ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញនិងជាក្រុមការងារចុះជួយ សង្កាត់ដង្កោសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់ដង្កោនៅរសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២១នេះ បាននាំយក មី និង ថវិកាមួយចំនួនទៅចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រោះទឹកជំនន់ ចំនួន ៤២គ្រួសារ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

នាឱកាសនោះលោកស្រី កាន់ រតនៈឧប្បល បានរំលឹកប្រជាពលរដ្ឋឲ្យប្រកាន់ភ្ជាប់នូវអនាម័យ និង៣កុំ៣ការពារ ដើម្បី បង្ការការពារពីជំងឺកូវីដ១៩ ជាពិសេសត្រូវពាក់ម៉ាស និងលាងដៃជាមួយអាកុលឲ្យបានជាប់ជាប្រចាំឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថាយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធន ធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុ អាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរាជធានីខេត្តចំនួន១៤របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង និងលាយឡំដោយខ្យល់កន្ត្រាក់ រួមមាន៖
១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ( ព្រៃវែង , ស្វាយរៀង , កណ្តាល , តាកែវ , កំពង់ស្ពឺ, កំពង់ឆ្នាំង , ពោធិ៍សាត់ និងរាជធានីភ្នំពេញ ) ។២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន(មណ្ឌលគីរី , ត្បូងឃ្មុំ និងកំពង់ចាម )និង ៣.តំបន់មាត់សមុទ្រ(ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ) ។ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតុធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕សរន