ដោយៈ​សុផល / ភ្នំពេញ​៖ នៅ​ព្រឹក​ថៃ្ង​ទី​២៧ ខែតុលា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និងជា​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក (​គ​.​ស​.​ច​.​គ​.) បាន​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ក្នុង​កម្មវិធី​វឌ្ឍនភាព​ការងារវិស័យ​សាធារណការ និង​ដឹកជញ្ជូន (MPWT Live Show) ក្រោម​ប្រធានបទ​៖ “​ការ​ឈ្វេងយល់ ពី​កត្តា​សំខាន់ៗ និង​សញ្ញា​ចរាចរណ៍​សំខាន់ៗ ដើម្បី​រួមចំណែក​ធ្វើឱ្យថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” ។​

​កម្មវិធី​នេះ គឺជា​កម្មវិធី​ផ្សាយ​ផ្ទាល់ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុង​ការដាក់​ដំណើរការ​ជា​ផ្លូវការ ក្នុង​គោលបំណង​បង្ហាញ​ពី​វឌ្ឍនភាព សមិទ្ធផល កិច្ចខិតខំ ប្រឹងប្រែង​របស់​ក្រសួង ទៅកាន់​ប្រជា ពលរដ្ឋ ឱ្យ​កាន់តែ​ទូលំទូលាយ​។ កម្មវិធី​នេះ ផ្ដល់ឱកាស​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​របស់​ក្រសួងផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយ​បងប្អូន ប្រជាពលរដ្ឋ ឱ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ តាមរយៈ​ការបកស្រាយ​សំណួរ ដែល​បានធ្វើ ការ​ខ​មិន (Comment) សួរ​ពាក់ព័ន្ធ​នឹង​ប្រធានបទ របស់​វាគ្មិន​កិត្តិយស ក្នុង​ទំព័រ​ហ្វេ​ស ប៊ុ​ក ផ្លូវការ​របស់​ក្រសួង ក៏ដូចជាជំរុញ​ការផ្ដល់​សេវាសាធារណៈ ឱ្យ​កាន់​តែមាន​ភាព ល្អប្រសើរ​ថែមទៀត​។

​ថ្លែង​ក្នុង​កិច្ច​ចាប់ផ្តើម នៃ​កម្មវិធី លោកស្រី រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ អំពី​គោលបំណង នៃ​ការពិភាក្សា​លើ​ប្រធានបទ ក្នុង​កម្មវិធី រួមគ្នា​ធ្វើយ៉ាងណា ដើម្បី​អនុវត្ត​ឱ្យបាននូវ​អនុសាសន៍​ដ៏​ថ្លៃថ្លា របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ការពារ ថែរក្សា​អាយុជីវិត កាយសម្បទា និង​ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក្នុងពេល​ធ្វើដំណើរ នៅតាម​ដងផ្លូវ តាមរយៈ​ការចូលរួម គោរព​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។​

​លោកស្រី រដ្ឋលេខាធិការ បានលើកឡើង​ថាៈ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​គ្រោះមហន្តរាយមួយ ដែល​ជះឥទ្ធិពល យ៉ាងខ្លាំង​ដល់​សុខមាលភាព ជា​សាធារណៈ ដោយសារតែ​ការបាត់បង់ អាយុជីវិត កាយសម្បទា និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ដែលជា​អ្នកធ្វើដំណើរនៅតាម​ដងផ្លូវ ពីព្រោះថា មនុស្ស​គ្រប់រូប ចាំបាច់​ត្រូវធ្វើ​ចរាចរណ៍ ដើម្បី​ជីវភាព​រស់នៅមិនអាច​ចៀសវាង​បាន​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកស្រី រដ្ឋលេខាធិការ បាន​អំពាវនាវ​សូមឱ្យ​អ្នកធ្វើដំណើរនៅតាម​ដងផ្លូវ​ទាំងអស់ ធ្វើការ​ស្វែងយល់​កត្តា បង្ក​គ្រោះថ្នាក់ ឱ្យបាន​ច្បាស់លាស់ដើម្បី​បង្ការ​កុំឱ្យ​មាន គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​បាត់បង់​អាយុជីវិត កាយសម្បទាទ្រព្យសម្បត្តិ​របស់​គ្រួសារ និង​របស់​រដ្ឋ តាមរយៈ​ការចូលរួម គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ខ្ជាប់ខ្ជួន​គ្រប់ៗ​គ្នា និង​បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជា​បងប្អូន កូនក្មួយ​ទាំងឡាយ ដែល​បាន​ចូលរួម បញ្ចេញមតិយោបល់ និង​តិ​ទៀន​ក្នុងន័យ​ស្ថាបនា នៅក្នុង​កម្មវិធី​នេះ​។​

 

