ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត នៅរសៀលថ្ងៃទី ២៦ខែតុលានេះមានលក្ខណៈនឹង ហើយនឹងឈានទៅដល់ការស្រកចុះបណ្តើរៗ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តសហការជាមួយក្រសួងធនធនទឹក អាជ្ញាធរទន្លេសាបនិងកងអង្គរក្សសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីដើម្បីបន្តធ្វើសកម្មភាពទប់ទំនប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ ឲ្យបាននូវការបាក់ទំនប់ បង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ។
ការបញ្ជាក់បែបនេះរបស់លោកឃួងស្រេងបានធ្វើឡើង ខណៈដែលលោកដឹកនាំអាជ្ញាធរកម្លាំងមានសមត្ថកិច្ចទប់ទំនប់ការពារទឹកជំនន់តាំងពីព្រឹករហូតមកដល់ល្ងាចថ្ងៃទី២៦ខែតុលានេះ នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោរាជធានីភ្នំពេញ។លោកបានបញ្ជាក់ផងដែរថា គិតមកដល់រសៀលថ្ងៃនេះ គឺស្ថានភាពទឹកនៅកំពង់ស្ពឺបានស្រកចុះចំនួន២ហ៊ុនហើយ ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញយើងវិញ ស្ថានភាពទឹកមានស្ថានភាពនឹង ប៉ុន្តែបើទោះបីជាយ៉ាងក្តី ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញនៅតែសហការជាមួយនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតដែលមានទាំងក្រសួងធនធានទឹក ក៏ដូចជាកងអង្គរក្សរបស់សម្ដេចតេជោហ៊ុនសែន នៅតែបន្តទប់ទំនប់នេះ ដើម្បីការពារ ការបាក់នាំឲ្យមានគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះដែរ អាជ្ញាធររាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដង្កោបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីទប់ទល់ជាមួយនឹងស្ថានភាពទឹកដែលបានហក់ឡើងឡើងនេះ ប្រមាណជា១សប្តាហ៍មកហើយ ដោយត្រៀមធ្វើការបញ្ជូនកុមារ នឹងចាស់ជរាទៅកាន់ទីទួលសុវត្ថិភាព ដើម្បីការពារអាយុជីវិតពួកគាត់អោយបានគង់វង់ ទៅតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី៕