ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: អាជ្ញាធរ​ខណ្ឌដង្កោ នៅ​ព្រលប់​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ​បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​ផ្អាក​ការធ្វើដំណើរ​ជា​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវ​លេខ​២១៧​ជាពិសេស​ត្រង់ចំណុច​ភ្លើងស្តុប​ស្ពាន​បា​គូ​ដោយសារតែ​ទឹក​កំពុង​ហូរ​កាត់​ផ្លូវ​យ៉ាងខ្លាំង​ដែល​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ប្រសិន​បើក​បន្តធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​។​​អាជ្ញាធរ​ក៏​សូម​អំពាវនាវ និង​ហាមឃាត់​រថយន្ត​ធន់​ធ្ងន់​កុំ​ឲ្យ​ធ្វើដំណើរ​តាម​កំណាត់​ផ្លូវ​នេះ​ផងដែរ ដើម្បី​ចៀសវាង​ការខូចខាត​ផ្លូវ​នៅពេល​មានទឹក​កំពុង​ហូរ​កាត់​នេះ​។​

​លោក​ម៉ុក ពុទ្ធា នាយក​រដ្ឋបាល​ខណ្ឌដង្កោ ដែល​កំពុង​ឈរជើង​នៅ​គោលដៅ​ស្តុ​ប​ស្ពាន​បា​គូ បាន​បញ្ជាក់ថា នៅ​ម៉ោង​នេះ​ស្ថានភាព​ចរាចរណ៍ កំពុង​កក​ស្ទុះ​យ៉ាងខ្លាំង ហើយ​ទឹក​ក៏​កំពុង​ហូរ​កាត់​ផ្លូវ​យ៉ាងខ្លាំង​ផងដែរ ដូច្នេះ​លោក​សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ផ្អាក​ធ្វើដំណើរ​ឆ្លងកាត់​ទីនេះ​ជា​បណ្តោះអាសន្ន ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ផ្សេងៗ​ជាយថាហេតុ​។​

​លោកនាយក​រដ្ឋ​បាលប​ន្ត​ថា​៖​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​នាក់ កំពុង​ជួយ​អន្តរាគមន៍ និង​ជួយ​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​ដោយសារតែ​ទឹក​ហូរ​កាត់​ផ្លូវ​៕srn​