​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​កាសែត​រដ្ឋ​ចិន Global Times បានឱ្យដឹងថា បញ្ជាការដ្ឋាន​យោធា​តំបន់​ស៊ីន​ជាំ​ង​របស់​កងទ័ព​រំដោះប្រជាជន (PLA) បានទទួល “​យានយន្ត​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ប្រភេទ​ថ្មី​”​។​

​កាសែត​ចិន​បាន​និយាយថា យានជំនិះ​ថ្មី​នេះ​ត្រូវ​គេ​រំពឹងថា​នឹង “​ធានាបាន​នូវ​ការគាំទ្រ​ផ្នែក​ភស្តុរភាដ​ល់​កងទ័ព​ការពារ​ព្រំដែន​នៅ​តំបន់​ខ្ពង់រាប ខណៈ​រដូវរងា​ខិត​ជិត​មក​ដល់​និង​ខណៈ​ភាព​​តានតឹង​នៅ​ព្រំដែន​ចិន​-​ឥណ្ឌា​ប្រឈម​កើនឡើង​សាជាថ្មី​ម្តងទៀត​”​។​

​របាយការណ៍​បាន​បន្ថែមថា អង្គភាព​មួយ​របស់ PLA ឈរជើង​នៅក្នុង “​តំបន់​ព្រំដែន​ដែល​មាន​ព្រិល​ធ្លាក់​ខ្ពស់​” ទី​ដែល​ការដឹកជញ្ជូន​មាន​ការលំបាក​។​

​កាសែត​នេះ​បាន​ជូនដំណឹង​ថា “​យានជំនិះ​នេះ​ត្រូវបាន​កែសម្រួល​តាម​តម្រូវការ​របស់​កងទ័ព​” ហើយ​អាច​ផ្ទុក​ទម្ងន់​ធ្ងន់​បាន​និង​អាច “​ឆ្លងកាត់​ដោយ​សេរី​នៅ​ក្នុង​ច្រាំងទន្លេ វាល​ខ្សាច់ ភ្នំ និង​វាល​ព្រិល ទោះបី​ស្ថិត​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​អាក្រក់​ក៏​ដោយ​”​។​

​របាយការណ៍​នេះ​បានចង្អុលបង្ហាញ​ថា ការប្រគល់​យានយន្ត​នេះ​ធ្វើឡើង​នៅពេលដែល​”​ចិន​និង​ឥណ្ឌា​បាន​បរាជ័យ​ក្នុង​ការឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ក្នុងអំឡុង​កិច្ចពិភាក្សា​កម្រិត​​មេបញ្ជាការ​ជុំ​ទី​១៣”​។​

​របាយការណ៍​នេះ​កើតឡើង​ខណៈ​កងទ័ព​ឥណ្ឌា​និយាយ​នា​ពេល​ថ្មីៗ​នេះ​ថា សកម្មភាព​របស់​ចិន​បាន​កើនឡើង​តិចតួច​នៅតាម​បណ្តោយ​បន្ទាត់​គ្រប់គ្រង​ជាក់ស្តែង (LAC) ខណៈ PLA ធ្វើ​សមយុទ្ធ​។​

​កងទ័ព​ឥណ្ឌា​បាន​បង្កើន​ការឃ្លាំមើល​តាម​បណ្តោយ​ព្រំដែន ខណៈ​ខ្លួន​បានបញ្ជាក់​ថា “​ភូមិ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ជិត​ព្រំដែន​”​។​

​កងទ័ព​ឥណ្ឌា​បាន​បន្ថែមថា ខ្លួន​បាន​បញ្ជូន​យានជំនិះ​គ្មាន​មនុស្ស​បើក (UAVs) រ៉ា​ដា ប្រព័ន្ធ​មើលឃើញ​ពេលយប់ ដើម្បី​តាមដាន​សកម្មភាព​របស់​ចិន​នៅ​តាម​ព្រំដែន​៕

​ទាហាន​ចិន​កំពុង​ឡើង​ជិះ​លើ​រថពាសដែក