ប្រែ​សម្រួលៈ​វាសនា​(Xinhua,AP)៖ ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិន និង​នាយករដ្ឋមន្ត្រី​ចិន​លី ឃឹ​ឈាំ​ង បាន​ចូលរួម​ជំនួប​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​ឆ្នាំ​លើក​ទី​១៨​តាម​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ថ្ងៃ​ពុធ​​ទី​២៧​តុលា​នៅ​ក្នុង​តំបន់​មួយ​ដែល​មហាអំណាច​ពិភពលោក​ប្រជែង​គ្នា​អំពី​ពាណិជ្ជកម្ម កោះ​តៃវ៉ាន់ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស​និង​ជម្លោះ​ទឹកដី​។​

​រូបភាព​បញ្ចេញ​ពី​ជំនួប​កំពូល​អាស៊ាន​កាលពី​ថ្ងៃ​ពុធ បង្ហាញ​នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ថ្លែង​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក​៣ កាលពី​ថ្ងៃ​២៧​តុលា​

​មេដឹកនាំ​ចិន​និង​អាស៊ាន​កាលពី​ថ្ងៃ​អង្គារ​បាន​ព្រមព្រៀង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើម្បី​ជួយ​តំបន់​នេះ​អោយ​រើប​រើ​ចេញ​ពី​វិបត្តិ​ជំងឺឆ្លង​រួម​មាន​ការអនុវត្ត​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋ​​កិច្ច​គ្រប់​ជ្រុងជ្រោយ​របស់​តំបន់​(RCEP)​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ក្រោយ​ជំនួប​អាស៊ាន​-​ចិន​លើក​ទី​២៤ ចិន​បាន​យល់ព្រម​គាំទ្រ​អ្វី​ដែល​គេ​ហៅថា​«​គំរោង​រើប​រើ​ឡើងវិញ​ពិស្តារ​របស់​អាស៊ាន​»​និង​«​ផែនការ​អនុវត្តន៍​»​របស់​វា ដែល​នឹង​នាំ​​ភាគី​ទាំង​២​ទៅរក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ី​ជំរៅ​ឡើង​នៅក្នុង​វិស័យ​ផ្សេងៗ រួម​មាន​សុខាភិបាល សន្តិសុខ​សង្គម សម​ហ​រណកម្ម​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​តាម​ឌីជីថល និង​ការអភិវឌ្ឍ​ដោយ​ចីរ​​ភាព​។​

​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​នឹង​ចូលរួម​នៅ​ជំនួប​កំពូល​អាស៊ី​បូ​ព៌ា ដែល​ជា​វេទិកា​ដោះស្រាយ​បញ្ហា​ធំ​ទូលាយ​មួយ​ចាប់ពី​បញ្ហានយោបាយ សន្តិសុខ និង​សេដ្ឋកិច្ច ដែល​រៀបចំឡើង​ដោ​​យ​អាស៊ាន​១០​ប្រទេស​។​

​អង្គការ​សុខភាព​ពិភពលោក​ក៏​ត្រូវ​គេ​រំពឹងថា​នឹង​ចូលរួម​ដើម្បី​រាយការណ៍​ជូន​ក្រុម​មេដឹកនាំ​ទាំង​នេះ​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩​ដែល​បាន​ទាញ​ថយក្រោយ​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ចូលរួម​ចំនួន​១៨​ដែល​តំណាងអោយ​ប្រជាជន​កន្លះ​ពិភពលោក​និង​ផលិតផល​សរុប​ក្នង​ស្រុក​របស់​ពិភពលោក​ជាង​៦០​ភាគរយ​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ បាន​និយាយថា​លោកបៃ​ដិ​ននឹង​បញ្ជាក់​អះអាង​ឡើងវិញ​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​ស្ថាបត្យកម្ម​តំបន់​ដឹកនាំ​ដោយ​អាស៊ាន​និង​ពិភាក្សា​​ទស្សនវិស័យ​របស់​លោក​សំរាប់ធ្វើ​ការរួម​គ្នា​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ប្រឈម​។​

​វា​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៧​ដែល​ប្រធានាធិបតី​អាម៉េរិក​ម្នាក់​បាន​ចូលរួម​ជំនួប​កំពូល​នេះ​ដោយ​ផ្ទាល់ ។​ប្រធានាធិបតី​អាម៉េរិក​ចូលរួម​ក្នុង​ជំនួប​កំពូល​អាម៉េរិក​-​អាស៊ាន​ចេញពី​សេត​​វិមាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា​

​ក្នុងជំនួប​ដាច់ដោយឡែក​មួយ​ជាមួយ​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​អង្គារ លោកបៃ​ដិន បានប្រកាស​គំនិត​ផ្តួចផ្តើម​១០០​លាន​ដុល្លារ​មួយ​ដើម្បី​បង្កើន​ការ​ចូល​ពាក់ព័ន្ធ​របស់​អាម៉េរិក​ជាមួយ​តំបន់​​ចំ​ពេល​ចិន​ដែល​ជា​គូប្រជែង​សេដ្ឋកិច្ច​និង​សន្តិសុខ​កំពុង​កើន​ឥទ្ធិពល​នៅទីនេះ​។​

