ដោយៈ បូកគោ / កំពត: លោកម៉ៅ ធនិន បានក្រើនរំលឹកដល់ អ្នកគ្រប់គ្រងផ្សារឈូក បញ្ចៀសនូវការយកភាស៊ី ចំពោះអ្នកលក់ដូរកំប៉ុកកំប៉ុក ត្រឹមដាក់កញ្រ្ចែងល្អី ហើយសម្រួល ពួកគាត់ ឱ្យបានលក់ដូរ ក្នុងភាពសមរម្យ។

លោកអភិបាលខេត្តកំពត ក្រើនរំលឹកបែបនេះ​ នៅពេលលោកបានអញ្ជើញជួប សំណេះ សំណាល ជាមួយប្រជាពលរដ្ឋ និងអាជីវករផ្សារឈូក កាលពីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃ។

នៅទីនោះ លោក ម៉ៅ ធនិន បានមានប្រសាស ន៍ថាៈ អាជ្ញាធរស្រុក ពិសេសអ្នកគ្រប់គ្រង ផ្សារ ត្រូវរៀបចំសណ្តាប់ធ្នាប់ ឱ្យបានល្អទាំងក្នុង ព្រមទាំងបរិវេណជុំវិញផ្សារ ដើម្បីបង្ក ភាពងាយស្រួល ដល់អាជីវករ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ក្នុងការលក់ដូរ និងការធ្វើដំណើរ មកទិញម្ហូបអាហារ ឬទំនិញផ្សេងៗ។ លើសពីនោះ អ្នកវិនិយោគ មិនត្រូវយកថ្លៃភាស៊ី ចំពោះចាស់ជរា និងបងប្អូនប្រជាពលរដ្ឋ ដែលដាក់លក់ តាមកញ្ច្រែងល្អីតូចៗ ហើយត្រូវសម្រួលទីតាំងឱ្យពួកគាត់បានលក់ដូរក្នុងភាពសមរម្យ។

លោកអភិបាលខេត្ត បានបញ្ជាក់ថាៈ អ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរ ត្រូវធ្វើយ៉ាងណា រក្សាការពារសន្តិសុខ ឱ្យបានល្អប្រសើរ ដោយបញ្ចៀសឱ្យបាន នូវការបាត់បង់ទ្រព្យសម្បត្តិ ឬធ្វើឱ្យមានគ្រោះថ្នាក់ ជាយថាហេតុ ដែលនាំឱ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ និងអាជីវករ។ បន្ថែមលើនេះ ត្រូវរៀបចំប្រព័ន្ធខ្សែភ្លើង ដែលកំពុងមានភាពរញ៉េរញ៉ៃ កាត់ពីខាងលើដំបូលផ្សារ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងសុវត្តិភាព មួយរយភាគរយ៕/V