ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ជា​សារ​មុន​កាលបរិច្ឆេទ​បញ្ចប់​មកដល់​លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​ប្រញាប់​រួសរាន់​ទៅពិនិត្យ​មើល​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ដើម្បី​ស្នើសុំ​កែតម្រូវ​ទិន្នន័យ ប្រសិនបើ​មាន​កំហុសឆ្គង ហើយ​ប្រជាពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ ១៨​ឆ្នាំ (​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤) ឬ​ប្រជាពលរដ្ឋ​ដែល បាន​ផ្លាស់ប្ដូរ​លំនៅឋាន ឬ​ទី​សំណាក់ ឬ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក អញ្ជើញ​ទៅ​ចុះឈ្មោះ បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ។​

​ការអំពាវនាវ​នេះ គឺ​ស្រប​ពេលដែល​ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នៅសល់​ត្រឹមតែ ៣៤​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ នឹងត្រូវ​បិទ​បញ្ចប់​។​

​ការ​រំលឹក​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស លោក ប្រាជ្ញ ចន្ទ ប្រធាន​គ​.​ជ​.​ប​. នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត នៅតាម​សង្កាត់​ចំនួន​ប្រាំ ក្នុង​រាជធានី​ភ្នំពេញ រួមមាន​៖ សង្កាត់​គោក​ឃ្លាង សង្កាត់​គ្រាំងធ្នង់ សង្កាត់​គោក​រកា សង្កាត់​បាក់​ខែង និង​សង្កាត់​ជ្រោយចង្វារ​នៅ​ថ្ងៃទី​២៧ ខែតុលា ដែលជា​ថ្ងៃទី​១៦ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១​។​

​ការចុះពិនិត្យ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​របស់​ប្រធាន គ​.​ជ​.​ប ធ្វើឡើង​ក្នុង​គោលបំណង​ល្វ​ង​យល់​ពី​ស្ថានភាព​ជាក់ស្តែង ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ក្នុង​ដំណើរការ​ពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ ដែល​ក្រុម​ចុះឈ្មោះ​បោះឆ្នោត និង​ក្រុមប្រឹក្សាឃុំ សង្កាត់ បាន​ជួបប្រទះ (​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​មក​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​)​។​

​នាឱកាស​នោះដែរ​លោក​ប្រធាន គ​.​ជ​.​ប បានធ្វើ​ការណែនាំ​ដល់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត និង​ក្រុម ប្រឹក្សា​ឃុំ​សង្កាត់ ថា ក​.​ច​.​ប និង កប​ឃស ជា​តំណាង​របស់ គ​.​ជ​.​ប ក្នុងការ​អនុវត្ត​ការងារ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ដូច្នេះ​ត្រូវមាន​ឆន្ទៈ​មោះមុត​ក្នុងការ​អនុវត្ត​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ បទបញ្ជា នីតិវិធី និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​របស់ គ​.​ជ​.​ប ធ្វើយ៉ាងណា​ឱ្យ​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២១ នេះ ប្រព្រឹត្ត​ទៅដោយ​រលូន មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អ ធានាបាន​នូវ​បញ្ជី​បោះឆ្នោត​ដែលមាន​ភាពត្រឹមត្រូវ ពេញលេញ និង​មាន​បច្ចុប្បន្នភាព​៕​សរន​