ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ ក្រសួង​មុខងារសាធារណៈ និង​ធនាគារពិភពលោក បាន​សហការ​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនា​ន់ទី​១ និង​បើក​វគ្គ​ជំនា​ន់ទី​២ ស្តីពី ​«​ភាពជា​អ្នកដឹកនាំ និង​នវានុវត្តន៍​» ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​មាន​សមាសភាព​ចូលរួម​ពី​តំណាង​ស្ថានទូត​អូស្ត្រាលី សហភាព​អឺរ៉ុប ធនាគារពិភពលោក សិក្ខាកាម​ជា​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១ និង​ជំនា​ន់ទី​២ សរុប​ប្រមាណ​២៩៦​នាក់ មកពី​ក្រសួង​ស្ថាប័ន​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ព្រុំ សុខា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វគ្គ​នេះ​ដែល​បានរៀបចំ​បាន​យ៉ាង​ល្អ​និង​ដំណើរការ​រលូន​និង​ជោគជ័យ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​សិក្ខាកាម ការសម្របសម្រួល​ពី​ក្រុមការងារ​ក្រសួង​មុខងារសាធារណៈ សាលា​ភូមិន្ទ​រដ្ឋបាល និង​ធនាគារពិភពលោក ព្រមទាំង​ការចូលរួម​របស់​គ្រូ​ឧ​ទេ្ទ​ស និង​វាគ្មិន​កិត្តិយស ដែលមាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​ទី​១ ក៏ដូចជា​ផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​សម្រាប់​តម្រង់​ទិស​ដល់​សិក្ខាកាម​វគ្គ​ទី​២ ដូចខាងក្រោម​៖

1. អ្នកដឹកនាំ ជា​អ្នកកំណត់​ទម្រង់​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​ដែល​កើតឡើង​ជាយថាហេតុ ដូចនេះ​អ្នកដឹកនាំ​ត្រូវ​ស្វែងរក​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ពិភាក្សា​ឱ្យបាន​ស៊ីជម្រៅ និង​ល្អិតល្អន់ និង​រៀបចំ​ជម្រើស​ឱ្យបាន​ច្រើន​។​
2. អ្នកដឹកនាំ និង​មន្ត្រី​សាធារណៈ​ជាន់ខ្ពស់​ជា​អ្នកបង្កើត​នូវ​បរិយាកាស​នៅក្នុង​អង្គភាព​ដែល​អាចមាន​ការគាំទ្រ​និង​ជំរុញឱ្យមាន​នវានុវត្តន៍​ពី​ថ្នាក់ក្រោម ដូចនេះ​ត្រូវ​ជំរុញ​និង​លើកទឹកចិត្ត ក៏ដូចជា​បង្កលក្ខណៈ​ឱ្យមាន​ការចូលរួម​ពី​មន្ត្រី​ថ្នាក់ក្រោម​ឱ្យ​សកម្ម​។​
3.​ទំនាក់ទំនង​រវាង​អ្នកដឹកនាំ​និង​មន្ត្រី​មុខងារសាធារណៈ មាន​ឥទ្ធិពល​លើ​ការបង្កើតឱ្យមាន​នវានុវត្តន៍ មានន័យ​ថាបើ​អ្នកដឹកនាំ​ធ្វើឱ្យ​ការិយាធិបតេយ្យ​ដំណើរការ​រលូន នោះ​ភាព​ចម្រុះ​នៃ​ការធ្វើ​នវានុវត្តន៍​របស់​មន្ត្រី​ថ្នាក់ក្រោម​នឹងមាន​ការកើនឡើង​ដែលនាំឱ្យ​អ្នកដឹកនាំ​មាន​ភាពងាយស្រួល​ក្នុងការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​នានា​។​

ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​គាំទ្រ​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យបាន​ប្រសើរ ជាពិសេស​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យើងទាំងអស់គ្នា​ត្រូវតែ​ធ្វើ​នវានុវត្តន៍​ក្នុង​ដំណើរការ​អង្គភាព​របស់ខ្លួន ដើម្បី​រៀន​រស់​និង​ធ្វើការ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ដូច​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​តាម​
​អន​ឡាញ​នេះ ជា​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​។​

​សូមបញ្ជាក់​ផងដែរ​ថា វគ្គ​បណ្តុះបណ្តាល​នេះ​មាន​គោលបំណង ផ្តល់​ចំណេះដឹង និង​ការអភិវឌ្ឍ​ជំនាញ​ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស ការដឹកនាំ​និង​គ្រប់គ្រង​អំពី​ការផ្លាស់ប្តូរ​អង្គភាព និង​អំពី​របៀប​រៀបចំ​កន្លែង​ការងារ​ប្រកប ដោយ​កិច្ចសហការ​ល្អ​និង​ផលិតភាព​ខ្ពស់​។ ជា​លទ្ធផល​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនា​ន់ទី​១ មាន​សិក្ខាកាម​បញ្ចប់​វគ្គ​សរុប​ចំនួន​១៤៦ នាក់ (​ស្រី​ចំនួន​២២​នាក់​) ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មាន​ឋានៈ​ចាប់ពី​អគ្គនាយករង រហូតដល់​រដ្ឋលេខាធិកា​រ​ពី​ក្រសួង​-​ស្ថាប័ន​ចំនួន​២៧​។ ដោយឡែក វគ្គ​បណ្តុះបណ្តាល​ជំនា​ន់ទី​២ ដែល​ទើប​បើក​វគ្គ​នាពេលនេះ គឺមាន​សិក្ខាកាម​សរុប​ចំនួន​ប្រមាណ​១៥០​នាក់ ដែលជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​អគ្គនាយករង រហូតដល់​រដ្ឋលេខាធិកា​រ​តាម​ក្រសួង​-​ស្ថាប័ន ព្រមទាំង​មានការ​ចូលរួម​ផងដែរ​ពី អភិបាល ឬ​អភិបាលរង​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​២៥៕​