​នៅក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​នេះដែរ មានការ​ចោទសួរ នូវ​សំណួរ និង​លើកឡើងសំណូមពរ ទៅកាន់​វាគ្មិន កិត្តិយស​ផងដែរ​ដែល​ក្នុងនោះ​រួមមាន​៖
១.​តើ​ក្រសួង អាចមាន​វិធានការ​អ្វីខ្លះ នៅពេល​ខាងមុខ សម្រាប់​ការ​អ្នកបើកបរ មិន​យល់​ពី​ច្បាប់​?
២. បើ​ផ្លូវ​អនុញ្ញាតឱ្យ​បើក​ត្រឹម ៤០ គ​.​ម / ម៉ោង ឬ ៦០ គ​.​ម​/​ម៉ោង​បើ​ប្រើ​ល្បឿន​លើសការកំណត់​ដើម្បី​វ៉ា​ជែង តើ​ខុសច្បាប់​ឬទេ​?
៣. តើ​យានយន្ត​កសិកម្ម (​គោយន្ត​កន្ត្រៃ ត្រាក់ទ័រ​) មាន​សិទ្ធិ​បើកបរ​លើផ្លូវ ដូចយានយន្ត​ទូទៅ ដែរ​ទេ​?
៤. បើ​ម្តង​ដាក់ និង​ម្តង​ដក​សញ្ញា​ល្បឿន ១០០ ម៉ែ​ត្ត តើ​ថ្មើរ​ណា ទើប​ធ្វើដំណើរ ដល់គោលដៅ បើ​បើក​លើស​ល្បឿន ត្រូវ​ប៉ូលីស​ផាក​?
៥. ហេតុអ្វី​បានជា​នៅក្នុង​កម្មវិធី ថែទាំ​ផ្លូវ (Road Care Mobile App) ក្រសួងឆ្លើយថា​៖ ផ្លូវថ្នល់​ខ្លះ មិន​ស្ថិតនៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ដែល​ត្រូវ​ជួសជុល​?
៦.​សំណូមពរ​សុំឱ្យ​ក្រសួង ពិនិត្យ​លើ​ការដូរ​ភ្លើងស្តុប​ចរាចរណ៍ ដែល​បង្ហាញ​ចំនួននាទី ជា​សញ្ញា​ប្រាប់​អ្នកដំណើរ ឱ្យ​ត្រៀមខ្លួន ក្នុង​ការឈប់​
៧.​តើ​ផ្លូវ​ពី​ភ្នំពេញ ទៅតាម​ខេត្ត​នានា មាន​ផ្លាកសញ្ញា​កំណត់​ល្បឿន ដែរឬទេ​?
៨.​តើ​ក្រសួង​មាន​វិធានការ​យ៉ាងណាខ្លះ​ដើម្បី​ដោះស្រាយ​បញ្ហា​សណ្ដាប់ធ្នាប់ តាមបណ្ដោយ​ផ្លូវជាតិ នៅ​ទីប្រជុំជន​នីមួយៗ​?
៩. តើ​ការរក​ទទួលទាន​លើផ្លូវ និង​ដី​ចំណីផ្លូវ​ខុសច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ ឬទេ​?
១០.​តើ​ផ្លូវ​ដក់​នឹង​លិច​ទឹក អាចជា​កត្តា​បង្ក​ឱ្យ​គ្រោះថ្នាក់ ចរាចរណ៍​ដែរឬទេ​?
១១.​តើ​ការបំពាក់​គ្រឿង សម្រាប់​ដឹក​កង់ ពីក្រោយ​រថយន្ត សម្រាប់​ការ​ជិះ​ហាត់ប្រាណខុសច្បាប់ ឬទេ​?
១២. តើ​កត្តា​ចរាចរណ៍​ល្អ មាន​ចំណុច​សំខាន់​អ្វីខ្លះ​?
១៣. តើ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាលមកពី​កត្តា មនុស្ស ផ្លូវ យានយន្ត​មួយណាមាន​កម្រិត​ខ្ពស់ជាង និង​ទាប​ជាង
១៤. ផ្លាកសញ្ញា​ចរាចរ​ណ៍ស​រ​សេ​រថា​៖ ៣០ តើ​ការបើកបរ ៣០ គ​.​ម / ម៉ោង​ចុះក្រោមឬមួយ​ក៏​បើកបរ ៣០ គ​.​ម / ម៉ោង​ឡើងលើ និង​
១៥. សំណូមពរ សុំ​ដាក់​ផ្លាក​ល្បឿន​ចរាចរណ៍ ចូល​ក្រុង គួរតែ​ដាក់​ផ្លាក​តែម្ដងរហូតដល់​ចេញ ពី​ក្រុង​បានទេ​?​។​