​បៃ​ដិនបាន​ហៅ​ទំនាក់ទំនង​ជាមួយ​ប្លុក​នេះ​ថា​«​សំខាន់​»​។​មូលនិធិ​១០០​លាន​ដុល្លារ​នេះ​នឹង​ជួយ​លើ​ចំណាយ​សុខាភិបាល គំនិត​ផ្តួចផ្តើម​ស្តី​ពី​អាកាសធា​តុ​ថ្មី ការសិក្សាអបរំ​និង​កម្មវិធី​នានា​សំរាប់​​ការ​រើប​រើ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ប្រធានាធិបតី​អាម៉េរិក​រូបនេះ​បាន​និយាយថា​«​ខ្ញុំ​ចង់អោយ​លោកអ្នក​រាល់គ្នា​ឮ​ខ្ញុំ​និយាយ​ផ្ទាល់ អំពី​សារសំខាន់​ដែល​អាម៉េរិក​តម្កល់​ទៅលើ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​អាស៊ាន​។​លោក​អ្នកនឹង​​ឃើញ​ខ្ញុំ​បង្ហាញ​ខ្លួន​និង​ជួប​អ្នក​រាល់គ្នា​»​។​

​ជម្លោះ​យូរ​មក​ហើយ​អំពី​កោះ​តៃវ៉ាន់​បាន​កញ្ជ្រោល​ឡើង​កាលពី​ពេល​ថ្មីៗ​បន្ទាប់ពី​លោកបៃ​ដិនបាន​និយាយថា​អាម៉េរិកមាន​ការតាំងចិត្ត​មុតមាំ​ដើម្បី​ជួយ​កោះ​តៃវ៉ាន់​ពី​ការ​វាយប្រហារ​របស់​ចិន​។​​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយគ្លេអ៊ែរ​ពី​អាម៉េរិក​ទៅ​អូស្ត្រាលី​ក៏​បាន​ធ្វើអោយ​ចិន​ខឹង​និង​បាន​ព្រមាន​ថា កិច្ចព្រមព្រៀង​នេះ​នឹង​គំរាម​ស្ថិរភាព​តំបន់​។​បញ្ហា​នេះ​មុខ​​ជា​នឹង​ត្រូវ​លើក​មក​ពិភាក្សា​ក្នុងអំឡុង​ជំនួប​ដាច់​ដោយឡែក​រវាង​មេដឹកនាំ​អូស្ត្រាលី​និង​អាស៊ាន​ដោយសារ​ប្រទេស​សមាជិក​អាស៊ាន​ខ្លះ​សម្តែង​ការព្រួយបារម្ភ​ខ្លាច​វា​នាំ​អោយ​បាត់បង់​តុល្យភាព​​យោធា​ហើយ​បង្ក​ការ​ប្រណាំងប្រជែង​សព្វាវុធ​នៅក្នុង​តំបន់​។​

​ជំ​នួន​៣​ថ្ងៃ​របស់​អាស៊ាន​ក៏​ត្រូវ​រំខាន​ដោយ​ការ​ប្រទាញប្រទង់​ការទូត​មួយ​អំពី​មី​យ៉ាន់​ម៉ា​។​មី​យ៉ាន់​ម៉ា​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​បន្ទាប់​ពី​ក្រុម​រដ្ឋមន្ត្រីការបរទេស​ប្លុក​នេះ​សំរេច​មិន​អនុញ្ញាត​អោយ​​ប្រមុខ​យោធា​ប្រទេស​នេះ​ចូលរួម ដោយសារ​ខ្វះ​កិច្ចសហការ​ជាមួយ​តំណាង​អាស៊ាន​។​

​បៃ​ដិន កាលពី​ថ្ងៃ​អង្គារ​បាន​ថ្កោលទោស​យោធា​នៅ​មី​យ៉ាន់​ម៉ា​ចំពោះ​ការប្រើ​អំពើហិង្សា​លើ​អ្នក​ប្រឆាំង​តវ៉ា និង​បាន​បង្ហាញ​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​ការនាំ​ប្រទេស​នេះ​វិល​ទៅ​រក​លទ្ធិ​ប្រជា​ធិប​​តេ​យ្យ​វិញ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​កាលពី​ថ្ងៃ​អង្គារ ក្រុម​មេដឹកនាំ​អាស៊ាន​បាន​អំពាវនាវ​អោយ​មី​យ៉ាន់​ម៉ា​អនុញ្ញាតអោយ​តំណាង​របស់​ខ្លួន​ចូល​ជួប​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​វិបត្តិ​នៃ​​ប្រទេស​នេះ និង​ដោះលែង​ជន​ជាប់​ឃុំ​នយោបាយ​៕

​អូស្ត្រាលី ជប៉ុន​និង​កូរ៉េខាងត្បូង​ក៏​ចូលរួម​ក្នុង​ជំនួប​នេះដែរ​