ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ខណៈអង់គ្លេសបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ប្រទេសនេះបានរាយការណ៍ករណីឆ្លងជាង ៤០.០០០នាក់ចំពេលមានការកើនឡើងនៃករណីចូលដេកមន្ទីរពេទ្យ។
របាយការណ៍បាននិយាយថា អត្រានៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមីនា។ ចំពេលមានករណីឆ្លងកើនឡើងទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA)បានប្រកាសថា មេរោគបំប្លែងខ្លួន AY.4.2 ត្រូវបានកំណត់ថាជា “មេរោគបំប្លែងខ្លួនដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត”។
ទីភ្នាក់ងារសុខភាពនេះបាននិយាយថា មេរោគបំប្លែងនេះ “អាចមានអត្រាកំណើនកើនឡើងនៅក្នុងចក្រភពអង់គ្លេសធៀបទៅនឹងមេរោគ Delta”។
Delta គឺជាពូជមេរោគបំប្លែងខ្លួនលេចធ្លោជាងគេនៅក្នុងចក្រភពអង់គ្លេស តែទោះយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្រនិយាយថា មេរោគបំប្លែងខ្លួន AY.4.2កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
កាលពីសប្តាហ៍មុន ប្រទេសនេះបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៥០.០០០ ករណី ខណៈរបាយការណ៍បានអះអាងថា កុមារនៅសាលាបានទទួលរងផលប៉ះពាល់កាន់តែខ្លាំងពីមេរោគនេះ។
រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក សាជីដ ចាវីដ បានព្រមានថា ករណីឆ្លងវីរុសកូរ៉ូណាអាចឡើងដល់ ១០០.០០០នាក់ក្នុងមួយថ្ងៃ។ ចក្រភពអង់គ្លេសជាប្រទេសមួយក្នុងចំណោមប្រទេសដែលទទួលរងគ្រោះដោយជំងឺរាតត្បាតដ៏អាក្រក់បំផុត ដោយមានអ្នកឆ្លងជាង ៨,៦ លាននាក់ និងស្លាប់ជាង ១៦៣.៥១៥ នាក់៕
ករណីឆ្លងវីរុសកូរ៉ូណានៅអង់គ្លេសអាចឡើងដល់ ១០០.០០០ នាក់ក្នុងមួយថ្ងៃ ដោយសារមេរោគបំប្លែងខ្លួនថ្មី AY.4.2