ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី
តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានសរសេរថាតាមការទទួលព័ត៌មានជាបន្តបន្ទាប់បានឱ្យដឹងថាខេត្តមួយចំនួនរបស់យើងបាន និងកំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ ដោយក្នុងនោះរួមមានខេត្តកំពង់ស្ពឺផងដែរ។

លោកបន្តថា ឆ្លើយតបនឹងសភាពកាណ៍នេះ បើទោះបីជាខ្ញុំមិនបានចុះទៅពិនិត្យទីតាំងរងគ្រោះដោយផ្ទាល់ តែខ្ញុំបាន និងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំជាមួយក្រុមការងារក្នុងមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណៈលើគ្រប់ ទិដ្ឋភាពតាមលទ្ធភាពដែលអាចធ្វើទៅបានជាពិសេសលើកិច្ចការជួយសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការជន់លិចក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺយើង។

អមដោយរូបថតបង្ហាញទិដ្ឋភាពទឹកជន់លិច លោកបន្ថែមទៀតថាឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្តក្រុងស្រុកក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺដែលបានជួយសម្រួលនិងដោះស្រាយបញ្ហាភ្លាមៗជូនដល់ប្រជាពលរដ្ឋតាមតំបន់ដែលជន់លិចខ្លាំងនាពេលថ្មីៗនេះនិងការបន្តវាយតម្លៃស្ថានភាពទឹកជំនន់ជាបន្តបន្ទាប់។ ជាមួយគ្នានេះខ្ញុំសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សូមបន្តការយកចិត្តទុកដាក់ខ្ពស់និងបន្តការប្រុងប្រយ័ត្ន ចំពោះសមាជិកគ្រួសារ។ជាពិសេសកូនៗ តូចដែលងាយរងគ្រោះថ្នាក់ នៅតាមតំបន់ជន់លិច៕សរន