​ដោយ​៖ សាត​ចាន់​បុត្រ / មណ្ឌលគិរី​៖ គណៈកម្មការ​ជំនាញ ខេត្តមណ្ឌលគិរី ដឹកនាំ​ដោយ​លោកស្រី វិ​ន សុ​ី​ធួន អភិបាលរង​ខេត្ត នា​ព្រឹក​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ ជាមួយ​គណៈកម្មការ​ជំនាញ នៃ​ខេត្ត​ដាក់​ឡាក់ ប្រទេស​វៀតណាម ដឹកនាំ​ដោយ​លោកស្រី ហឺ​យឹម កាដ​ត អនុប្រធាន​គណៈកម្មាធិកា​រ ប្រជាជន​ខេត្ត និង​ជា​ប្រធាន​គណៈកម្មការ ជំនាញ ខេត្ត​ដាក់​ឡាក់ ដើម្បី​ពិភាក្សា និង ឯកភាព​លើ​ការងារ បន្ត​ជីក​គាស់ ស្វែងរក និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម ដែល​បាន​ពលី កាលពី​សម័យ​សង្គ្រាម ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី សំរាប់​រដូវប្រាំង ឆ្នាំ ២០២១- ២០២២ ។

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង​នៅ​ស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារព្រំដែន​ទ្វេភាគី ប៊ូ​ប្រាំង ប្រទេស​កម្ពុជា វៀតណាម ។

​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា ខាងលើនេះ គណៈកម្មការ​ជំនាញ ខេត្តមណ្ឌលគិរី និង​ខេត្ត​ដាក់​ឡាក់ បាន​ឯកភាព​ទៅលើ​ចំណុច​មួយចំនួន ដូចខាងក្រោម​÷
១-​ក្រុមការងារ​ជំនាញ ខេត្ត​ដាក់​ឡាក់ នឹង​បញ្ជូន​មន្ត្រី​ជំនាញ​របស់ខ្លួន ចំនួន ៦៧ រូប សម្រាប់​ចុះ​អនុវត្ត​ការងារ ខាងលើ ដែល​នឹងត្រូវ​អនុវត្ត ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតដល់​ចុងខែ​ឧសភា ឆ្នាំ ២០២២ ។​
២-​សម្រាប់​ទីតាំង​ធ្វើការ​សិក្សា ស្វែងរក​អដ្ឋិធាតុ គឺត្រូវធ្វើ​ឡើង នៅតាម​បណ្ដា​ក្រុង ស្រុក ទាំង​៥ ក្នុង​ខេត្តមណ្ឌលគិរី ។​
៣-​អាជ្ញាធរ កងកម្លាំង ត្រូវ​ផ្ដល់​កិច្ចសហការ និង​ជួយ​សម្របសម្រួល ដល់​ក្រុមការងារ ជំនាញ ខេត្ត​ដាក់​ឡាក់ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុមការងារ ក្នុងការ​សិក្សា ស្វែងរក ជីក​គាស់ និង​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ​កងទ័ព​ស្ម័គ្រចិត្ត មកកាន់​មាតុប្រទេស វៀតណាម​វិញ ។​
៤-​មន្ត្រី​ជំនាញ ចុះ​សិក្សា និង​រុករក​អដ្ឋិធាតុ ត្រូវគោរព​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​ទំនៀមទម្លាប់ ប្រពៃណី​របស់​ប្រជាជន ទំនៀម​ទំលាប់ បងប្អូន​ជនជាតិដើម​ភាគតិច និង​ជាពិសេស គឺ​ច្បាប់​របស់ ព្រះរាជាណាចក្រ​កម្ពុជា ៕/V​