ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកគ្រូ និងអ្នកគ្រូ ត្រូវទៅធ្វើតេស្តរកកូវីដ ១៩ ទូទាំងខេត្តបន្ទាយមានជ័យ ឲ្យបានគ្រប់គ្នា តាមផែនការដែលបានកំណត់ ដើម្បីឈានទៅ បើកសាលារៀន គ្រប់កម្រិត ទាំងសាលាសាធារណៈ និងឯកជន ឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដ៏ខ្លីខាងមុខ តទៅ។ នេះបើតាមលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថាៈ មុននឹងការបើកសាលារៀន គ្រប់កម្រិតឡើងវិញ ទាំងសាលាសាធារណៈ និងឯកជន ត្រូវមានវិធានការឱ្យបានច្បាស់លាស់ ជាមុនសិន ត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ ដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាគណៈគ្រប់គ្រងជាមុខសិន មុននឹងអនុញ្ញាតឱ្យ ចូលបង្រៀន។

លោកបានបន្តថាៈ មន្ទីររអប់រំ នឹងបើកកិច្ចប្រជុំ ដើម្បីពិភាក្សាលើដំណើរការបើកសាលារៀន គ្រប់កម្រិតនេះ ឡើងវិញ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការបើកសាលារៀននេះ ប្រព្រឹត្តិទៅ​ ប្រកបដោយរលូន។

លោកបានបន្តទៀតថាៈ ការបើកដំណើរការបង្រៀនឡើងវិញ គ្រប់សាលាគ្រប់កម្រិត ដោយកំណត់ ១ថ្នាក់ មាន ១៥ ទៅ ២០ នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវ គម្លាត សុវត្តិភាព និងវិធានការ សុខាភិបាលចាំបាច់នានា ចំពោះភូមិសាស្ត្រណា មានហានិភ័យ ទាប។ ចំពោះភូមិសាស្ត្រ ដែលមានហានិភ័យមធ្យម និងខ្ពស់​ផ្តល់អាទិភាព ទៅលើ សិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀត នៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន។ ប៉ុន្តែក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ ទៅ ២០ នាក់ និងឆ្លាស់វេនគ្នា ដើម្បីងាយស្រួល ក្នុងការបង្រៀន និងការគ្រប់គ្រង ទៀតផង។

លោកបានឲ្យដឹងបន្តទៀតថាៈ ការបើកដំណើរការ សាលារៀនឡើងវិញ គ្រប់កម្រិតនេះ បន្ទាប់ពីក្រសួងអប់រំ បានធ្វើការវាយតម្លៃ លើដំណើរការបង្រៀន និងរៀន តាមគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រ ដែលមានហានិភ័យទាប ប្រមាណ ៣០ ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកឲ្យដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនគ្រប់កម្រិត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ តទៅ ៕/V