ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​ដឹកនាំ​អាស៊ាន ចិន បាន​ឯកភាពគ្នា​តម្លើង​កិច្ច​សហ​ប្រតប​ត្តិ​ការ​ពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។​ជាមួយគ្នានេះ ចិន​បានផ្តល់​ថវិកា ១០​លាន​ដុល្លារ​ទៅក្នុង​មូលនិធិ​កិច្ចសហការ​អាស៊ាន​-​ចិន ជាពិសេស​ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​និស្សិត​ពី​អាស៊ាន​ទៅ​រៀន​នៅ​ប្រទេស​ចិន ។ នេះ​បើ​យោងតាម លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី ២៦​ខែតុលា​២០២១ ដែលជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​លើក​ទី​២៤ ។​

​លោក កៅ គឹមហួន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២៤ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បានអនុម័ត​ទៅលើ​ឯកសារ​ចំនួន​៣ និង ធ្វើការ​កត់សម្គាល់​ទៅលើ​ឯកសារ​ចំនួន​២ ។​ការអនុម័ត​ទៅលើ​ឯកសារ​ចំនួន​៣​រួមមាន​ទី​១-​សេចក្ដីប្រកាស​រួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​ដើម្បី​អបអរសាទរ​ខួប​អនុ​ស្សាវ រី​យ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន​, ទី​២- សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​អាស៊ាន​ស្ដារឡើងវិញ​គ្រប់​ជ្រុងជ្រោយ និង ទី​៣- សេចក្ដីប្រកាស​រួម​អាស៊ាន​-​ចិន ស្ដីពី​ការពង្រឹង​ការអនុវត្ត​បៃតង​និង​ប្រកបដោយ​ចីរភាព ។ ឯកសារ​ចំនួន​២ ដែល​ធ្វើការ​កត់សម្គាល់​រួមមាន​ទី​១-​វឌ្ឍនភាព​ស្ដីពី​ការអនុវត្ត ផែនការ​សកម្មភាព​ដើម្បី​អនុវត្ត​ជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ដើម្បី​សន្តិភាព​និង​វិបុលភាព​ឆ្នាំ​២០២១-២០២៥, ទី​២- ឯកសារ​ទស្សនទាន​ស្តីពី​ការពង្រឹង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​បច្ចេកទេស​របស់​ចិន​ជាមួយ​អាស៊ាន ។​

​លោក កៅ គឹមហួន បាន​បន្ត​ឲ្យ​ដឹងថា​៖​ឆ្នាំនេះ​អាស៊ាន​-​ចិន បានធ្វើ​មិត្ត​ជាមួយគ្នា​៣០​ឆ្នាំ​ហើយ​, ក្នុង​រយៈពេល ៣០​ឆ្នាំ ,​ធ្វើជា​ដៃគូ​សន្ទនា​រយៈ ២៥​ឆ្នាំ ,​ដៃគូ​យុទ្ធសាស្ត្រ ១៨​ឆ្នាំ ។ អ្វីដែល​សំខាន់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន​បាន​ឯកភាព​ដំឡើង​ភាពជា​ដៃគូ​នេះ​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ហើយ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​-​ចិន បាន​ឯកភាពគ្នា​នឹងមាន​កិច្ចប្រជុំ​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ចិន នៅ​ខែក្រោយ ។​

​លោក កៅ កឺ​ម​ហួន បាន​បន្តទៀតថា​ក្នុង​រយៈពេល ៣០​ឆ្នាំកន្លងមក​នេះ​ចិន​បាន​ក្លាយជា​ប្រទេស​មាន​ពាណិជ្ជកម្ម​ធំជាងគេ​ជាមួយ​អាស៊ាន​ហើយ​វិនិយោគ ក៏មាន​ច្រើនជាងគេ​ដែរ ។ ចិន​បាន​ក្លាយជា​ប្រភព​ទី​៤ នៃ​វិនិយោគ​ក្នុងប្រទេស​អាស៊ាន​ផងដែរ ។

​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​អបអរសាទរ​និង​ចាត់ទុក​ឆ្នាំ​២០២១ នេះ ជា​ឆ្នាំ​កិច្ចសហប្រតិបត្តិការ​កា​រ​អភិវឌ្ឍ​ដោយ​ចីរភាព​អាស៊ាន​-​ចិន ។ លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​អា ស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ដែល​បាន​ផ្ដល់នូវ​ការគាំទ្រ​ជាច្រើន​ជាពិសេស​ការផ្តល​វ៉ាក់សាំង​ដល់​បណ្ដា​ប្រទេស​អាស៊ាន​ផ្ដល់​ការគាំទ្រ​ក្នុង​ការកសាង សហគមន៍​អាស៊ាន បន្ត​គាំទ្រ​ដល់​សមាហរណកម្ម​អាស៊ាន ហើយ​ជាពិសេស​ទៀត​គឺ​បន្តធ្វើ​យ៉ាងណា​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ​ជាពិសេស​ទៀត​នោះ​គឺ​លោក នាយករដ្ឋមន្ត្រី​ចិន​បានលើកឡើង​ដោយ​ធ្វើយ៉ាងណា​កសាង​សម្ព័ន្ធភាព​និង​កិច្ចសហការ​លើ​វិស័យ​សុខាភិបាល ហើយនឹង​បន្ត​ពង្រឹង​និង​ពង្រីក​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយគ្នា ។​ជាពិសេស​ទៀត​ក្នុងការ​លើកតម្កើង​ក្នុងការ​អភិវឌ្ឍ​ដើម្បី​គាំទ្រ​គ្នា​ទៅវិញទៅមក​ហើយនឹង​បន្ត​គាំទ្រ​លើ​ន​វា​នុ​វត្ត​ទាំងសងខាង​ផងដែរ​នឹង​បន្ត​ជំរុញ​កិច្ចសហការ​បៃតង​។​លើសពីនេះ ទៀត​ភាគី​ចិន​នឹង​បង្កើន​ថវិកា​ចំនួន ១០​លាន​ដុល្លារ​ទៀត​ទៅក្នុង​មូលនិធិ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ជាពិសេស​ដើម្បី​ជំរុញ​ការគាំទ្រ​ដល់​និស្សិត​ពី​អាស៊ាន​ទៅ​សិក្សា​នៅ ប្រទេស​ចិន ។ ជារួម​កិច្ចប្រជុំ​ទទួលបាន​លទ្ធផល​ជាច្រើន​ហើយ​ភាគី​ទាំង​២ ក៏បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​និង​ការបន្ត​ចរចា ទៅមុខទៀត​ពាក់ព័ន្ធ​នឹង COC ៕