​ប្រែ​សម្រួលៈ​វាសនា​(BLOOMBERG,AP)៖ ក្នុង​ការអំពាវនាវ​រួម​គ្នា​ដ៏​កម្រ​មួយ មេដឹកនាំ​ចិន​និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា បាន​ទទូច​សុំ​អោយ​សហគមន៍​អន្តរជាតិ​ប្រញាប់ប្រញាល់​​បញ្ជូន​ជំនួយ​មនុស្សធម៌​និង​សេដ្ឋកិច្ច​ទៅកាន់​អា​ហ្វ​ហ្គានី​ស្ថាន កន្លែង​ដែល​មនុស្ស​រាប់សែន​នាក់​កំពុង​ប្រឈម​ការខ្វះខាត​ស្បៀង​និង​ថ្នាំពេទ្យ​នៅ​រដូវរ​ងារ​នេះ​។​

​មេដឹកនាំ​ចិន​និង​ប៉ា​គី​ស្ថាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ស្ថានការណ៍​ខ្វះ​ស្បៀង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាលមួយ​បាននិ​យាយ​ថា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់ និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​ពិ​ភក្សា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ពួក​លោក​យល់ថា​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវការ​ជំនួយ​អន្តរជា​តិ​ដើម្បី​«​សម្រាល​ទុក្ខវេទនា បង្ការ​កុំអោយ​មាន​អស្ថិរភាព​និង​ស្ថាបនា​ប្រទេស​នេះ​ឡើង​វិញ​»​ក្រោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដក​ចេញ​ហើយ​ក្រុម​​តា​លី​បង់​ចូល​កាន់​អំណាច​កាលពី​ខែ​សីហា​។​

​ការអំពាវនាវ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ការបរទេស​ចិន​លោក វ៉ាង យី បាន​ជួបប្រជុំ​ជាមួយ​តំណាង​ក្រុម​តា​លី​បង់​នៅ​ប្រទេស​កាតា ដើម្បី​ពិភាក្សា​បញ្ហា​មួយចំនួនធំ​។​

​សូមបញ្ជាក់​ថា ប៉ា​គី​ស្ថាន​និង​ចិន​ជា​សម្ពន្ធមិត្ត​យូរលង់​មកហើយ ។​ប្រទេស​ទាំង​ពីរ រួមជាមួយ​ប្រទេស​ដទៃ​ទៀត​បាន​បញ្ជូន​ជំនួយ​មនុស្សធម៌​ជាច្រើន​ទៅ​កាន់​ទីក្រុង​កា​ប៊ុល​នៅ​២​ខែ​មកនេះ​។​​ប៉ា​គី​ស្ថាន​ចង់​អោយ​សហគមន៍​អន្តរជាតិ​ដោះ​លែង​ទ្រព្យសម្បត្តិ​របស់​អា​ហ្វ​ហ្គានី​ស្ថាន​ដើម្បី​អាច​អោយ​រដ្ឋាភិបាលក្រុ​ង​កា​ប៊ុល​ប្រើ​លុយ​ផ្ទាល់​របស់​ខ្លួន​សំរាប់​បញ្ចៀស​កុំអោយ​វិបត្តិ​ផុង​កាន់តែ​ជ្រៅ​​ឡើង​។​

​បច្ចុប្បន្ន រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន​ដឹកនាំ​ដោយ​តា​លី​បង់ មិន​អាច​ចូល​ប្រើ​ទុនបំរុង​៩​ពាន់​លាន​ដុល្លារ​នៅ​ធនាគារ​កណ្តាល​អា​ហ្វ​ហ្គានី​ស្ថាន​បានទេ​។ ទ្រព្យ​ទាំងនេះ​ភាគច្រើន​តម្កល់​នៅ​ធនាគារ​​កណ្តាល​អាម៉េរិក​នៅ​ក្រុង​ញូវយ៉ក​។​

​សូម្បី​មុន​ការ​ចូល​កាន់​អំណាច​របស់​តា​លីបង់ ក៏​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​៤០​ភាគរយ​រស់​ពឹង​លើ​ជំនួយ​បរទេស​

​ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ដូ​ហា ប្រទេស​កាតា​កាលពី​ម្សិលមិញ ចិន​បាន​សន្យា​ជួយ​ក្រុម​តា​លី​បង់​ស្ថាបនា​ប្រទេស​ឡើងវិញ​ហើយ​បាន​អំពាវនាវ​ជា​ថ្មី​អោយ​អាម៉េរិក​ដក​ទណ្ឌកម្ម​ប្រឆាំង​ក្រុម​មេដឹកនាំ​​ថ្មី​របស់​អា​ហ្វ​ហ្គានី​ស្ថាន​នៅពេល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កាន់តែ​អាក្រក់​ទៅ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី បាន​ធ្វើ​ការសន្យា​ដូច្នេះ​ទៅកាន់​គណៈប្រតិភូ​តា​លី​បង់​នៅ​ក្រុង​ដូ​ហា ក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​លើកដំបូង​រវាង​ចិន​និង​អា​ហ្វ​ហ្គានី​ស្ថាន ចាប់តាំងពី​ក្រុម​តា​លី​បង់​​បង្កើត​រដ្ឋាភិបាល​មួយ​កាលពី​ខែ​កញ្ញា​។​

​លោក​វ៉ាង​បាន​និយាយថា សហគមន៍​អន្តរជាតិ​គួរ​ធ្វើការ​ជាមួយ​តា​លី​បង់​ក្នុង​លក្ខណៈ​សម​ហេតុផល​និង​ជាក់ស្តែង​មួយ​។​ចិន​គាំទ្រ​កិច្ចខិតខំ​ស្តារ​ស្ថិរភាព​និង​ស្ថាបនា​ប្រទេស​នេះ​ឡើង​វិញ នេះ​បើ​​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​ស៊ីន​ហួរ​បាន​បន្តថា អ្នកការទូត​កំពូល​ចិន​រូប​នេះ​ក៏​បាន​បញ្ជាក់ថា តា​លី​បង់គួរ​បង្ហាញ​ការបើកចំហ​និង​ការចះ​អត់ឳន​អធ្យាស្រ័យ បង្រួបបង្រួម​ក្រុម​ជនជាតិ​ទាំងអស់ និង​ការពារ​សិទ្ធិ​ស្ត្រី​និង​កុ​​មារ​។​ចិន​មាន​ជំនឿ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​តា​លី​បង់​នឹង​ចាត់វិធានការ​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ក្រាប​ចលនា​អ៊ីស្លាម​ទឺកគេ​ស្ថាននិង​អង្គកា​រ​ភេរវកម្ម​ដទៃទៀត​ដែល​បង្ក​ការ​គំរាម​ដល់​​សន្តិសុខ​ជាតិចិន​៕