ដោយៈ សុផល / ភ្នំពេញ​៖ នៅ​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​អង្គការ WCS, Oxfam, Aide et Action, និង Save the Children បានប្រកាស​ជា​ផ្លូវការ ពី​ការចាប់ផ្តើម​អនុវត្ត គម្រោង​ចំនួន​បួន ដែល​ទទួលបាន​ថវិកា ពី​សហភាព​អឺរ៉ុប ដើម្បី​គាំទ្រ​ដល់​កំណើន​បៃតង ការបង្កើត​ការងារ ការផ្ដល់សេវា​សង្គម និង​ការការពារ​ធនធានធម្មជាតិ ឱ្យ​រឹតតែ​ប្រសើរ សម្រាប់​សហគមន៍​នេសាទ ក្នុង​ខេត្ត​ចំនួន
១០ ដែល​ស្ថិតនៅ​តំបន់​ឋបនីយ​ជីវ​មណ្ឌល បឹង​ទន្លេសាប និង​តំបន់ឆ្នេរ​។​

​សិក្ខាសាលា ប្រកាស​ចាប់ផ្តើម​គម្រោង ដែល​ធ្វើឡើង​រួមគ្នា តាម​ប្រព័ន្ធ​អន​ឡាញ​នៅថ្ងៃនេះ មាន​អ្នកចូលរួម​ប្រមាណ ៣២០ នាក់ មកពី​ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរខេត្ត ក្រុមការងារ​បច្ចេក ទេស វិស័យ​ជលផល សហគមន៍​នេសាទ អង្គការក្រៅរដ្ឋាភិបាល រួម​នឹង​ដៃគូ​ចូលរួម​អនុវត្ត រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត​។​

​ប្រធាន​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ប្រទេស​កម្ពុជា លោក Bryan Fornari បាន​មានប្រសាសន៍ថាៈ “​កម្មវិធី CAPFISH គឺជា​កម្មវិធី ទ្វេភាគី​ធំជាងគេ​ដំបូងបង្អស់ របស់​សហភាព​អឺរ៉ុប នៅ​កម្ពុជា ដែលមាន​គោលដៅ​ជួយ ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្រេចបាន នូវ​កំណើនសេដ្ឋកិច្ច ប្រកបដោយ បរិ​យា​ប័ន្ន ចីរភាព និង​ធន់​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ សម្រាប់​វិស័យ​ជលផល​។

តាមរយៈ​ការសហការ ជាមួយនឹង​រដ្ឋបាល​ជ​ល​ផល ព្រមទាំង​ដៃគូ​អនុវត្ត​របស់​យើង ការប្រកាស​ចាប់ផ្ដើម​អនុវត្ត គម្រោង​ទាំង​បួន នៅថ្ងៃនេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់ សម្រាប់​ការស្ដារ​ឡើងវិញ ពី​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់​នេះ តាមរយៈ​ការនាំមក នូវ​ឱកាស​សេដ្ឋកិច្ច​ថ្មីៗ និង​ការកសាង​ជីវភាព​រស់នៅ ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ប្រជាពលរដ្ឋ ជាង​ប្រាំ​ម៉ឺន (៥០.០០០) គ្រួសារ​។ ភាពជា​ដៃគូ​របស់​យើង ជាមួយនឹង​រដ្ឋបាល​ជ​ល​ផល នឹង​ជួយ​ឱ្យ​យើង អាច​សម្រេច​គោលដៅ​នេះ​បាន​”​។​

​លោក ពុំ សុថា អគ្គនាយក​នៃ​រដ្ឋបាល​ជលផល បាន​មានប្រសាសន៍ថាៈ “​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​សេនាធិការ សូម​សម្ដែង​នូវ សេចក្ដី​ថ្លែងអំណរគុណ និង​ការវាយតម្លៃ​ខ្ពស់ ចំពោះ​សហភាព​អឺរ៉ុប ដែល​បានផ្ដល់ ការឧបត្ថម្ភ ដល់​កម្មវិធី​ធំ​បំផុត ដែល​មិន​ធ្លាប់មាន សម្រាប់​អភិវឌ្ឍន៍ វិស័យ​ជលផល នៅ​កម្ពុជា​”​។​

