ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​រសៀល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ បាន​បន្ត​ចុះ​ពិនិត្យមើល ការងារ​អន្តរាគមន៍​ពង្រឹង​ទំនប់ ការពារ​ទឹកជំនន់ ស្ទឹង​ព្រែក​ត្នោត នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​។ ទឹកស្ទឹង​ព្រែក​ត្នោត នៅក្នុង​ខេត្តកំពង់ស្ពឺ រយៈពេល ២៤ ម៉ោង ត្រឹម​ព្រលប់ ថ្ងៃទី​២៦ ខែតុលា ទឹកបាន​ស្រក​ចុះ ១,១០ ម៉ែត្រ​ហើយ ទ្វារ​ទឹក​រលាំង​ជ្រៃ នៅ​បន្ត​បើក តែ​បាន​សម្រុត​ទ្វារ​ចុះ មួយ​ម៉ែត្រ គ្រប់​ទាំង ៥ ទ្វារ​។​

​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ ការងារ​អន្តរាគមន៍ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន ទឹក និង​ឧតុនិយម បាន​ណែនាំ និង​ដាក់​ផែនការ​បន្ថែម ដល់​មន្ត្រី​ទទួលខុសត្រូវ នៅតាម​គោលដៅ​នីមួយៗ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ ជួសជុល​កន្លែង ដែល​លេច​ធ្លាយ ឱ្យបាន​ទាន់ពេលវេលា និង​លើកកម្ពស់​ខ្នង​ទំនប់​បន្ថែម នៅ​កន្លែង​ណា​ទាប ធ្វើយ៉ាងណា កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា នូវ​ផលប៉ះពាល់ ពី​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដល់​បងប្អូន ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិសាស្ត្រ​ប្រឈម​នេះ​។​

​លោក លឹម គានហោ ដែល​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ក្នុង​ការកាយ​ប្រឡាយ បើកផ្លូវ​ទឹក រយៈពេល​ជាង​មួយខែ មកហើយ នៅក្នុង​ភូមិ សាស្ត្រ​ក្រុង​តាខ្មៅ ដើម្បី​រំដោះ​ទឹកជំនន់ នៅក្នុង​តំបន់​នោះ ក្នុង​រយៈពេល ពីរ បី ថ្ងៃនេះ គេ​បានឃើញ​លោក មាន​វត្តមាន​ទាំងយប់ ទាំង​ថ្ងៃ ជាមួយ​មន្ត្រី​ក្រុមការងារ របស់​ក្រសួង និង​អភិ បាល រាជធានី​ភ្នំពេញ ដើម្បី​ពិនិត្យ​និង ដឹកនាំ​បញ្ជា​ការងារ​អន្តរាគមន៍ ការពារ​ទំនប់​សណ្តរ ស្ទឹង​ព្រែក​ត្នោត ដែលមាន​ការយាយី ពី​ទឹកធ្លាក់​មកពី​ភាគ​ខាងលើ នៃ​ស្ទឹង​នេះ​។​

​លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ព្រលប់ ថ្ងៃទី​២៦ ខែតុលា​ថាៈ ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកំពង់ស្ពឺ បាន​ស្រក​ចុះ ច្រើន​ហើយ មកដល់​ល្ងាច​នេះ និង​បាន​ទម្លាក់​ទ្វារ ចុះ​វិញ​ខ្លះ ។
​នៅ​ពាម​ឃ្លៃ រយៈពេល ២៤ ម៉ោង ត្រឹម​ម៉ោង ៧ យប់​នេះ ទឹកបាន​ស្រក​ចុះ ១,១០​ម៉ែត្រ ។ ទ្វារ​ទឹក​រលាំង​ជ្រៃ នៅ​បន្ត​បើក​ទាំង​៥ ដោយ​ទ្វារ ២ មាន​កម្ពស់ មក​នៅត្រឹម ១ ម៉ែត្រ (​ទ្វារ​នីមួយៗ​) ២​ទ្វារ ២ ម៉ែត្រ និង ១​ទ្វារ ៣​ម៉ែត្រ​។​

​កាលពី​ព្រឹក​ទ្វារ​ទឹក​រលាំង​ជ្រៃ បើក​ទាំង ៥​ទ្វារ ដោយ​២ ទ្វារ​កម្ពស់​២.៥​ម៉ែត្រ​(​ទ្វារ​នីមួយៗ​) ២​ទ្វារ កម្ពស់​៣​ម៉ែត្រ (​ទ្វារ​នីមួយៗ​) និង ១​ទ្វារ កម្ពស់​៤​ម៉ែត្រ​។ នៅ​រលាំង​ជ្រៃ ថ្ងៃទី​២៦ ខែតុលា​នេះ ទឹក​មាន​កម្ពស់ ៧,៨៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ ខែតុលា ០,០១​ម៉ែត្រ​។ នៅ​ពាម​ឃ្លៃ ទឹក​មាន​កម្ពស់ ៧,០៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ តុលា ០,៥៥ ម៉ែត្រ​។ នៅ​អាងទឹក​តា​សាល ទឹក​មាន​កម្ពស់ ១៩,៧៥ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ តុលា ០,២៥ ម៉ែត្រ​៕/V​