ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​តទៅ កម្ពុជា​បាន​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ជា «​ទេសចរណ៍​វ៉ាក់សាំង​» ដោយ​ចាប់ផ្តើម​មុនគេ នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង ក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​តារា​សាគរ នៃ​ខេត្តកោះកុង​។ ចំណែក​នៅ​ខេត្តសៀមរាប នឹង​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង នៅក្នុង​ខែមករា ឆ្នាំ​២០២២​។​

​តាម​សេចក្តីប្រកាស កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អន្តរជាតិ ស្នាក់នៅ និង​ទស្សនា​ក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព រយៈពេល ៥​ថ្ងៃ ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​សណ្ឋាគារ​ទេ​។ តែ​ភ្ញៀវទេសចរ​បរទេស ដែល​មក​កម្ពុជា ក្នុង​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង តម្រូវ​ឲ្យ​ធ្វើ​តែ​តេស្ត​រហ័ស រក​អង់​ទី​ហ្សែ​ន កូ​វីដ​១៩ ប៉ុណ្ណោះ នៅពេល​មកដល់​អាកាសយានដ្ឋាន​។ ករណី​ទទួលបាន​លទ្ធផល​អវិជ្ជមាន ភ្ញៀវទេសចរ អាច​ដើរ​កម្សាន្ត ដោយ​សេរី នៅក្នុង​តំបន់ ឬ​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ដោយ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ សុទ្ធតែ​ត្រូវបាន​ត្រួតពិនិត្យ​ការ​អនុវត្តតាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជាមុន​។​

​សេចក្តីប្រកាស លើកឡើងថា ភ្ញៀវទេសចរ​អន្តរជាតិ ដែល​មក​តាម​កម្មវិធី​ទេសចរណ៍​វ៉ាក់សាំង អាច​ស្នើសុំ​ប្រភេទ​ទិដ្ឋាការ​ទេសចរណ៍ ប្រភេទ T នៅតាម​ស្ថ​ន​ទូត ឬ​ស្ថាន​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​បរទេស ឬ​អាច​ស្នើសុំ​ទិដ្ឋាការ អេ​ឡិច​ត្រូ​និ​ច E-Visa ហើយ​ត្រូវ​មក​តាម​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​វ៉ាក់សាំង កូ​វីដ​១៩ ឬ​ជា​ទេសចរ មកជា​លក្ខណៈ​គ្រួសារ ឬ​ក្រុម​តូចៗ ជា​ទេសចរ​កម្រិត​ខ្ពស់ ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​។​

​ជាមួយនឹង​ដំណឹង​នៃ​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង ចាប់ពី​ថ្ងៃទី​៣០ខែវិច្ឆិកានៅថ្ងៃទី២៦ខែតុលាក្រសួងទេសចរណ៍ ក៏បាន​ប្រកាស​នូវ​វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣​។ វិធានការ ទាំង ៥​ចំណុច​នោះ ត្រូវបាន​ដាក់ចេញ​ដោយមាន​ចក្ខុវិស័យ​ច្បាស់លាស់ សម្រាប់​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​ចំនួន​ភ្ញៀវទេសចរ​ផ្ទៃក្នុង ប្រមាណ ១១​លាន​នាក់ នៅ​ឆ្នាំ​២០២៣​។​

​ក្រសួងទេសចរណ៍ បាន​រម្លឹក​ពី​ប្រសាសន៍​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​គូសបញ្ជាក់ថា ផ្តើមចេញពី​ការបើក​សាលារៀន​ឡើងវិញ បន្ទាប់មក​គឺ​វិស័យ​សេវាកម្ម ពិសេស​វិស័យ​ទេសចរណ៍ ដែល​ត្រូវធ្វើ​ឡើងជា ២​ជំហាន ដោយ​ជំហាន​ទី​១ បើក​ទេសចរណ៍​ផ្ទៃក្នុង និង​ជំហាន​ទី​២ គឺ​ទេសចរណ៍​វ៉ាក់សាំង​។​