​លោកស្រី រដ្ឋលេខាធិការ បាន​ឆ្លើយបំភ្លឺ​យ៉ាង​ក្បោះក្បាយ ប្រកបដោយ​អត្ថន័យ យ៉ាង​ជ្រាលជ្រៅ ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ផ្អែក​ទៅតាម​ខ្លឹមសារ នៃ​មាត្រា​ច្បាប់និង​បទបញ្ញត្តិ ដែលមាន​ចែង ដោយ​ភាគ ច្រើន​ពួកគាត់ បាន​សួរ​ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិក្នុងការ​បើកបរ​យាន​យន្ត ស្ថាប័ន​ដែលមាន​សមត្ថ​កិច្ច​គ្រប់គ្រង ផ្លូវថ្នល់ ការកំណត់ល្បឿន និង​បញ្ហា​ស្តុ​ប ដែល​បំពាក់​នៅលើ​ដងផ្លូវ ហើយ​បន្ថែម​ពីលើ​នេះ លោកស្រីក៏បាន​លើក ឡើង​ផងដែរ អំពី​វិធានការណ៍​នានា ក្នុងការ​ឆ្លើយតប​ទៅនឹង​ភាព​អសកម្ម​ភាព​មួយចំនួន សំដៅ​ធានា​ដល់​ការចូលរួម របស់​ប្រជាពលរដ្ឋ ក្នុង​ការគោរពច្បាប់ ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរណ៍​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។

​សូម​ជម្រាបជូន​ថា យោងតាម​របាយការណ៍​របស់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាពចរាចរណ៍​ផ្លូវគោក ឱ្យដឹងថា ក្នុងពេល​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​នៅមាន​ការខាតបង់​បន្ថែម ទាំង​អាយុជីវិត និង​ទ្រព្យសម្បត្តិ​រដ្ឋ និងឯកជន ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ជា​រៀងរាល់ថ្ងៃ​។

​ជាក់ស្ដែង​ក្នុង រយៈពេល​៩​ខែ ឆ្នាំ​២០២១ នេះ គ្រោះថ្នាក់​ចរាចរណ៍ មាន​ចំនួន ១.៨៨៨លើក បណ្ដាលឱ្យមាន​អ្នកស្លាប់ ចំនួន ១.០៥៨ នាក់ របួសធ្ងន់​ចំនួន ១.៥៦០ នាក់ និង​របួសស្រាល ចំនួន ១.០២៩ នាក់ គិត​ជា​មធ្យម មាន​អ្នកស្លាប់ ចំនួន ៣,៨ នាក់ ក្នុង​មួយថ្ងៃ ហើយ​មូលហេតុ ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្ដាលមកពី​ការបើកបរ​លើស​ល្បឿន​កំណត់​មាន​ចំនួន ៣៦% បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ៤៥៧ នាក់ក្នុងចំណោម ១.០៥៨ នាក់ ការបើកបរ​មិន​គោរព​សិទ្ធិ​អាទិភាព មាន​ចំនួន ២៤%​បណ្ដាលឱ្យ​ស្លាប់ ១៨៩ នាក់ ការបើកបរ​មិន ប្រកាន់​ស្ដាំ ចំនួន ១៥% បណ្តាលឱ្យ​ស្លាប់១៦៣ នាក់ ការ​វ៉ា​ជែង ៨,៣% បង្ក​ឱ្យស្លាប់ ៩៩ នាក់ បត់​ក្នុងស្ថានភាព​គ្រោះថ្នាក់ចំនួន​៨% បណ្តាលឱ្យ​ស្លាប់ ៥៨ នាក់ ការបើកបរ​ប្រើ​គ្រឿង​ស្រវឹង ៤% ស្លាប់ ៤០ នាក់កត្តា​យានជំនិះ ៣% ស្លាប់ ៣៤ នាក់ បើកបរ​ក្នុងស្ថានភាព​ងងុយ ១% ស្លាប់ ៨ នាក់កត្តា​ផ្លូវ ០,៤% ស្លាប់ ៧ នាក់ និង​បញ្ហា​ផ្សេងៗ ០,៤% ស្លាប់ ៣ នាក់ និង​បណ្ដាលឱ្យខូចខាត​ម៉ូតូ ក្នុង​រយៈពេល ៩ ខែ មាន​ចំនួន ១.៩៧៤ គ្រឿង រថយន្ត​ធុន​ស្រាល ចំនួន៧៣១ គ្រឿង រថយន្ត​ធុន​ធ្ងន់ ៥៦៦ គ្រឿង និង​យានយន្ត​ផ្សេងទៀត ចំនួន ២៨៩ គ្រឿងផងដែរ​។​

​ជាមួយគ្នានេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ទាញ​ចំណាប់អារម្មណ៍ របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើ​ប្រាស់​ផ្លូវថ្នល់​ទាំងអស់ ឱ្យបាន​ជ្រាបថា​៖រយៈពេល​កន្លងមក ការ​រឹតបន្តឹង​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការបង្កើន​ប្រាក់​ពិន័យ របស់​រាជរដ្ឋាភិបាល ទៅលើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក មិន​មានបំណងរកប្រាក់ ចំណេញ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល ចង់ឃើញ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយទទួលបាន​សុខ សុវត្ថិភាព គ្មាន​គ្រោះថ្នាក់ របួស និង​ស្លាប់ ដោយហេតុថាគ្រោះ​មហន្ត​រាយ​​ទាំងនេះ បាន​បន្សល់ទុក ពិការភាព ស្ត្រី​មេម៉ាយ ពោះម៉ាយ និង​កុមារកំព្រា ដែល​ធ្វើឱ្យ​ងាយ​ធ្លាក់ ក្នុង​ភាពក្រីក្រ​៕/V​