ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីពេលថ្មីៗនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានផ្សព្វផ្សាយនូវរឿងប្រវត្តស្នេហ៍របស់ នង្គលីសោកា និង ករុណា ដែលជាសត្វទោចម្កុដពីរក្បាល បានជួបនិងលង់ស្រលាញ់គ្នា។
ប្រភពដដែលបានបន្តថា នៅពេលដែលលោក និក ម៉ាក ដែលជាប្រធានថែរទាំ និងសង្គ្រោះសត្វព្រៃ បានលឺដំណឺងថា សត្វទោចម្កុដឈ្មោលមួយក្បាលដែលមានឈ្មោះ នង្គលី សោកា បានបាត់បង់ដៃគូររបស់វា គាត់ក៏ចង់ជួយ។
នង្គលីសោការស់នៅក្នុងព្រៃឧត្តមស្រែពស់ ខេត្តកំពង់ស្ពឺ ហើយ នៅខែឧសភាសំណាងរបស់វាបានផ្លាស់ប្តូរ នៅពេលដែលសត្វទោចម្កុដញីមួយក្បាលដែលមានឈ្មោះថា ករុណា បានមករស់នៅជាមួយវានៅក្នុងព្រៃ។ ចាប់តាំងពីពេលនោះមក នង្គលីសោកា និងករុណា បានបង្កើតចំណងទំនាក់ទំនង ហើយបានរួមរស់ជាមួយគ្នារហូត ចាប់តាំងពីពេលនោះមក។
រហូតមកដល់ពេលនេះ ការដោះលែងទោចករុណាចេញពីទ្រុង ចូលទៅក្នុងព្រៃ ទទួលបានផលជោគជ័យ ដូច្នេះនាពេលអនាគត នឹងមានសត្វទោចម្កុដកាន់តែច្រើន នៅក្នុងព្រៃឧត្តមស្រែពស់។
រឿងរ៉ាវស្នេហាពិតនេះ អាចកើតឡើងបានដោយសារ ប្រធានរដ្ឋបាលព្រៃឈើនៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅគឺលោក ញឹក រតនាពេជ្រ ដែលជាកន្លែងករុណារស់នៅពីមុន និងក្រសួងបរិស្ថានដែលការពារព្រៃឧត្តមស្រែពស់។
សត្វទោចម្កុដ គឺជាសត្វជិតផុតពូជនៅទូទាំងសកល។ដូច្នេះ រាល់សត្វព្រៃដែលត្រលប់ទៅក្នុងព្រៃវិញ គឺជាការរួមចំណែកក្នុងការជួយសង្គ្រោះសត្វព្រៃ។
នៅប្រទេសកម្ពុជា ប្រភេទសត្វទាំងនេះត្រូវបានរកឃើញភាគច្រើននៅតំបន់ជួរភ្នំក្រវាញដែលអង្គការសម្ពន្ធ័មិត្តសត្វព្រៃ និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដើរល្បាតដើម្បីកាត់បន្ថយការគំរាមកំហែងដល់សត្វព្រៃ រួមទាំងសត្វទោចម្កុដផងដែរ៕