​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ នេះ ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា បានប្រកាសថា ក្រសួង​បានដាក់​ឱ្យ​ដំណើរការ​គេហទំព័រ​ផ្លូវការ “​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ (1st Asia-Europe Economic and Business Forum)” ដែលមាន​តំណរ​ភ្ជាប់​៖ https://aeebf.moc.gov.kh/​។

​ប្រភព​ដដែល​បាន​បន្តថា “​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១” ជា​ព្រឹត្តិការណ៍​អម​សំខាន់​មួយ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13)​។

​គេហទំព័រ​នៃ​វេទិកា នេះ មាន​បង្ហាញជូន​ព័ត៌មាន​សំខាន់ៗ​ដល់​សាធារណជន​រួមមាន​៖ ព័ត៌មាន​ទូទៅ​អំពី​ការរៀបចំ និង​របៀបវារៈ​នៃ​វេទិកា ដៃគូ​សហការ​រៀបចំ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​និង​ក្រុមការងារ​នៃ​ក្រសួង ពាណិជ្ជកម្ម​ទទួល​រៀបចំ​វេទិកា និង​ការចុះឈ្មោះ​ចូលរួម​វេទិកា​តាម​ប្រព័ន្ធ​អន​ឡាញ ។​

​ក្នុងឱកាស​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) ក្រសួងពាណិជ្ជកម្ម នឹង​រៀបចំ “​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ ” ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល​មួយថ្ងៃ នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ប្រព័ន្ធ​វីដេអូ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC), សភាពាណិជ្ជកម្ម​កម្ពុជា (CCC), មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF)​និង​ដៃគូ​សហការ​ដទៃទៀត​។​

​វេទិកា​នេះ​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ “​ការផ្លាស់ប្ដូរ​ទៅរក​គន្លង​ប្រក្រតីភាព​ថ្មី​៖ ការធ្វើ​អា​នុ​ភាវូបនីយកម្ម​ខ្សែ ច្រវាក់​តម្លៃ​សកល ពហុភាគី​និយម និង​បដិវត្ត​ឧស្សាហកម្ម ៤.០” ដើម្បី​ពិភាក្សា​ស៊ីជម្រៅ​លើ​ប្រធានបទ​ពាក់ព័ន្ធ​សំខាន់ៗ និង​រួមគំនិត​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការអភិវឌ្ឍ​ដល់​គ្រប់​ប្រទេស​ជា​សមាជិក ASEM នៅ​អាស៊ី និង​អឺរ៉ុប​។​

​តាម​ការគ្រោងទុក ក្រសួងពាណិជ្ជកម្ម​នឹង​អញ្ជើញ​បណ្តា​ប្រទេស​ជា​សមាជិក ASEM ចូលរួម​វេទិកា​សេដ្ឋកិច្ច និង ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ រួមមាន​៖ ប្រទេស​អាស៊ាន​ទាំង​១០ ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូ​វែ​ល​សែ​ឡង់ ហុង​គ្រី បារាំង អង់គ្លេស រុស្ស៊ី បែលហ្ស៊ិក អេ​ស្តូ​នី និង​បណ្ដា​ប្រទេស​ដទៃទៀត​មកពី​អាស៊ី​និង​អឺរ៉ុប ព្រមទាំង​ចូលរួម ដោយ​អ្នករៀបចំ​គោលនយោបាយ បញ្ញា​វ័​ន្ត អ្នកជំនាញការ ប្រធាន​ក្រុមហ៊ុន​ធំៗ ក្រុម​ធុរជន និង​វិស័យ​ឯកជន​មកពី អាស៊ី និង​អឺរ៉ុប​ផងដែរ​៕​