ដោយៈ សុផល / ភ្នំពេញ​៖ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​កូរ៉េ (​ក​យ​កា – KOICA) ប្រចាំ​នៅ​កម្ពុជា នឹង​បើក​ដំណើរការ កម្មវិធី​បណ្តុះបណ្តាល​មួយ តាម​ប្រព័ន្ធ អន​ឡាញ ស្តីពី “​ការពង្រឹង​សមត្ថភាព លើ​យន្តការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា​” ដែលមាន​ការចូលរួម​ពី​សិក្ខាកាម មកពី គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​ក​យ​កា​-KOICA ចាប់ផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​វិញ ដោយ ពិចារណា​ថា វា​នឹងមាន​ការលំបាក ក្នុងការ​អនុវត្ត​កម្មវិធី អញ្ជើញ​ទៅ​បណ្តុះបណ្តាល​ដោយ ផ្ទាល់ នៅ​ប្រទេស​កូរ៉េ នៅក្នុង​ឆ្នាំនេះ ដោយសារ​ស្ថានភាព​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩​។

​គោលបំណង នៃ​ការបណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​នេះ គឺ​ដើម្បី​រួមចំណែក ដល់​ការសម្រេចបាន នូវ​សមត្ថភាព ក្នុងការ​ស្វែងយល់ អំពី​ប្រព័ន្ធ​សិទ្ធិមនុស្ស​អន្តរជាតិ និង​បង្កើត​គោលនយោបាយ​សិទ្ធិមនុស្ស​។​

​ឆ្នាំនេះ ក​យ​កា​-KOICA នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី “​ការពង្រឹង​សមត្ថភាព លើ​យន្តការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស នៅ​កម្ពុជា​” ចាប់ពី​ថ្ងៃទី ២ ដល់ ថ្ងៃទី ៨ ខែវិច្ឆិកា ២០២១​។ វគ្គ​បណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ មាន​រយៈពេល ៧ ថ្ងៃនេះ គឺ​សម្រាប់​មន្ត្រី​ចំនួន ២២ រូប​មកពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​ដ៏​សំខាន់​នេះ ត្រូវបាន​រៀបចំឡើង ដើម្បី​ផ្តល់នូវ​ឯកសារយោង អំពី​បទពិសោធន៍ របស់​ប្រទេស​កូរ៉េ សម្រាប់​ការធ្វើឱ្យ​ប្រសើរឡើង នូវ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ,​ជួយ​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង និង​ទំនើបកម្ម​នៃ​សន្តិភាព និង​ការអប់រំ​សិទ្ធិមនុស្ស​, ​ពង្រឹងសមត្ថភាព​មន្ត្រី​ស៊ីវិល នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ពង្រឹង​គោល នយោបាយ​ប្រព័ន្ធ​សិទ្ធិមនុស្ស​។​

​សិក្ខាកាម​កម្ពុជា​ទាំងអស់ បានរៀបចំ​របាយការណ៍ ប្រចាំ​ប្រទេស (Country Report) ដោយ​ធ្វើ​ការវិភាគ លើ​បញ្ហា​នាពេល​បច្ចុប្បន្ន និង​បញ្ហា​ប្រឈម​ធំៗ ​ដែល​ប្រទេស​កំពុង​ជួបប្រទះ​។ វា​គឺជា​ផ្នែក​មួយ នៃ​ដំណើរ​ការបង្កើត ផែនការ​សកម្មភាព ដែល​សិក្ខាកាម នឹងចូលរួម​នៅក្នុង​អំឡុងពេល នៃ​កម្មវិធី​បណ្តុះបណ្តាល​។​

​លើសពីនេះ សិក្ខាកាម នឹង​បង្កើត​ផែនការ​សកម្មភាព ដោយ​បញ្ចូល​នូវ​ចំណេះដឹង​ពី​ការរៀន ការពិភាក្សា បទពិសោធន៍ និង​ការស្វែងយល់ នៅ​អំឡុងពេល នៃ​វគ្គ​បណ្តុះបណ្តាល​។ ផែនការ​សកម្មភាព គឺជា​សកម្មភាព ដ៏​សំខាន់ នៃ​កម្មវិធី ដែល​ផ្តល់ឱកាស​ដល់​សិក្ខាកាម ​ក្នុងការ​សរសេរ ផែនការ​សកម្មភាព ដែល​អាច​យកទៅអនុវត្ត និង​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់នូវ​ជម្រើស ក៏ដូចជា ដំណោះស្រាយ ចំពោះ​បញ្ហា​ដែល​បានលើកឡើង នៅក្នុង​របាយការណ៍ ប្រចាំ​ប្រទេស​។​

​នៅ​ប្រទេស​កម្ពុជា ក​យ​កា​-KOICA ធ្វើការ​លើ​ផ្នែក​បច្ចេកទេស​ជាច្រើន ទៅលើ​កម្មវិធី និង​គម្រោង​ផ្សេងៗ ដែល​ជះឥទ្ធិពល​យ៉ាងខ្លាំង ដល់​ការអភិវឌ្ឍ​របស់ ប្រទេស​កម្ពុជា ដូចជា​ការកែលម្អ​អាហារូបត្ថម្ភ និង​សុខុមាលភាព របស់​សិស្ស ការពង្រឹង​សមត្ថភាព គ្រូបង្រៀន សុខភាព​សាធារណៈ កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ និង​នាវា​នុ​វត្ត​។

​ក​យ​កា​-KOICA នឹង​បន្ត​គាំទ្រ និង​អនុវត្ត​កម្មវិធី នៅ​កម្ពុជា ដែល​ផ្តោតលើ​ការអភិវឌ្ឍ ធនធានមនុស្ស​។​ចាប់ពី​ឆ្នាំ​១៩៩៤ រហូតដល់​ឆ្នាំ​២០២០ ក​យ​កា​-KOICA បាន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល ប្រមាណ ៣ ២០០​នាក់ ឲ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល រយៈពេល​ខ្លី និង​កម្មសិក្សា​ថ្នាក់អនុបណ្ឌិត នៅ​សាធារណរដ្ឋ​កូរ៉េ ក្រោម​កម្មវិធី​ពង្រឹង សមត្ថភាព​របស់ ក​យ​កា​-KOICA ៕/V​