ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ លោក លី ជេ​យ៉ុង មេដឹកនាំ​ក្រុម Samsung Group ដ៏​ធំ​សម្បើម​របស់​កូរ៉េខាងត្បូង ត្រូវបាន​កាត់ទោស​នៅ​ថ្ងៃ​អង្គារ​ទី ២៦​តុលា​នេះ​ពីបទ​​ប្រើប្រាស់​ថ្នាំស្ពឹក Propofol​ដោយ​ខុសច្បាប់ ជា​ករណី​ផ្លូវច្បាប់​ចុងក្រោយបង្អស់​ដែល​យាយី​មហាសេដ្ឋី​រូបនេះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​បាន​រាយការណ៍​ថា អគ្គនាយករង​នៃ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​ធំ​បំផុត​របស់​ពិភពលោក Samsung Electronics និង​យោង​តាម​ទស្សនា​វ​ដ្តី Forbes ជា​អ្នក​មាន​បំផុត​ទី ២៣៨ របស់​ពិភពលោក ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ៧០ លាន​វ៉ុន (៦០.០០០ ដុល្លារ​) ដោយ​តុលាការ​សង្កាត់​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល​។​

​ការផាកពិន័យ​នេះ​គឺ​ស្មើ​ប្រហែល ០,០០០៦ ភាគរយ​នៃ​ទ្រព្យសម្បត្តិ​ប៉ាន់ស្មាន​របស់គាត់ ១០,៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​គាត់​ត្រូវបាន​គេ​រកឃើញ​ថា​មាន​ពិរុទ្ធ​ពីបទ​ចាក់​ថ្នាំស្ពឹក​ម្តង​ហើយ​ម្តងទៀត​នៅ​គ្លីនិក​វះកាត់​កែ​សម្ផស្ស​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ថ្នាំ Propofol ជាធម្មតា​ជា​ថ្នាំស្ពឹក​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​ពេលខ្លះ​ក៏​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការកម្សាន្ត​ផង​ដែរ​ហើយ​ការប្រើ​ថ្នាំ​នេះ​ជ្រុល​ត្រូវបាន​លើក​ជា​ហេតុផល​នៃ​ការស្លាប់​របស់​តារា​​ប៉ុប​ម៉ៃ​ឃើ​ល ជែក​សុន ក្នុង​ឆ្នាំ ២០០៩ ។​

​ការប្រើប្រាស់​ថ្នាំ​នេះ​ជា​ធម្មតា​ត្រូវ​គេ​មើលឃើញ​ថា​ជា​បទល្មើស​តូចតាច​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ហើយ​ដើមឡើយ​រដ្ឋអាជ្ញា​បាន​ស្នើ​ឱ្យ​ពិន័យ​គាត់​ចំនួន ៥០ លាន​វ៉ុន​ក្រោម​ការចោទ​ប្រ​​កាន់​តូចតាច ដែល​មិន​ចាំបាច់​ឡើងទៅ​តុលាការ​៕

លោក លី ជេ​យ៉ុង មេដឹកនាំ​ក្រុម Samsung Group