ដោយៈ សរិទ្ធ / កណ្តាល៖ មានការភ្ញាក់ផ្អើលមួយ ទាំងកណ្តាលអធ្រាត្រ ខណៈកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល សហការជាមួយ កម្លាំងចម្រុះនៃអធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ចុះឡោមព័ទ្ធ បង្ក្រាបភោជនីយ ដ្ឋាន អាយផាប់ ដែលលួចបើកទទួលភ្ញៀវ និងមានការប្រគំតន្ត្រីជាវង់ មានសម្លេងឮៗ ចេញមកខាងក្រៅ ព្រមទាំងបានឃាត់ខ្លួនមនុស្ស ៦ នាក់ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្នុងភោជនីយដ្ឋាន អាយ ផាប់ ស្ថិតនៅផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល បានប្រាប់ថាៈ ប្រតិបត្តិការនេះ បានឃាត់ខ្លួនបុគ្គលិក ៤ នាក់ និង អ្នកចម្រៀង ២ នាក់ ។ ចំណែកម្ចាស់ទីតាំង និងភ្ញៀវ បានរត់គេចខ្លួន តាមទ្វារក្រោយអស់ បន្សល់ទុករថយន្ត ៦ គ្រឿង និង ម៉ូតូ ១៤ គ្រឿង ។
លោកបានបន្តទៀតថាៈ ភោជនីយដ្ឋាន អាយ ផាប់ បានបិទបណ្តោះអាសន្នហើយ ។ ដោយឡែក ម្ចាស់ទីតាំង សមត្ថកិច្ច កំពុងតាមស្វែងរក និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕/V