ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​ផ្តល់នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​២០​ម៉ឺន​ដូ​ស​ជូន​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ។ នេះ​បើ​យោងតាម​បញ្ជាក់​របស់លោក​ស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់ វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​បាន​ប្រាប់​សារព័ត៌​មាននៅ​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១​នេះ​។​

​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន នឹង​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ដើម្បី​រៀបចំ​ពិធី​ប្រគល់​វ៉ាក់សាំង​ជូន​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២១​ខាងមុខនេះ​នៅ​ព្រំដែន​បាវិត​-​មុក​ប៉ាយ​ក្នុង​ខេត្តស្វាយរៀង​។​

​សូម​រម្លឹកថា​កម្ពុជា​ធ្លាប់បាន​ផ្តល់​ជា​ថវិកា ម៉ាស​និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយចំនួន​ជូន​ប្រទេស​ក្នុង​តំបន់​មាន​ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ទី​ម័​រ​ឡេ​ស្តេ នេ​ប៉ាល់ ។​ល​។ ហើយ​ចុងក្រោយ កម្ពុជា​ក៏បាន​ផ្តល់នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រទេស​ឡាវ​ផងដែរ ៕