ប្រែសម្រួល : កញ្ញាដាលីស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាលោក រ៉ាចណាត ស៊ីង បានសរសេរនៅលើ Twitter ដោយមិនបាននិយាយចំឈ្មោះប្រទេសចិនថា “ការរួមបញ្ចូលយន្តហោះចម្បាំង Rafale គឺជាសារដ៏រឹងមាំមួយសម្រាប់ពិភពលោក និងជាពិសេសសម្រាប់អ្នកដែលប្រជែងនឹងអធិបតេយ្យភាពរបស់ឥណ្ឌា”។
– យន្តហោះ Rafale នៅមូលដ្ឋានទ័ពហាស្មីរ៉ា រដ្ឋវេសបេងហ្គាល់
ប្រមុខកងទ័ពជើងអាកាសឥណ្ឌាលោកបាដូរៀបាននិយាយថា ការដាក់បញ្ចូលយន្តហោះ Rafale កើតឡើង “ចំពេលវេលាសមស្របណាស់ ដោយគិតពីសេណារីយ៉ូសន្តិសុខ”។
លោកបាននិយាយថា កងអនុសេនាធំ Golden Arrows បានហោះយន្តហោះនេះរួចទៅហើយនិងបានឆ្លងកាត់ការហ្វឹកហ្វឺនដើម្បីរួមបញ្ចូលគ្នាយ៉ាងខ្លាំងក្លាជាមួយនឹងកងយន្តហោះចម្បាំងផ្សេងទៀត រួមទាំងការបាញ់អាវុធទំនើបៗផងដែរ។
លោកបានបន្ថែមថា “ដូច្នេះការចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះក៏ជាការកត់សម្គាល់ផងដែរនូវការចាប់ផ្តើមប្រតិបត្តិការនៃយន្តហោះនេះទៅក្នុង IAF ។យើងនឹងចេញធ្វើប្រតិបត្តិការបានយ៉ាងល្អជាមិនខាន” ។ ប្រសិនបើនិងនៅពេលដែលឥណ្ឌាសម្រេចចិត្តទិញយន្តហោះ Hornets វានឹងធានាឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់កងទ័ពអាកាសឥណ្ឌាជាមួយនឹងយន្តហោះ Rafale និង Hornets ដែលត្រៀមរួចជាស្រេចសម្រាប់តួនាទីប្រយុទ្ធឬសកម្មភាពពាក់ព័ន្ធណាមួយ។
– យន្តហោះចម្បាំងបំបាំងកាយ J-20 របស់ចិនដាក់ពង្រាយនៅចម្ងាយ ៣២០ គីឡូម៉ែត្រពីមូលដ្ឋានអាកាសឡាដាក់
ចិនបានបង្ហាញយន្តហោះចម្បាំងបំបាំងកាយថ្មីរបស់ខ្លួន J-20 ដែលជាយន្តហោះប្រយុទ្ធគេចពីរ៉ាដាដំបូងគេរបស់ប្រទេសនេះក្នុងអំឡុងពេលនៃការសាកល្បងមួយក្នុងចំណោមការសាកល្បងជាច្រើននៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងចេងទូ ខេត្តស៊ីឈាន់ ភាគនិរតីនៃប្រទេសចិនកាលពីខែមករា ឆ្នាំ ២០១១។
ការហោះហើរសាកល្បងនៃយន្តហោះចម្បាំងបំបាំងកាយថ្មីរបស់ចិនកាលពីថ្ងៃទី ១១ ខែមករាបានគ្របដណ្ដប់លើការប្រឹងប្រែងរបស់អាម៉េរិកក្នុងការពង្រឹងទំនាក់ទំនងយោធារកាំរកូសរវាងប្រទេសទាំងពីរ ដែលនេះសបញ្ជាក់ពីការប្រជែងគ្នាកាន់តែខ្លាំងឡើងរវាងមហាអំណាចទាំងពីរ។
យោងតាមរបាយការណ៍ ប្រទេសចិនបានដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ J-20 នៅចម្ងាយ ៣២០ គីឡូម៉ែត្រពីមូលដ្ឋានអាកាសឡាដាក់។រូបភាពផ្កាយរណបនៅពាក់កណ្តាលខែសីហាបានបង្ហាញយន្តហោះពីរគ្រឿងនៅតំបន់ហូតាន់ចំពេលមានការប្រឈមមុខដាក់គ្នារវាងឥណ្ឌានិងចិននៅឡាដាក់ភាគខាងកើត។
របាយការណ៍បាននិយាយថា កងទ័ពអាកាសឥណ្ឌាបានដាក់ពង្រាយយន្តហោះចម្បាំង Su-30 MKI, MiG-29 និង MiG-29K ហើយវេនរបស់យន្តហោះ Rafale ដែលត្រូវឈរជើងនៅជិតព្រំដែនមិនអាចមើលស្រាលបានឡើយ ព្រោះថាមូលដ្ឋានអាកាសអាមបាឡាគឺស្ថិតនៅចម្ងាយតែ ២០០ គីឡូម៉ែត្រពីព្រំដែនចិន។
– ចិនទម្លាក់កម្រិតយន្តហោះទំនើបរបស់ខ្លួន
យន្តហោះចម្បាំង J-20របស់ចិនត្រូវបានកោតសរសើរថាជាយន្តហោះចម្បាំងទំនើបបំផុតនៅក្នុងឃ្លាំងអាវុធរបស់ចិនជាមួយនឹងសមត្ថភាពវាយប្រហារចម្ងាយឆ្ងាយកម្រិតខ្ពស់ជាមួយនឹងសមត្ថភាពបញ្ញាសិប្បនិម្មិតដ៏ទំនើប។ របាយការណ៍បាននិយាយថា ចិនមានយន្តហោះ J-20 យ៉ាងហោចណាស់ ២០ គ្រឿង។
ទោះយ៉ាងណា សំណួរសំខាន់គឺថាតើយន្តហោះ J-20 ដែលភាគច្រើនមិនធ្លាប់សាកល្បងក្នុងលក្ខខណ្ឌសមរភូមិជាក់ស្តែងអាចដំណើរការនៅក្នុងតំបន់រយៈកម្ពស់ខ្ពស់នៅតំបន់ភ្នំហេមពាន្តបានដែរឬទេ?
តាមពិតទៅមានរបាយការណ៍ថា ចិនអាចនឹងទម្លាក់កម្រិតយន្តហោះទំនើបនេះបន្ទាប់ពីរបាយការណ៍របស់ Global Times និយាយថា វាជាយន្តហោះចម្បាំង “ជំនាន់ទីបួន” មិនមែនជាយន្តហោះ “ជំនាន់ទីប្រាំ” នោះទេ។
ទោះបីជាកងទ័ពអាកាសចិនចូលចិត្តប្រៀបធៀបយន្តហោះ J-20 ទៅនឹងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-35 របស់អាម៉េរិក ប៉ុន្តែអ្នកជំនាញលោកខាងលិចជឿថា យន្តហោះចិននៅមានផ្លូវវែងឆ្ងាយណាស់ដើម្បីទៅដល់កម្រិតយន្តហោះលោកខាងលិច ព្រោះចិននៅមិនទាន់បានសាកល្បងវានៅក្នុង “សង្គ្រាមមែនទែន” នៅឡើយទេ៕