​ប្រែ​សម្រួលៈ​វាសនា​, កញ្ញា​ដា​លី​ស​(cgtn,​ដេលី​មែ​ល​)៖​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​សម្តែង​«​ការ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​»​ការ​ដែល​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​និយាយ​ទាក់ទង​នឹង​ការចូលរួម​របស់​​អាជ្ញាធរ​កោះ​តៃវ៉ាន់​ទៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​

​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​អាម៉េរិក​បានបញ្ជាក់​ថា​ពាក់ព័ន្ធ​បញ្ហា​តៃវ៉ាន់ ប្រព័ន្ធ​-​ទីភ្នាក់ងារ​និង​លេខាធិការដ្ឋាន​របស់​អង្គការសហប្រជាជាតិ​គួរ​គោរព​តាម​គោលការណ៍​ចិន​មួយ​និង​សេចក្តី​​សំរេចចិត្ត​លេខ​2758​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​«​យើង​ស្នើ​សុំ​អោយ​ភាគី​អាម៉េរិក​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ​និង​ខ​ច្បាប់​នៃ​សេចក្តីថ្លែងការណ៍​រួម​ចិន​-​អាម៉េរិក​ចំនួន​៣ ព្រមទាំង​គោរព​សេចក្តីសំរេចចិត្ត​លេខ​2758»​។​

​អ្នកនាំពាក្យ​ក៏បាន​អំពាវនាវ​អោយ​ភាគី​អាម៉េរិក​ឈប់​និយាយ​គ្មាន​ការទទួលខុសត្រូវ​និង​ខុសឆ្គង​ហើយ​ចាត់វិធានការ​មាំទាំ​ឡើង​ដើម្បី​រក្សា​ស្ថានការណ៍​ទូទៅ​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក ព្រម​​ទាំង​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​ប្រតិកម្ម​របស់​ស្ថានទូត​ចិន​នេះ​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា​បាន​ជំរុញ​ឱ្យ​មាន​ការរួម​បញ្ចូល​តៃវ៉ាន់​កាន់តែ​ច្រើន​នៅ​​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ នៅក្នុង​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​បង្កើន​ការគាំទ្រ​ដល់​កោះ​នេះ ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​ចិន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រំលឹក​ខួប ៥០ ឆ្នាំ​បន្ទាប់ពី​មហាសន្និបាត​អ​.​ស​.​ប​បាន​បោះឆ្នោត​ផ្តល់​កៅអី​ដល់​ទីក្រុង​ប៉េកាំង​និង​ទាត់​ចោល​ទីក្រុង​តៃប៉ិ​លោក​ប្លីង​ខិន បាន​សម្តែង​ការសោកស្តាយ​​ដែល​កោះ​តៃវ៉ាន់​ទោះជា​បច្ចុប្បន្ន​ជា​ប្រជាជាតិ​ប្រជាធិបតេយ្យ​ដ៏​មាន​ស្តុកស្តម្ភ តែ​ត្រូវបាន​ដកចេញ​កាន់តែខ្លាំង​ឡើង​នៅលើ​ឆាក​ពិភពលោក​។​

​លោក​ប្លីង​ខិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នៅពេល​ដែល​សហគមន៍​អន្តរជាតិ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ និង​សកល​មិន​ធ្លាប់​មាន​ពីមុន​មក​វា​ជា​រឿង​សំខាន់​សម្រាប់​​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ នេះ​រួម​បញ្ចូល​ទាំង​មនុស្ស ២៤ លាន​នាក់​ដែល​រស់​នៅ​កោះ​តៃវ៉ាន់​”​។​

​លោក​បាន​និយាយថា “​ការចូលរួម​ដ៏​មាន​អត្ថន័យ​របស់​តៃវ៉ាន់​នៅក្នុង​ប្រព័ន្ធ​អ​.​ស​.​ប​មិនមែន​ជា​បញ្ហា​នយោបាយ​ទេ ប៉ុន្តែ​ជា​បញ្ហា​ផ្អែក​លើ​ហេតុផល​ជាក់ស្តែង​”​។​

​លោក​បាន​និយាយថា “​នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋ​ជា​សមាជិក​អ​.​ស​.​ប​ទាំងអស់​ចូលរួម​ជាមួយ​យើង​ក្នុង​ការគាំទ្រ​ការចូលរួម​ដ៏​រឹងមាំ​និង​មានន័យ​របស់​តៃវ៉ាន់​នៅ​ទូទាំង​​ប្រព័ន្ធ​អ​.​ស​.​ប​និង​ក្នុង​សហគមន៍​អន្តរជាតិ​”​។​

​លោក​ប្លីង​ខិន​បាន​ចង្អុល​ទៅ​ការដក​តៃវ៉ាន់​ចេញ​ពី​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​អង្គការ​អាកាសច​រណ៍​ស៊ីវិល​អន្តរជាតិ​និង​អង្គការ​សុខភាព​ពិភពលោក​។​

​លោក​បាន​កត់សម្គាល់​ថា តៃវ៉ាន់​ត្រូវបាន​គេ​សាទរ​ចំពោះ​ការឆ្លើយតប “​លំដាប់​ពិភពលោក​” របស់​ខ្លួន​ចំពោះកូ​វីដ​១៩​ដែល​បាន​សង្គ្រោះ​កោះ​នេះ​ភាគច្រើន​ពី​មេរោគ​បន្ទាប់ពី​ការធ្វើ​​អន្តរាគមន៍​ឆាប់រហ័ស​ជាមុន ហើយ​ថា​អ្នកដំណើរ​រាប់សិប​លាន​នាក់​បាន​ឆ្លងកាត់​អាកាសយានដ្ឋាន​តៃវ៉ាន់​ជា​រៀងរាល់ឆ្នាំ​។​

​លោក​ប្លីង​ខិន​និយាយថា “​តៃវ៉ាន់​បាន​ក្លាយជា​រឿងនិទាន​ជោគជ័យ​បែប​ប្រជាធិបតេយ្យ​។ យើង​ស្ថិតក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​អ​.​ស​.​ប​ជាច្រើន​ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ដៃគូ​ដ៏​មាន​តម្លៃ​និង​ជា​មិត្ត​ដែល​គួរឱ្យ​ជឿទុកចិត្ត​”​។​

​លោក​ប្លីង​ខិន​បាន​បញ្ជាក់​ជា​ថ្មី​ថា សហរដ្ឋ​អាម៉េរិក​នៅតែ​ទទួល​ស្គាល់​តែ​ទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ​៕

រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន