ដោយ:ម៉េង​ឆៃ / ភ្នំពេញ​: អំឡុងពេល​ពិនិត្យ​ស្ថានភាព និង​ដឹកនាំ​បញ្ជា​ទប់​ទំនប់​ទឹកស្ទឹង​ព្រែក​ត្នោត កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២១ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អមដំណើរ​ដោយ​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួមទាំង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​ជិះ​ម៉ូតូ​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នោត ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នោះទេ​។​

​រូបភាព​ទាំងនេះ ត្រូវបាន​មតិ​មួយចំនួន រិះគន់ ដោយ​ថា ជា​ថ្នាក់ដឹកនាំ តែ​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​។

​ការរិះគន់​លោក ឃួ​ង ស្រេង ក៏ដូចជា​ស្នងការ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ សមត្ថកិច្ច​មួយចំនួន​ទៀត ដែល​មិនបាន​ពាក់មួក​សុវត្ថិភាព ពេល​បើកបរ​ម៉ូតូ និង​ជិះ​ម៉ូតូ ក្នុងពេល​ដឹកនាំ​បញ្ជា និង​អន្តរាគមន៍​លើ​ការ​ទប់​ទំនប់​ស្ទឹង​ព្រែក​ត្នោត ត្រូវបាន​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លើកឡើងថា តាមពិតទៅ លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​យក​មួកសុវត្ថិភាព មក​ពាក់​ដែរ ប៉ុន្តែ​ដោយ​កញ្ចក់​មួកសុវត្ថិភាព​ស្រអាប់​ពេកពិបាក​មើលផ្លូវ​។ ម្យ៉ាងទៀត ដោយ​មានការ​បន្ទាន់ ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹកជំនន់ ដើម្បី​រក​ដំណោះស្រាយ​ជួយ​ប្រជាជន ទើប​អភិបាល​រាជធានី​ភ្នំពេញ បើក​ម៉ូតូ​ទៅ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​។

​ប៉ុន្តែ​ទោះជា​យ៉ាងណាក្ដី លោក​អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង ទទួលយក​នូវ​មតិ​រិះគន់ ដើម្បី​ស្ថាបនា ក្នុងករណី​លោក មិនបាន​ពាក់មួក​សុវត្ថិភាព ពេល​បើកបរ​ម៉ូតូ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា លោក​អភិបាល ឃួ​ង ស្រេង បាន​ចូលខ្លួន ទៅឱ្យមន្ត្រី​ប៉ូលិសចរាច​រណ៍ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​ផាកពិន័យ​រូបលោកតាមច្បាប់ ចំពោះ​កំហុសឆ្គង​ជា​អ​ចេតនា​នេះ​។

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ក៏បាន​ចូលខ្លួន ទៅ​ទទួល​ការផាកពិន័យ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោដែរ ព្រោះ​លោក ក៏បាន​ជិះ​ម៉ូតូ មិនបាន​ពាក់មួក​សុវត្ថិភាព នៅពេល​កំពុង​ចុះ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​តាម​សណ្ត​ស្ទឹង​ព្រែក​ត្នា​ត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលាស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា លោកស្នងការ មិនបាន​ពាក់​ពួក​សុវត្ថិភាពនៅពេលនោះ ព្រោះថា ទីតាំង​នោះ ជាទី​តាំង ដែល​កំពុង​រងគ្រោះ ដោយ​ទឹកជំនន់ ជាទី​តាំង​កំពុង​ប្រឈម​នឹង​ហានិភ័យ ជាទី​តាំង​ដែល​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព កំពុងតែ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ សហការគ្នា​ទប់ស្កាត់ និង​បញ្ជៀ​ស​ទឹកជំនន់ ជាពិសេស ជាទី​តាំង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បិទ​ហាម​មិនឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​តំបន់​នោះឡើយ​។​

​យ៉ាងណាមិញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា លោក ឃួ​ង ស្រេង អភិបាល​រា​ធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួមទាំង​មន្ត្រីប៉ូលិស និង​អាជ្ញាធរ​ផ្សេងទៀត ដែល​បើកបរ​មិន​ពាក់មួក​សុវត្ថិភាព បាន​ទៅ​បង់ប្រាក់​ផាកពិន័យ តាមច្បាប់​ចរាចរណ៍​ផ្លូវគោក ទាក់ទង​ទៅនឹង​ការបើកបរ និង​ការរួម​ដំណើរ​តាម​ម៉ូតូ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព នៅពេលដែល​ថ្នាក់ដឹកនាំ ចុះ​ពិនិត្យ និង​លើកទឹកចិត្ត​កងកម្លាំង ក៏ដូចជា​ការត្រួតពិនិត្យ​ស្ថានភាព​គ្រោះទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ទឹកដី​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ការផាកពិន័យ​លើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព​នេះ គឺ​លោក ឃួ​ង ស្រេង ក៏ដូចជា លោកឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ត្រូវ​បង់ប្រាក់​ផាកពិន័យ​ចំនួនប្រាំមួយ​ម៉ឺន​រៀល ព្រោះ​បាន​ប្រព្រឹត្តល្មើស មាត្រា ៦ នៃ​អនុក្រឹត្យ​លេខ ៣៩ ចុះ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១ និយាយ​ពី​ការបើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​។​

​យ៉ាងណាក៏ដោយ ក៏មាន​លើកឡើងថា ការរិះគន់​លើ​អភិបាល​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រួមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នេះ ត្រូវបាន​មហាជន​មួយចំនួនចាត់ទុកថា អស់លោក​ដែល​ពូកែ​ខាង​រិះគន់ និង​ចាប់កំហុស ត្រូវតែ​មើល​ពី​ការលំបាក​របស់​ថ្នាក់ដឹកនាំ​ផង​។ ករណី​នោះ ក៏​មិនមែន​ជិះ​ម៉ូតូ​ដើរលេង​កំ​ម្សា​ន្ត​នោះទេ​។ អ្នកខ្លះចាត់ទុក ថា នៅ​ស្រុក​យើង សម្បូរ​អ្នក​រិះគន់​បែបនេះ គឺ​ឃើញ​ល្អ​មិន​សរសើរ តែ​ឃើញ​ខុសជាន់ពន្លិច​។​

​ក៏ប៉ុន្តែ​ករណី​ថ្នាក់ដឹកនាំ​ធ្វើ​ខុស​ដោយ​អ​ចេតនា ហើយ​បាន​ស្ម័គ្រចិត្ត ចូល​បង់ប្រាក់​ផាកពិន័យ​នេះ បញ្ជាក់​ព​ការទទួល ខុសត្រូវ និង​ការអនុវត្ត​ច្បាប់​ស្មើភាព​គ្នា មិន​ថា ជា​ថ្នាក់ដឹកនាំ និង​មិន​ថា​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​ប៉ុន្មាន​នោះទេ គឺ​ធ្វើ​ខុសច្បាប់ ត្រូវតែ​ទទួលខុសត្រូវ និង​បង់ប្រាក់​ពិន័យ​ដូច​ប្រជាជន​ធម្មតា​ដែរ​។​

​ករណី​អភិបាល​រាជធានី​ភ្នំពេញ និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព​នេះ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​អញ្ជើញ​ទៅសួរសុខទុក្ខ​កម្មករ​រោងចក្រ​កាត់ដេរ នៅ​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន នៅតាម​ផ្លូវ បាន​ចុះសួរសុខទុក្ខ​អ្នករត់ម៉ូតូឌុប​ម្នាក់ ហើយ​សម្តេច បាន​ជិះ​ម៉ូតូ​នោះ ឌុប​គាត់ និង​អ្នករត់​ឌុប​នោះ ក៏​ឌុប​សម្តេច​វិញ ដែលមាន​ចម្ងាយ​ប្រហែល ២៥០ ម៉ែត្រ ដោយ​មិនមាន​គ្រោងទុកជាមុន​ទេ​។​

​កាលណោះ សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា សម្តេច​សប្បាយ​ពេក ពេល​បាន​ជួប​អ្នករត់ម៉ូតូឌុប តាមផ្លូវ​។ បន្ទាប់ពី​ជិះ​ម៉ូតូឌុប​រួច សម្តេច បាន​ឧបត្ថម្ភមួយពាន់​ដុល្លារ ដល់​ម្ចាស់​ម៉ូតូ​។​

​ក៏ប៉ុន្តែ​រូបភាព​ផ្សព្វផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ក៏មាន​អ្នក​ចូល Comment រិះគន់​សម្តេច និង​អ្នករត់ម៉ូតូឌុប ដែល​មិនបាន​ពាក់មួក​សុវត្ថិភាពពេល​ជិះ​ម៉ូតូ​នោះ​។ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ បងប្អូន ដែល​បាន Comment ចំពោះ​ការមិន​ពាក់មួក​សុវត្ថិភាព គឺ​សម្តេច លើកឡើងថា ពិតប្រាកដ​ណាស់ ប្រសិនបើ​យើង​បើកបរ​ទៅកាន់​ទីជិត​ឆ្ងាយ គឺ​ត្រូវ​ពាក់​មួយ​សុវត្ថិភាព​ជាប់​ជានិច្ច ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​។

​នៅពេល​ត្រឡប់​មកពី​ខេត្តកោះកុង មកដល់​ផ្ទះ​នៅ​ភ្នំពេញ​វិញ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០១៦ សម្តេច​បាន​អញ្ជើញ​ទៅ​បង់​ការផាកពិន័យ នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ចតុមុខ រាជធានី​ភ្នំពេញ ចំពោះ​ការ​ជិះ​ម៉ូតូ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នោះ​។​

​ការចូល​ខ្លួន​បង់ពិន័យ លើ​ការមិន​គោរព​ច្បាប់​នេះ ត្រូវបាន​សម្តេច​តេ​ជោ បញ្ជាក់ថា មនុស្ស​ទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា មិន​ថា​តូច ឬក៏​ធំ អ្នកមាន ឬ​អ្នកក្រ ឲ្យ​តែ​ប្រព្រឹត្ត​ខុស​ទៅនឹង​ច្បាប់ គឺ​ត្រូវតែ​ផាកពិន័យ ឬក៏​មានទោស​ទណ្ឌ​ដូចៗ​គ្នា ចំពោះមុខ​ច្បាប់​។

​ដូច្នេះ​សូមកុំ​ភ្លេច​ឱ្យសោះ​នូវ​ពាក្យ​ថា «​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។ ការពារ​ជីវិត​អ្នក សូម​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា​។ ការអនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ចូលរួម​អនុវត្ត​ទាំងអស់គ្នា នោះ​យើង​ការពារ​ជីវិត​ខ្លួនឯង អ្នកដទៃ និង​ធ្វើអោយ​ប្រទេសជាតិ រួមទាំង​បងប្អូន​ជនរួមជាតិ ជៀស​ឆ្ងាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។ គ្រោះថ្នាក់​ចរាចរណ៍ ដែល​ភាគច្រើន កើត​ឡើងលើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មួយចំនួន មិន​ពាក់មួក​សុវត្ថិភាព​៕​សរន