​លោកស្រី Pearce បាន​មានប្រសាសន៍ថាៈ “​អង្គការ Save the Children ពិតជា​មានចិត្ត​រំភើប​រីករាយ ដែល​អាច​សហការ ជាមួយនឹង​ដៃគូ​នានា សហគមន៍ ​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក្នុង​សហគមន៍ នេសាទ​ងាយ​រងគ្រោះ នៅ​ភាគ​ខាងកើត នៃ​តំបន់​ទន្លេសាប និង​ជាពិសេស​ជំរុញឱ្យមាន ការអនុវត្ត​នូវ គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​បៃតង និង​ការអនុវត្ត​ល្អ ផ្នែក​បរិស្ថាន ហើយ​ក្នុងពេល ជាមួយគ្នា ជួយ​ឱ្យ​កុមារ និង​គ្រួសារ​ទទួលបាន​សេវាកម្ម ប្រកបដោយ​គុណភាព សុវត្ថិភាព និង​បរិ​យា​ប័ន្ន សម្រាប់​ការអប់រំ ទឹកស្អាត អនាម័យ និង​សេវា​គ្រប់គ្រង​សំណល់​”​។​

​លោក វន សម្ផស្ស នាយក​ប្រចាំ​ប្រទេស​នៃ អង្គការ Aide et Action Cambodia បាន​មានប្រសាសន៍ថាៈ “​ភាពជា​ដៃគូ CO-SAVED Cambodia មានការ​ចូលរួម ពី​តួអង្គ​ពាក់ព័ន្ធ​ចម្រុះ ដូចជា​វិស័យ​ឯកជន រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដើម្បី​ជំរុញ​ឲ្យ​មាន វឌ្ឍនភាព ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​។ យើង​ប្ដេជ្ញា​ផ្តល់ សិទ្ធិអំណាច ដល់​ប្រជាពលរដ្ឋ​កម្ពុជា ចំនួន ៣៨២.៦៥០ នាក់ ដែល​រស់នៅក្នុង​សហគមន៍ តាម​តំបន់ឆ្នេរ ក្នុងការ​បង្កើត​ភាពជា​ដៃគូ​យូរអង្វែង ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​បៃតង ប្រកបដោយ​បរិ​យា​ប័ន្ន ការផ្តល់សេវា​អប់រំ ទឹកស្អាត និង​អនាម័យ ប្រកបដោយ​គុណភាព
​និង​ការ​មាន​ជីវភាព​រស់នៅ ប្រកបដោយ​ចីរភាព​” ។​

​បណ្ឌិត កែន សិរី​រដ្ឋា នាយក​ប្រចាំ​ប្រទេស នៃ​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) បាន​មានប្រសាសន៍ថាៈ “​គម្រោង​ទន្លេសាប​របស់​យើង មាន​សារៈសំខាន់ សម្រាប់​ជីវចម្រុះ ធនធាន​ជលផល មុខរបរ​ចិញ្ចឹមជីវិត សុខុមាលភាព និង​វប្បធម៌ ប៉ុន្តែ​បឹង​របស់​យើង កំពុង​បាត់បង់​រូបរាង យ៉ាង​ឆាប់រហ័ស ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ ការសាងសង់ ទំនប់​វា​រី​អគ្គិសនី និង​ការ​បង្វែរ​ទឹក ពី​តាម​ដៃទន្លេ សម្រាប់​ប្រព័ន្ធ​ស្រោចស្រព​ក្នុង​វិស័យ​កសិកម្ម​។ យើង​ត្រូវ​ចាប់យក​ឱកាស ដើម្បី​កសាង​ភាព​ធន់ នៃ​ប្រព័ន្ធ​អេកូឡូស៊ី សហគមន៍ និង​ជីវៈចម្រុះ ដើម្បី​បញ្ចៀស​គ្រោះ​មន្ត​រាយ មកលើ​មនុស្ស និង​ប្រព័ន្ធ​អេកូឡូស៊ី​” ។​

