​​ដោយៈ ភ្នំ​ស្វាយ / ភ្នំ​ស្វាយៈ ក្រសួង​អភិវឌ្ឍន៍ជនបទ តាមរយៈ​លោក ជា យុ​ទ្ធា​រុណ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បាន​នាំយក​អំណោយ ឧបត្ថម្ភ​របស់ អង្គការ យូ​នី​សេ​ហ្វ (UNICEF) ប្រគល់ជូន​អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ដែលមាន លោក អ៊ុំ រាត្រី ជា​អភិបាលខេត្ត នៅក្នុង​ពិធី​ផ្លូវការ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅឯ​សាលាខេត្ត​។​

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ បានអោយដឹងថាៈ អំណោយ​ឧបត្ថម្ភ​របស់ អង្គការ យូ​នី​សេ​ហ្វ រួមមាន សាប៊ូម្សៅ ២.៦២៥ កញ្ចប់ , ស្បែក​ជើងវែង​កៅស៊ូ ចំនួន ២០០ គូ , ស្រោមដៃ​កៅស៊ូ ចំនួន ៣៧៥ គូ , សាប៊ូដុំ​លាង​សម្អាត​ដៃ ចំនួន ១២.៥០០ ដុំ , សំឡី​អនាម័យ​សម្រាប់​ស្ត្រី ចំនួន ២៨.២០០ បន្ទះ , របាំងមុខ ចំនួន ៧០០ របាំង និង​អៀម​ប្លា​ស្ទិ​ក ចំនួន ៥.៧៥០ សម្រាប់​ឱ្យ​ខេត្ត យកទៅ​ផ្តល់ជូន​ពលរដ្ឋ ប្រេ​ី​ប្រាស់ ក្នុងការ​ចូលរួម​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខេត្ត និង​គ្រោះទឹកជំនន់ ។​

​ជាមួយនឹង​ការថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​អង្គការ UNICEF និង​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក អ៊ុំ រាត្រី បាន​មាន ប្រសាសន៍ថាៈ អាជ្ញាធរខេត្ត ចាត់ទុក​អំណោយ​ទាំងនេះ ពិតជា​មានតម្លៃ សម្រាប់​ជួយ ឧបត្ថម្ភ​គាំទ្រ ទៅដល់​ប្រជាពលរដ្ឋ ក្នុង​កាលៈទេសៈ នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​១៩ និង​ពលរដ្ឋ​បាន​រងគ្រោះ ដោយ​ទឹកជំនន់ នៅក្នុង​ខេត្ត​៕/V​