ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ចូ បៃ​ឌិន បានប្រកាសថា​សហរដ្ឋ​អាមេរិក​នឹង​ផ្ដល់​ថវិកា​បន្ថែមចំនួន​១០២​លាន​ដុល្លា​ដើម្បី​គាំទ្រ​ក្នុង​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ជាមួយ​អាស៊ាន​ហើយ​សហរដ្ឋអាមេរិក​នឹង​បន្ត​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ជាពិសេស​ក្នុង​ក្របខណ្ឌ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​លើក​ទី​៩ នា​យប់​ថ្ងៃទី ២៦ ខែតុលា​២០២១​ប្រមុខ​រដ្ឋាភិបាល អាស៊ាន​និង​អាមេរិក​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការរីកចម្រើន​និង​សមិទ្ធផល​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អាស៊ាន​និង​អាមេរិក ។ ជាពិសេស​លើ​កិច្ចសហប្រតិបត្តិការ​ជាច្រើន​វិស័យ មានដូចជា​ការ​ប្រ​យ​ទ្ធ​ជំងឺ​កូ​វីដ​១៩ ដែល​សហរដ្ឋអាមេរិក​បានផ្តល់​ការគាំទ្រ​ជាច្រើន​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​រួមទាំង​ការជួយ​ទៅ​អាស៊ាន​និង​ប្រទេស​សមាជិក​នីមួយៗ​។​

​លើសពីនេះ​ទៀត​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការកសាង​សហគមន៍​អាស៊ាន ,​ការធ្វើសមាហរណកម្ម​អាស៊ាន ជាពិសេស ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩, ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​,​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។​

​លោក​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ដិ​ន បានប្រកាសថា​អាមេរិក​នឹង​ផ្តល់​ថវិកា​បន្ថែម ១០២​លាន​ដុល្លារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​បន្តទៀត​។​សហរដ្ឋ​អា​មេ រិ​ក​នឹង​បន្ត​តួនាទី​ស្នូល​របស់​អាស៊ាន​នៅក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់​ជាពិសេស​ក្នុង​ក្របខណ្ឌ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​ថ្លែង​ដែរ​ថា​អាស៊ាន​នឹង​ជំរុញ​លើ​វិស័យ​ដទៃទៀត​ជាពិសេស​វិស័យសេដ្ឋកិច្ច​ឌីជីថល ។ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ក៏បាន​សន្យា​រក្សា​តំបន់​អាស៊ាន​ឱ្យ បាន​នូវ​សន្តិភាព ស្ថេរភាព និង​សន្តិសុខ ។ ហើយ​នៅ​ឆ្នាំក្រោយ​សហរដ្ឋអាមេរិក​និង​អាស៊ាន​នឹង​ប្រារព្ធ​ខួប​៤៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​អាមេរិក​និង​អាស៊ាន ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ។​

​ក្នុងជំនួប​នោះដែរ​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បាន​លើកឡើងថា​អ្វីដែល​អាមេរិក​កំពុងមាន​ជាមួយ​អាស៊ាន​គឺជា​ទំនាក់ទំនង​មួយ​រឹងមាំ​ហើយ​អាមេរិក​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​បន្ត​ការ គាំទ្រ​ដល់​អាស៊ាន​ដោយ​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន ។​ក្នុង​រយៈពេល​កន្លងមក​នេះ​អាមេរិក​បានផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជាង ៤០​លាន​ដូ​ស​និង​ជំនួយ ជាង ២០០​លាន​ដុល្លារ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ។ លោក​ប្រធានាធិបតី​បានលើកឡើង​ទៀតថា​ជា​គោលដៅ​អាមេរិក​នឹងចូលរួម​ចែករំលែក​វ៉ាក់សាំង​បន្ថែមចំនួន​មួយ ពាន់​លាន​ដូ​ស​។

​លោក​ប្រធានាធិបតី​អាមេរិក​ក៏បាន​ប្រកាស​ឲ្យ​ដឹងថា​កាលពី​ខែសីហា​ឆ្នាំ ២០២១ សហរដ្ឋអាមេរិក​បាន​ប្រកាស​បើក​ការិយាល័យ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺឆ្លង (CDC) នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។​លោក ចូ បៃ​ដិ​ន បាន​លើកឡើងថា​អាស៊ាន​បាន​ដើរតួនាទី​ស្នូល​ក្នុង​តំបន់​មិន​ត្រឹមតែ​សេដ្ឋកិច្ច និង ទីផ្សារ​ប៉ុណ្ណោះ​ទេ​តែ​ក៏មាន​តួនាទី​ជំរុញ កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និង​អាមេរិក​នៅក្នុង​តំបន់​តែម្តង ។ លោក​ប្រធានាធិបតី​អាមេរិក​បានបង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា​អាស៊ាន​នឹងចូលរួម​ជាមួយ​អាមេរិក​ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។​

​គួរ​បញ្ចា​កថា​បញ្ជាក់ថា​នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រធានាធិបតី​អាមេរិក​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​។ មេដឹកនាំ​អា ស៊ាន​ទាំងអស់​រួមទាំង​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការចូលរួម​របស់លោក​ប្រធានាធិបតី​អា​មេ​រិច​ក្នុងការ​ប្រជុំ​កំពូល​នេះ ៕