​អង្គការ Save the Children (REDD BARNA) ដោយមាន​ការគាំទ្រ​ថវិកា ៤ លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប កំពុងផ្ដល់​ការគាំទ្រ ដល់​សហគមន៍​នេសាទ ក្នុង​ខេត្ត​ពោធិ៍ សាត់ កំពង់ឆ្នាំង កំពង់ធំ ដើម្បី​លើកកម្ពស់​ស្ថានភាព សង្គម​-​សេដ្ឋកិច្ច ព្រមទាំង​ភាព​ធន់ ទៅនឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការបង្កើន​លទ្ធភាព ទទួលបាន​សេវា​ទឹកស្អាត និង​អនាម័យ ប្រព័ន្ធគ្រប់គ្រង​សំណល់ គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​បៃតង និង​ការអប់រំ​។​

​អង្គការ Oxfam ជាមួយនឹង​ជំនួយ​ថវិកា ៤ លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​គម្រោង រយៈពេល ៤​ឆ្នាំ (២០២១-២០២៤) ដើម្បី​គាំទ្រ​ដល់​សហគមន៍​នេសាទ ក្នុង​ខេត្ត​បាត់ ដំបង បន្ទាយមានជ័យ និង​សៀមរាប ក្នុងការ​លើកកម្ពស់​ល​ទ្ធ​ភាព ទទួលបាន​នូវ​ការផ្គត់ផ្គង់ ទឹកស្អាត សេវា​អប់រំ សេវា​អនាម័យ សេវា​គ្រប់ គ្រង​សំណល់ ការគ្រប់គ្រង​ធនធានធម្មជាតិ សហគមន៍​ប្រកបដោយ​ចីរភាព ក៏ដូចជា លើកកម្ពស់​ឱកាស ប្រកបមុខរបរ​ចិញ្ចឹមជីវិត និង​ឱកាស​ការងារ​។​

​អង្គការ Aide et Action Association ជាមួយនឹង​ថវិកា ចំនួន ៤ លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​គម្រោង រយៈពេល ៤​ឆ្នាំ (២០២១-២០២៤) ដើម្បី​គាំទ្រ ដល់​សហគមន៍ ក្នុង​ខេត្ត​កែប កំពត ក្រុងព្រះសីហនុ និង​ខេត្តកោះកុង ឱ្យ​កាន់​តែមាន ភាព​ធន់ តាមរយៈ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​មូលដ្ឋាន ប្រកបដោយ​ចីរភាព ការផ្តល់​សេវាកម្ម កាន់តែ​ប្រសើរឡើង និង​កំណើន​បៃតង ដែល​រួមចំណែក​ដល់ ការកាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​សង្គម​។​

​អង្គការ​អភិរក្ស​សត្វ​ព្រៃ (WCS) ក្រសួងបរិស្ថាន និង​ដៃគូ ដែល​បានទទួល​ជំនួយ​ថវិកា ៤,៩ លាន​អឺរ៉ូ ពី​សហភាព​អឺរ៉ុប កំពុង​អនុវត្ត​គម្រោង រយៈពេល ៤ ឆ្នាំ (២០២១-២០២៤) នៅក្នុង​ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី ធ្វើឱ្យ​កាន់តែ​ប្រសើរ នូវ​ការគ្រប់គ្រង និង​ការស្ដារ​ដែន​ជម្រក​សំខាន់ៗ សំដៅ​ជួយ​បង្កើន ភាព​ធន់​នឹង ការប្រែប្រួល​បរិស្ថាន ក៏ដូចជា ជួយ​លើកកម្ពស់​អភិបាលកិច្ច និង​គោល នយោបាយ សំដៅ​កាត់បន្ថយ កត្តា​បង្កឱ្យមាន​ការប្រែប្រួល​ប​រិ​ស្ថាន​។​/V​