ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃអង្គារគណៈកម្មាធិការព្រឹទ្ធសភាប្រេស៊ីលមួយបានផ្តល់អនុសាសន៍ថាលោកប្រធានាធិបតី ជែរ បូលសូណារ៉ូត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋជាបន្តបន្ទាប់សម្រាប់សកម្មភាពនានានិងការមើលស្រាលជាច្រើនដែលទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ខ្ពស់បំផុតទីពីរលើពិភពលោក។
ការបោះឆ្នោតក្នុងសំឡេង ៧ ទល់នឹង ៤ គឺជាការសង្ខេបនៃការស៊ើបអង្កេតរបស់គណៈកម្មាធិការនេះរយៈពេលប្រាំមួយខែនៃការដោះស្រាយជំងឺរាតត្បាតរបស់រដ្ឋាភិបាល។វាបានទទួលស្គាល់ជាផ្លូវការនូវរបាយការណ៍ដែលអំពាវនាវឱ្យរដ្ឋអាជ្ញាកាត់ទោសលោកបូលសូណារ៉ូពីបទចោទប្រកាន់ជាច្រើនរាប់ចាប់ពីការធ្វើពើជាមិនដឹងនិងបទល្មើសញុះញង់រហូតដល់ការប្រើប្រាស់ខុសនូវមូលនិធិសាធារណៈនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយក្នុងការធ្វើដូច្នេះគឺអាចចាប់គាត់ឱ្យទទួលខុសត្រូវចំពោះការស្លាប់ដោយសារកូវីដ១៩ ជាង៦០០.០០០ នាក់របស់ប្រេស៊ីល។
ប្រធានាធិបតីបានបដិសេធមិនបានធ្វើខុសទេ ហើយការសម្រេចចិត្តថាតើត្រូវដាក់ការចោទប្រកាន់ភាគច្រើនយ៉ាងណានោះគឺអាស្រ័យលើអគ្គរដ្ឋអាជ្ញា លោក អូគូស្តូ អារ៉ាស់ដែលតែងតាំងដោយលោកបូលសូណារ៉ូ ដែលគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកការពាររូបគាត់។
ការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនឹងត្រូវសម្រេចបន្តដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
ព្រឹទ្ធសមាជិកលោក អូម៉ា អាស៊ីស ប្រធាននៃការស៊ើបអង្កេតនេះបាននិយាយថា លោកនឹងផ្តល់អនុសាសន៍នេះទៅអគ្គរដ្ឋអាជ្ញានៅព្រឹកថ្ងៃពុធទី២៧តុលា។ការិយាល័យរបស់លោកអារ៉ាស់បាននិយាយថា របាយការណ៍នេះនឹងត្រូវបានពិនិត្យយ៉ាងយកចិត្តទុកដាក់ភ្លាមៗនៅពេលដែលទទួលបាន។
ដោយមិនគិតថាតើការចោទប្រកាន់ត្រូវបានដាក់ប្តឹងឬអត់នោះ របាយការណ៍នេះត្រូវគេរំពឹងថានឹងជំរុញឱ្យមានការរិះគន់ប្រធានាធិបតីរូបនេះដែលអត្រាគាំទ្ររបស់គាត់បានធ្លាក់ចុះនៅមុនយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ឆ្នាំ ២០២២ ដែលមួយផ្នែកធំគឺដោយសារតែចំនួនអ្នកស្លាប់ដោយកូវីដ១៩ ធំធេងពេកនៅក្នុងប្រទេសប្រេស៊ីល។
ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក លោកបូលសូណារ៉ូបានបំផ្លាញការរឹតបន្តឹងរបស់មេដឹកនាំក្នុងតំបន់លើសកម្មភាពនានាដែលមានគោលបំណងបញ្ឈប់ការរីករាលដាលនៃមេរោគកូរ៉ូណា ដោយនិយាយថា សេដ្ឋកិច្ចចាំបាច់ត្រូវបន្តបើកដំណើរការ ដូច្នេះអ្នកក្រនឹងមិនទទួលរងនូវការលំបាកធ្ងន់ធ្ងរជាងនេះ។ គាត់ក៏បានកោតសរសើរថ្នាំប្រឆាំងជំងឺគ្រុនចាញ់ជាយូរផងដែរបន្ទាប់ពីការធ្វើតេស្តិ៍ទូលំទូលាយបង្ហាញថាវាមិនមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ១៩ បានរៀបចំការប្រមូលផ្តុំហ្វូងមនុស្សដោយមិនពាក់ម៉ាស់ និង បានសាបព្រួសការសង្ស័យអំពីវ៉ាក់សាំង៕
លោកប្រធានាធិបតី ជែរ បូលសូណារ៉ូ