​ឈរលើ​ស្មារតី​នេះ ក្រសួងទេសចរណ៍ ប្រកាសថា រាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​យុទ្ធនាការ “​ទស្សនា​ស្រុក​យើង​” ក្រោម​ស្មារតី “​ស្រឡាញ់​ជាតិ ត្រូវ​ស្គាល់​ទឹកដី​” សំដៅ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង តាមរយៈ​ការបង្ក​លក្ខណៈ​ងាយស្រួល​ឲ្យ​ប្រជាពលរដ្ឋ អាចធ្វើ​ដំណើរ​បាន​ទូទាំងប្រទេស ប្រកបដោយ​សុវត្ថិភាព និង​ក្តី​សប្បាយរីករាយ​។

​ក្នុងន័យនេះ ក្រសួងទេសចរណ៍ លើកឡើងថា ការរៀបចំ​វិធានការ​គោលនយោបាយ ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣ បានដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ ដែល​រួមមាន ទាំង​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល វិធានការ​សារពើពន្ធ និង​វិធានការ​មិនមែន​សារពើពន្ធ សរុប​ចំនួន ៣៥​វិធានការ សំដៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ធំៗ ចំនួន ៥ រួមមាន​៖ ១-​ការលើកកម្ពស់​ទំនុក​ចិត្ត និង​ភាពជឿជាក់​របស់​ភ្ញៀវទេសចរ​ផ្ទៃក្នុង​។ ២-​ការជំរុញ​ដំណើរការ​ឡើងវិញ​រប​ស់​អាជីវកម្ម​-​ប្រតិបត្តិការ​ទេសចរ​ណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។ ៣-​ការបង្ក​លក្ខណៈ​ងាយស្រួល ដល់​ភ្ញៀវទេសចរ​ផ្ទៃក្នុង​។ ៤-​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​បម្រើ​ឲ្យ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង និង​ទី​៥-​ការផ្សព្វផ្សាយ ការអប់រំ និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​។​

​ដូច្នេះ​ដើម្បី​ធានា​ការសម្រេចបាន​នូវ​ការអនុវត្ត វិធានការ​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង ឆ្នាំ​២០២១-២០២៣ នេះ ប្រកបដោយ​ភាពជោគជ័យ និង​ប្រសិទ្ធភាព​ខ្ពស់ ទាមទារ​ចាំបាច់​នូវ​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រៀងៗ​ខ្លួន ដោយ​ឈរលើ​គោលការណ៍​ភាពជា​ដៃគូ «​រដ្ឋ​-​ឯកជន​-​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​-​ដៃគូ​អភិវឌ្ឍ​»​។​

​ការដាក់ចេញ និង​ការជំរុញ​អនុវត្ត​វិធានការ​គោលនយោបាយ​ទេសចរណ៍​វ៉ាក់សាំង និង​ទេសចរណ៍​ផ្ទៃ​ក្នុងនេះ នឹងចូលរួម​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​នឹង​ផ្តល់​ផ្លែផ្កា ចូលរួម​ទ្រទ្រង់ ដល់​ការ​ងើបឡើង​វិញ​នៃ​កំណើនសេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ សំដៅ​ស្តារ និង​ព​ន្លឿ​ន​ដំណើរការ​ឡើងវិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច ក្នុងប្រទេស​កម្ពុជា តាម​គន្លង​ប្រក្រតីភាព​ថ្មី នៅ​ចុងឆ្នាំ​២០២១ ខាងមុខ​។​

​ការដាក់ចេញ​នូវ​វិធានការ​ស្តារ​វិស័យ​ទេសចរណ៍ តាមរយៈ​ទេសចរណ៍​វ៉ាក់សាំង ក៏ដូចជា​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក​នេះ ធ្វើឡើង​ខណៈដែល​កម្ពុជា ក៏បាន​ធូរស្បើយ​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ រហូត​ពេលនេះ មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ថយចុះ មក​នៅតែ​ជាង ១០០​នាក់ ក្នុង​១​ថ្ងៃ និង​ស្លាប់​ក្រោម ១០​នាក់​។ រីឯ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង សម្រេចបាន​ស្ទើរតែ ១០០ភារយ​។ ក្នុងនោះ កម្ពុជា ក៏​នឹង​បើក​សាលារៀន​ឡើងវិញ នៅ​គ្រប់​កម្រិត នៅ​ថ្ងៃទី​១ ខែវិច្ឆិកា នៅ​ទូទាំងប្រទេស​ផងដែរ​៕​សរន