់ ទៅ​កាត់ទោស​។​អ្នក​ទាំង​២​ត្រូវបាន​កាត់ទោស​ពីបទ​ក្បត់ជាតិ​នៅ​ឆ្នាំ​១៩៩៦ ​ដោយ​លោក​រ៉ូ ពី​ដំបូង​ត្រូវ​តុលាការ​កាត់​អោយ​ជាប់គុក​២២​ឆ្នាំ​កន្លះ និង​លោក​ជុន​ត្រូវ​ប្រហារជីវិត​។​តែ​ពួកគេ​ទទួលបាន​ការលើកលែង​ទោស និង​ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​បន្ទាប់​៕

​លោក​រ៉ូ បាន​ស្លាប់​ក្រោយ​សុខភាព​ធ្លាក់​ចុះ​ខ្សោយ​អស់​ពេល​២​ទសវត្សរ៍​រួមមាន​ជំងឺ​ផ្សេងៗ​និង​មហារីក​។ក្នុងរូប លោករ៉ូ ត្រូវបាននាំឡើងសវនការកាលពីឆ្នាំ១៩៩៦