ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖សេតវិមានបាននិយាយថា នៅជំនួបកំពូលមួយជាមួយមេដឹកនាំអាស៊ានកាលពីថ្ងៃអង្គារទី២៦តុលា ប្រធានាធិបតីអាម៉េរិកបានប្រកាសថ្កោលទោសរដ្ឋប្រហារយោធានិង”អំពើហិង្សាដ៏រន្ធត់”នៅមីយ៉ាន់ម៉ា ។
ថ្លែងទៅកាន់ជំនួបកំពូលតាមវីដេអូបន្តផ្ទាល់ លោកបៃដិន«បានសម្តែងការព្រួយបារម្ភជាខ្លាំងអំពីរដ្ឋប្រហារយោធានិងអំពើហិង្សាដ៏រន្ធត់នៅភូមា(មីយ៉ាន់ម៉ា)និងបានអំពាវនាវអោយរបបយោធានៃប្រទេសនេះបញ្ចប់អំពើហិង្សាជាបន្ទាន់ ដោះលែងជនជាប់ឃុំដោយអយុត្តិធម៌ និងស្តារមាគ៌ារបស់ភូមាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យឡើងវិញ»។
សូមបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានពហិការមិនចូលរួមជំនួបកំពូលអាស៊ាន បន្ទាប់ពីប្រមុខដឹកនាំរបស់ខ្លួនត្រូវបានហាមឃាត់មិនអោយចូលរួមកិច្ចប្រជុំ ដោយសារតែលោកខ្វះកិច្ចសហការជាមួយតំណាងពិសេសអាស៊ាននៅក្នុងការអនុវត្តផែនការស្តារសន្តិភាពនិងប្រជាធិបតេយ្យរបស់ប្រទេសជាសមាជិកមួយនេះឡើងវិញ។
សេចក្តីថ្លែងការណ៍រប្រើសម្តីខ្លាំងរបស់សេតវិមាននេះ កើតឡើងក្រោយពីលោកបៃដិន បាននិយាយជាចំហទៅកាន់ជំនួបអាស៊ានដែលលោកចង់សំដៅទៅរកការទប់ទល់នឹងចិនតែមិនប្រើពាក្យ”ចិនឬមីយ៉ាន់ម៉ា”ចំទេ។
ថ្លែងតាមវីដេអូបន្តផ្ទាល់ចេញពីសេតវិមាន លោកបៃដិនបានហៅអាស៊ានថា “មានសារសំខាន់” និងថាអាម៉េរិកប្តេជ្ញា”គោរពភាពជាកណ្តាលរបស់អាស៊ាន”។
តាមពិតអាម៉េរិកមិនជាសមាជិករបស់អាស៊ានទេ តែមើលឃើញប្លុក១០ប្រទេសនេះថាជាផ្នែកសំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីរុញច្រានវត្តមានការទូត ពាណិជ្ជកម្មនិងយោធាកាន់តែរីកធំរបស់ចិននៅទូទាំងអាស៊ី។
ទោះជាមិនបាននិយាយចំពោះឈ្មោះចិន តែការផ្តោតរបស់លោកគឺច្បាស់លាស់ដោយអំពាវនាវអាស៊ានអោយធ្វើខ្លួនជាស្នូលក្នុងការថែរក្សាតំបន់មួយ«ដែលគ្រប់ប្រទេសអាចប្រជែងគ្នានិងទទួលជោគជ័យក្នុងទីលានកំរិតប្រកួតមួយ ហើយគ្រប់ប្រទេសមិនថាតូចឬធំ ត្រូវគោរពច្បាប់»។
លោកបាននិយាយទៀតថា «ភាពជាដៃគូអាស៊ានមានសារសំខាន់នៅក្នុងការថែរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមួយសេរីនិងបើកចំហ ដែលវាបានធ្វើជាគ្រឹះនៃសន្តិសុខនិងវិបុលភាពរួមរបស់យើងសំរាប់ពេលជាច្រើនទសវត្សរ៍។អាម៉េរិកគាំទ្រយ៉ាងខ្លាំងទស្សនវិស័យអាស៊ានអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកនិងច្បាប់ផ្អែកលើសណ្តាប់ធ្នាប់ពិភពលោក»៕
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថ្លែងចូលរួមជំនួបកំពូលអាស៊ាន-អាម៉េរិកចេញពីសេតវិមានកាលពីថ្ងៃអង្គារ